ស្រឡាញ់​ភេទ​ដូចគ្នា​ពិបាក​ឆ្លងកាត់​សម្ពាធ​គ្រួសារ និង សង្គម​

Sanofi

​ពួកយើង​នៅក្បែរ​គ្នា ស្រឡាញ់គ្នា​ដូច​ប្រុស និង ស្រី ក្រោម​ស្លាក មិត្តភក្តិ ហើយ​ដើម្បី​កុំ​ឱ្យគេ​សង្ស័យ នាង​ខ្ញុំ​នៅតែ​ធ្វើ​ជាមាន​ទំនាក់ទំនង ស្នេហា​ជាមួយ​ពួក​បុរស ប៉ុន្តែ​ពេលខ្លះ​នាង និង នាង​ខ្ញុំ​ចង់តែ​នាំគ្នា​រត់​ទៅឱ្យ ឆ្ងាយ​ដើម្បី​កសាង​សុភមង្គល​ជាមួយគ្នា ។​ ​ឆ្នាំនេះ​នាង​ខ្ញុំ​មាន​អាយុ ២២ ឆ្នាំ ហើយ​តាំងតែ​ពី​តូច​នាង​ខ្ញុំ​ដឹង​ខ្លួនឯង ថា​ហាក់​មាន​ភាព​ខ្លាំងក្លា និង តែង​ចូលចិត្ត​លេងល្បែង​របស់​ក្មេងប្រុស ។

ចាប់តាំងពី​ឈានដល់​វ័យ​ជំទង់​រហូតដល់​មកដល់​ពេលនេះ នាង​ខ្ញុំ​យល់​កាន់ តែ​ច្បាស់​ថា ខ្លួនឯង​លែងមាន​អារម្មណ៍​ចង់​ស្និទ្ធស្នាល​ជាមួយ​ពួក​ប្រុសៗ ប៉ុន្តែ​បែរជា​មាន​មនោសញ្ចេតនា និង ស្រឡាញ់​តែ​មិត្តភក្តិ​ស្រីៗ​ដែល​នៅក្បែរ​ខ្លួន ។ បើទោះជា​ដឹងថា​ខ្លួន​មិនមាន​ចិត្ត​ស្រឡាញ់​បុរស ប៉ុន្តែ​ដោយសារតែ​កេរ្តិ៍ឈ្មោះ និង កិត្តិយស នាង​ខ្ញុំ​ក៏​បង្ខំចិត្ត​ស្រឡាញ់​បុរស​ដែល​បាន​មកសុំ​ស្នេហ៍ ថ្វីបើ​បេះដូង​មិន​ខ្ចី​មាន​ភាព​ញ្ញាប់​ញ្ញ័រ​ពេល​នៅក្បែរ​បុរស​ក្តី ។​

ទន្ទឹមនឹង​គ្នា​នេះ នាង​ខ្ញុំ​មិនដឹងថា​វា​ជា​សំណាងល្អ ឬ មួយ​ក៏​ជា​សំណាង អាក្រក់​នោះទេ បន្ទាប់ពី​នាង​ខ្ញុំ​បាន​ជួប​នារី​ម្នាក់​ដែលមាន​មារយាទ និង ចិត្តល្អ​គួរ​ជាទី​ពេញចិត្ត ។ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា ស្រឡាញ់​នារី​ម្នាក់នេះ ហើយ ក្រោយមក​ក៏​បង្ហាញ​អារម្មណ៍​ពិត​របស់ខ្លួន​ដែលមាន​ចំពោះ​នាង ។ ផ្ទុយ​ពី​ការ​ស្មាន​នារី​ម្នាក់នេះ​ក៏​ឆ្លើយតប​នឹង​មនោសញ្ចេតនា​របស់​នាង​ខ្ញុំ​ដោយ​ក្តី​រីករាយ​ប្រការនេះ​ធ្វើឱ្យ​រូបនាង​ខ្ញុំ​កាន់តែ​មានសង្ឃឹម​ក្នុង​ឆាកជីវិត ។

