គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នៅ​ស្រុក​ព្រះនេត្រព្រះ តា​កូ​ម៉ា​បុក​កាម​រី​ឆេះ​សន្ធោសន្ធៅ ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កាម​រី​ជាមួយ​រថយន្ត​តា​កូ​ម៉ា​បណ្ដាល​រថយន្ត​កាម​រី​ឆេះ​សន្ធោសន្ធៅ និង​ស្លាប់​មនុស្ស​២​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ព្រមទាំង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ខាងលិច​ស្ពាន​ព្រៃ​មាន់​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាម​សេចក្តីរាយការណ៍​ជំហាន​ដំបូង​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ប្រាប់ លោក ផ្លឹ​ង វិចិត្រ នាយ​ផ្នែក​នគរបាល​ចរាចរណ៍​ស្រុក​ព្រះនេត្រព្រះ ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ តូ​យ៉ូ​តា​ តា​កូ​ម៉ា ពណ៌​ខៀវ ជិះ​២​នាក់​ប្តី​ប្រពន្ធ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​លិចទៅ​កើត ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​នោះ​ក៏​បែក​កង់​មុខ​រេ​ចង្កូត​ទៅ​បុក​ជាមួយ​​រថយន្ត​១​គ្រឿង​ទៀត​ ម៉ាក​ តូ​យ៉ូ​តា​ កាម​រី ស៊េរី​១៩៩៣ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ដែល​កំពុង​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​កាម​រី​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្លាប់​អ្នកបើកបរ​យ៉ាង​អាណោចអាធ័ម ។ ចំណែក​រថយន្ត​តា​កូ​ម៉ា​បាន​ក្រឡាប់​សង្កត់​បុរស​ជា​ប្តី​អ្នកបើកបរ​ស្លាប់​ភ្លាម​ៗ ចំណែក​ប្រពន្ធ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ទាន់ តែ​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

រហូត​មក​ដល់​ម៉ោង​៩ និង​៣០នាទី​​យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ ។ ចំណែក​រថយន្ត​គ្រោះថ្នាក់​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព