គម្រោង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​ ត្រូវ​បាន​លើក​ពេល​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​

​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គ្រោង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ នៅ​រាត្រី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​ ដោយ​គ្រាន់តែ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​នៅ​ស្រុក​ខ្មែរ​ក្នុង​ប្រព័ន្ធ​ច្បាប់​ដ៏​ច្របូកច្របល់​ បាន​អះអាង​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ថា​ "​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​"​ បន្ទាប់​ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ទទួល​រង​នូវ​សម្ពាធ​នៃ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចេញ​ដោយ​ស្ថាប័ន​តុលាការ​ កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​ និង​ការ​បាត់បង់​សិទ្ធិ​ បុព្វសិទ្ធិ​ ព្រមទាំង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តកំពង់ចាម​នីតិកាល​ទី​៥​ទាំងស្រុង​ តាម​សេចក្តីសម្រេច​លេខ​៦៧៧​រស​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​រដ្ឋសភា​ គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្នុង​ខណៈ​សមត្ថកិច្ច​កំពុង​ត្រៀមលក្ខណៈ​រង់ចាំ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ យក​ទៅ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​តាម​ដីកា​បង្គាប់​របស់​តុលាការ​ តាម​រយៈ​គណៈកម្មការ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រសួងមហាផ្ទៃ​យ៉ាង​ហំ​ហាន​ ។​

​អនុលោម​តាម​ស្មារតី​សេចក្តី​ប្រកាស​លេខ​៦៧៧​រស​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​រដ្ឋសភា​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ជា​ប្រធានរដ្ឋសភា​ និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​រួច​ហើយ​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ (​សមាជិក​រដ្ឋសភា​)​ បាន​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥​ (​យោង​តាម​មាត្រា​១៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ និង​មាត្រា​១៣៩​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​)​ ។​ ពោល​គឺ​ ក្នុង​ករណី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាត់បង់​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​(​តំណាងរាស្ត្រ​)​បែប​នេះ​ មាន​ន័យ​ថា​ ត្រូវ​រលាយ​អភ័យឯកសិទ្ធិ​សភា​ទៅ​ជាមួយ​គ្នា​ដែរ​ ដោយ​មិន​ឆ្លងកាត់​ការ​លើក​អភ័យឯកសិទ្ធិ​សភា​ក្នុង​សម័យប្រជុំ​រដ្ឋសភា​ឡើយ​ ។​

​ការ​បាត់បង់​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​(​តំណាងរាស្ត្រ​)​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ការ​រលាយ​អភ័យឯកសិទ្ធិ​សភា​របស់​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ គឺជា​ការ​បើកផ្លូវ​ឲ្យ​កម្លាំង​សមត្ថកិច្ច​សាធារណៈ​អាច​ធ្វើការ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​បាន​ ប្រសិនបើ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ករណី​មិន​ទទួល​បានការ​លើកលែងទោស​ដើម្បី​ទទួល​បាន​សុពលភាព​ អភ័យឯកសិទ្ធិ​ និង​បុព្វសិទ្ធិ​ឡើង​វិញ​ជា​មុន​ ៕​

គម្រោង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​ ត្រូវ​បាន​លើក​ពេល​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​ គម្រោង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​ ត្រូវ​បាន​លើក​ពេល​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​ គម្រោង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​ ត្រូវ​បាន​លើក​ពេល​ក្នុង​ស្ថានភាព​មិន​ទាន់​ច្បាស់លាស់​