យើង​ទាំងពីរ​ស្រឡាញ់គ្នា និង នៅ​ជាមួយគ្នា​ក្រោម​ស្លាក​មិត្តភក្តិ ហើយ​ដើម្បី​ធានាថា​មិនមាន​ការសង្ស័យ​ពី​អ្នកដទៃ នាង​ខ្ញុំ​នៅតែ​ទទួល​ការ​ណាត់ជួប និង រាប់អាន​ពួក​បុរសៗ ។ ពេលនេះ​ស្នេហា​លាក់បាំង​របស់​យើង​បាន​ឈានដល់​កម្រិត​កំពូល ហើយ​សម្រេច​នៅ​ជាមួយគ្នា​ដូច​គូ​ស្នេហា​បុរស និង នារី ដទៃ ក៏ប៉ុន្តែ​មិនដឹងថា​ត្រូវធ្វើ​បែបណា​នៅពេល​មានគ្រួសារ​ជា​រនាំង​ដ៏​ក្រាស់​រារាំង​មនោសញ្ចេតនា​របស់​យើង​ទាំងពីរ ។​នារី​ក្នុង​បេះដូង​របស់​នាង​ខ្ញុំ​នាង​កំព្រា​ឪពុក មានតែ​ម្តាយ និង ប្អូន​ពីរ​នាក់​កំពុង​នៅ​សិក្សា ។

ចំណែក​ខាង​គ្រួសារ​នាង​ខ្ញុំ​វិញ​ជា​ត្រកូល​មាន​កម្រិតជីវភាព​ល្អ​គួរសម ហើយ​ឪពុកម្តាយ​សុទ្ធតែជា​អ្នកមាន​មុខមាត់ ដូច្នេះ​ប្រសិន​នាង​ខ្ញុំ​បង្ហាញ​អំពី​ទំនាក់ទំនង​ស្នេហា​ខុស​ប្រក្រតី​បែបនេះ មិនដឹងថា​នឹងមាន​រឿង​អ្វីខ្លះ​កើតឡើង ប៉ុន្តែ​យើង​ទាំងពីរ​ពិតជា​មិនអាច​ចាកចោល​គ្នា​បានទេ ។ ពេលខ្លះ​យើង​ចង់​នាំគ្នា​រត់​ទៅឱ្យ​ឆ្ងាយ ប៉ុន្តែ​ជីវិត​របស់​យើង​ទាំងពីរ​នឹង​ទៅជា​យ៉ាងណា​ប្រសិន​ចាក​ចេញពី​ឪពុកម្តាយ​ជាទីគោរព​ស្រឡាញ់ ? តើ​សម្រេច ចិត្ត​បែបណា ?

​ចំពោះ​អ្នកមាន​វិបត្តិ​

​ជាទូទៅ​គូ​ស្នេហា​វ័យក្មេង​ដែល​កំពុងតែ​ស្រឡាញ់គ្នា​ប្តូរផ្តាច់ នៅពេល ដឹង​ច្បាស់​ថា ទំនាក់ទំនង​របស់​ពួកគេ​នឹង​ត្រូវបាន​រារាំង ហើយ​ពេលខ្លះ ដោយសារតែ​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់ ឬ មិនបាន​ទទួល​យោបល់​ត្រឹមត្រូវ​ពី​អ្នក​ដែលមាន​បទពិសោធ ពួកគេ​អាច​នឹងធ្វើ​រឿង​តូច​ឱ្យទៅ​ជាធំ និង បង្កបញ្ហា​ច្រើន​ដល់​អ្នកផ្ទះ​ក៏ដូចជា​ខ្លួនឯង ។​ នៅក្នុង​លោក​នេះ​បញ្ហា​គ្រប់យ៉ាង​សុទ្ធសឹង​តែមាន​ដំណោះស្រាយ អាស្រ័យទៅលើ​បញ្ញា​ផ្ទាល់ខ្លួន ដូចជា ប្រើ​វិធីសាស្ត្រ​សមស្រប ប្រើប្រាស់ ពេលវេលា​ត្រឹមត្រូវ​កសាង​ឯករាជ្យ​ជា​មូលដ្ឋាន កសាង​ឥទ្ធិពល ។​ល​។

ក្នុងករណី​របស់​នាង​ក៏​មិន​ខុសគ្នា​ទៅនឹង​ករណី​មនុស្ស​ផ្ទុយ​ភេទ​ដែរ​ពោល គឺ ត្រូវ​ជម្នះ​ឧបសគ្គ​ដូច​តែ​គ្នា ។ តាម​យោបល់​របស់​«ប្រជាប្រិយ​» ដំបូង​នាង​កុំអាល​បញ្ចេញ​សកម្មភាព​ឱ្យ​អ្នកដទៃ​ដឹង ពិសេស​គឺ​ឪពុកម្តាយ និង បងប្អូន ប៉ុន្តែ​ត្រូវធ្វើ​តាមបែប «​សន្សឹមៗ​កុំ​បំបោល​» ។ ចូរ​ចំណាយពេល​យកចិត្តទុកដាក់​ជួយ​ឪពុកម្តាយ​បងប្អូន​ក្នុង​គ្រួសារ​របស់​នាង​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ស្វែងរក ការគាំទ្រ​ពី​ពួកគេ​នៅពេល​អនាគត ។ ទន្ទឹមនឹងនេះ​នាង​ត្រូវបង្កើត​មូលដ្ឋាន គ្រឹះ​រឹងមាំ​សម្រាប់​ខ្លួន​ទាក់ទិន​នឹង​ចំណេះដឹង​សមត្ថភាព​រកប្រាក់ អាចជួយ ខ្លួនឯង និង អ្នកដទៃ ដើម្បី​កសាង​ឯករាជ្យ សេរីភាព និង ឥទ្ធិពល ។

ក្នុងអំឡុងពេល​កសាង​មូលដ្ឋានគ្រឹះ​ខាងលើ ចូរ​នាំ​មិត្តស្រី​របស់​នាង​មកលេង​ផ្ទះ​ឱ្យបាន​ញឹកញាប់ ប្រយោជន៍​ទាក់ទាញ​មនោសញ្ចេតនា​ពី​ក្រុម គ្រួសារ ពិសេស​គឺ​ឪពុកម្តាយ​របស់​នាង ។ បន្ទាប់ពី​ដឹងថា​ឪពុកម្តាយ និង បងប្អូន​រាប់អាន​ចូលចិត្ត​អាណិត​ស្រឡាញ់​ចំពោះ​មិត្តស្រី​របស់​នាង​ដោយសារតែ​ភាព​ទាក់ទាញ​តាមរយៈ​ទង្វើ​ល្អៗ និង ភាពទន់ភ្លន់ ពេលនោះ​ចូរ​ចាប់ផ្តើម​បញ្ជ្រាប​បន្តិច​ម្តងៗ​នូវ​បណ្តា​ព័ត៌មាន​ទាក់ទិន​នឹង​រឿង​ស្នេហា​របស់​មនុស្ស ភេទ​ដូចគ្នា​ដល់​សមាជិក​ក្នុង​គ្រួសារ និង រង់ចាំ​មើល​ប្រតិកម្ម​របស់​អ្នក​ទាំង នោះ ប៉ុន្តែ​ប្រការនេះ​ត្រូវធ្វើ​ឱ្យបាន​ស៊ីជម្រៅ និង ប្រើពេល​យូរ​ដើម្បី​ធានាថា ពួកគាត់​ពិតជា​មាន​អធ្យាស្រ័យ​ខ្ពស់​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ។​

នៅពេល​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រកប្រាក់ និង សន្សំ​ប្រា​ក់បាន​ច្រើន​រួមជាមួយ​មាន​ឥទ្ធិពល​ក្នុង​គ្រួសារ ភាពម្ចាស់ការ​ជាដើម ពេលនោះ ហើយ​គឺជា​វេលា​ល្អ​សម្រាប់​នាង​ក្នុងការ​បង្ហើប​ពី​ភាព​ពិត​របស់ខ្លួន​តាមរយៈ​សកម្មភាព​បែប​«​សន្សំ​ពិន្ទុ​» ក្នុងនោះ​ត្រូវ​បង្ហាញថា​ខ្លួន​នាង​ផ្ទាល់ ពិត​មានការ សប្បាយរីករាយ​មាន​សុភមង្គល​ចំពោះ​អ្វីដែល​កំពុង​កើតមានឡើង ។

ប្រសិនបើ​នាង​ធ្វើបាន​ដូច ឬ​បានល្អ​ជាង​ការរៀបរាប់​របស់​«​ប្រជាប្រិយ​» ខាងលើ​ពេលនោះ​ជឿជាក់ថា អ្វីៗ​នឹង​ប្រែ​ក្លាយទៅជា​រឿង​ដ៏​ងាយស្រួល សាមញ ហើយ​ប្រាកដជា​ទទួលជោគជ័យ ដោយ​ទទួល​ការ​អធ្យាស្រ័យ ការគាំទ្រ​ពី​ឪពុកម្តាយ និង បងប្អូន​របស់​នាង​ជាមិនខាន ។ ផ្ទុយទៅវិញ បើ​សម្រេចចិត្ត​រត់តាម​គ្នា ពេលនោះ​នឹងមាន​បញ្ហា​ជាច្រើន​កើតមានឡើង ដូចជា​ធ្វើឱ្យ​ឪពុក ម្តាយ បងប្អូនមានការ​ព្រួយបារម្ភ ឬ​ខឹង បន្ទាប់ពី​ដឹង​ការពិត ៕

 

Related