ក្រសួង​មហាផ្ទៃ​​ដាក់​វិធាន​ការ​ផាក​ពិន័យ​ចំពោះ​​បុគ្គល​ណា​ចោល​សម្រាម​នៅ​ទី​សាធារណៈ

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឲ្យ​ប្រជាពលរដ្ឋ រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន អនុវត្ត​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សម្រាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន ឲ្យ​បាន​គ្រប់​ៗ​គ្រប់​គ្នា ដើម្បី​រួម​គ្នា​ថែរក្សា​សម្អាត​បរិស្ថាន នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ ។

នៅ​ក្នុង​អនុក្រឹត្យ​នោះ បាន​កំណត់​ថា សម្រាប់​បុគ្គល​ដែល​មិន​គោរព​ការ​វែកញែក វេច​ខ្ចប់​សម្រាម បែងចែក​សម្រាម ដាក់​ទុក​សម្រាម​តាម​ដងផ្លូវ មិន​សម​ស្រប​តាម​ពេលវេលា​ដែល​បាន​កំណត់ ការ​បោះចោល​សម្រាម​តាម​ទី​សាធារណៈ ដងផ្លូវ​ការ​ដុត​សម្រាម​នៅ​ទីប្រជុំជន​សាធារណៈ មិន​បាន​ត្រឹមត្រូវ​ ម្ចាស់​អ្នកគ្រប់គ្រង​ផ្សារ ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស​ជាដើម ដែល​មិន​រៀបចំ​មាន​ធុងសម្រាម​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយ​មាន​លាយ ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ នឹង​ត្រូវ​ទទួល​បានការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល​ទៅ​តាម​ប្រភេទ​សម្រាម​ ។

ក្នុង​ករណី​បុគ្គល​បង់ប្រាក់ ពិន័យ​មិន​តាម​ពេលវេលា​កំណត់ ការ​ពន័យ​នឹង​ត្រូវ​បង់​ពិន័យ​កើន​ចំនួន​ពី​២​ដង ទៅ​៣​ដង ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​៩០​ថ្ងៃ អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ទៅ​តុលាការ ៕