បារាំង​ទម្លាក់​គ្រាប់​បែក វាយ​បក​លើ​បញ្ជាការដ្ឋាន ISIS នៅស៊ីរី

យន្ដហោះប្រម៉ាញ់លើអាកាស របស់បារាំង ១០គ្រឿង បានចេញធ្វើប្រតិបត្តិការវាយបក ដោយ​ទម្លាក់​គ្រាប់​បែក ប្រមាណ​ជា២០​គ្រាប់ ទៅ​លើ​បញ្ជាការ​ដ្ឋាន នៃ​ក្រុម​រដ្ឋអ៊ីស្លាម ក្នុងក្រុង រ៉ាកា (Raqa) ភាគខាងជើង នៃប្រទេសស៊ីរី កាល​ពី​យប់​ថ្ងៃ​អាទិត្យនេះ។ ការវាយបក ដែលជាចម្លើយ​របស់​បារាំង ទៅនឹងអំពើ​ភេរវកម្ម​នៅ​រដ្ឋធានី​ប៉ារីស កាល​ពី​យប់​ថ្ងៃ​សុក្រ​មុន​នេះ បាន​កំទេច​ចោល នូវ​ទីបញ្ជាការ​ធំ និង​កន្លែង​ហ្វឹកហាត់ របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។ នេះ​បើ​តាម​ការ​អះអាង​ឲ្យដឹង របស់​ក្រសួង​ការពារ​ជាតិ​បារាំង។
បារាំង​ទម្លាក់​គ្រាប់​បែក វាយ​បក​លើ​បញ្ជាការដ្ឋាន ISIS នៅស៊ីរី
យន្ដហោះប្រម៉ាញ់លើអាកាសបារាំង ហោះចេញពីនាវាផ្ទុកយន្ដហោះ Charles De Gaule ដែលស្ថិតនៅលើទីតាំងមួយ ក្បែរនឹងប្រទេសស៊ីរី។ (រូបថតឯកសារ)

យន្ដហោះប្រម៉ាញ់លើអាកាស របស់បារាំង ១០គ្រឿង បានចេញធ្វើប្រតិបត្តិការវាយបក ដោយទម្លាក់​គ្រាប់​បែក ប្រមាណជា២០គ្រាប់ ទៅលើបញ្ជាការដ្ឋាន នៃក្រុមរដ្ឋអ៊ីស្លាម ក្នុងក្រុង រ៉ាកា (Raqa) ភាគខាងជើង នៃ​ប្រទេស​ស៊ីរី កាលពីថ្ងៃយប់អាទិត្យនេះ។ ការវាយបក ដែលជាចម្លើយរបស់បារាំង ទៅនឹង​អំពើភេរវកម្មនៅ​រដ្ឋធានី​ប៉ារីស កាលពីថ្ងៃសុក្រមុននេះ បានកំទេចចោល នូវទីបញ្ជាការធំ និងកន្លែងហ្វឹកហាត់ របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។ នេះបើតាមការអះអាងឲ្យដឹង របស់ក្រសួងការពារជាតិបារាំង។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយក្រសួងការពារជាតិបារាំង បានឲ្យដឹងថា៖ «ចំណុច​សំខាន់​ទីមួយ ដែលត្រូវបានកំទេចនោះ ត្រូវបានប្រើប្រាស់ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជាទីបញ្ជាការធំ ដែលជាកន្លែង ស្វែងរកយុទ្ធជន​ស្ម័គ្រ​ប្រយុទ្ធ របស់ព្រះអាឡាហ៍ថ្មីៗ និងជាកន្លែងផ្ទុកអាវុធ និងគ្រាប់។ រីឯចំណុចសំខាន់ទីពីរ ដែល​ត្រូវ​បាន​កំទេច​ដែរ​នោះ ជាមូលដ្ឋានហ្វឹកហាត់ភេរវជន របស់អង្គការភេរវកម្មមួយនេះ។»

កិច្ចសហការ ជាមួយកងកម្លាំងអាមេរិក

យន្ដហោះដែលចេញប្រតិបត្តិការ មានចំនួន១២គ្រឿ ក្នុងនោះយន្ដហោះប្រម៉ាញ់​លើអាកាស មានចំនួន​១០​គ្រឿង ត្រូវបានបញ្ជូនចេញ ទៅធ្វើសកម្មភាព ពីក្នុងមូលដ្ឋានយោធារបស់បារាំង នៅក្នុងប្រទេស អារ៉ាប់រួម និងនៅក្នុងប្រទេស ហ្សកដានី ហើយបានទម្លាក់គ្រាប់បែក ចំនួន២០គ្រាប់។ ក្រសួងការពារជាតិបារាំង បាន​បញ្ជាក់ទៀតថា៖ «មានគម្រោងវាយលុក ទៅលើមូលដ្ឋានទាំងនេះ ដែលត្រូវបានស្គាល់ជាមុន ដោយផ្នែក​ចារកម្ម របស់បារាំងនោះ ប្រតិបត្តិការសិកនេះ ត្រូវបានរៀបចំឡើង ដោយមានកិច្ចសហការ ជាមួយកង​កម្លាំង​របស់អាមេរិក»។

ភេរវកម្មដ៏រង្គាល

នេះជាសកម្មភាពលើកដំបូង របស់បារាំង ដែលបានធ្វើការវាយបក ទៅលើក្រុមរដ្ឋអ៊ីស្លាម ដែលមាន​មូលដ្ឋាន​ក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ បន្ទាប់ពីការវាយប្រហារភេរវកម្ម កណ្ដាលរដ្ឋធានីប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ដែលធ្វើឲ្យមនុស្សស្លាប់ ១២៩នាក់ និងរបួស៣៥២នាក់។ អំពើភេរវកម្មដ៏រង្គាលនេះ ត្រូវបានប្រកាស​ទទួល​ស្គាល់ នៅព្រឹកថ្ងៃស្អែកឡើង ដោយក្រុមរដ្ឋអ៊ីស្លាម ដោយបានអះអាងថា ពួកគេគឺជាអ្នករៀបចំ​ការ​វាយ​ប្រហារ​នេះ ដើម្បីជាប្រតិកម្ម ទៅនឹងប្រតិបត្តិការយោធា​របស់បារាំង នាពេលកន្លងមក ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម។

សម្រាប់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័ ហូឡង់ (François Hollande) វិញ បានថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ចាត់ទុកទង្វើ​របស់ក្រុមរដ្ឋអ៊ីស្លាម ថាជាការប្រកាសសង្គ្រាម ប្រឆាំងបារាំង។ លោក ហូឡង់ បាន​ថ្លែង​ឡើង​ថា៖ «ជាសកម្មភាពប្រកាសសង្គ្រាម ដោយកងកម្លាំងភេរវជន ដែលប្រដាប់ដោយអាវុធ របស់​ក្រុម​​រដ្ឋ​អ៊ីស្លាម។ ហើយពួកនេះ នឹងរងការវាយបកវិញ ដោយគ្មានក្ដីអាណិតអាសូរ ខាងក្នុងក៏​ដូច​ជា​ខាង​ក្រៅ ពី​សំណាក់​ប្រទេសបារាំង។»៕