មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​រួច​យក​សព​ទៅ​ដុ​ត​ក្នុង​ពាង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ដែល​សម្លាប់​ប្រពន្ធ​រួច​យក​សព​ទៅ​ដុត​ចោល​ក្នុង​ពាងទឹក ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ​ចាប់ខ្លួន​បាន​ហើយ​នៅ​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ បន្ទាប់​ពី​បាន​រត់គេច​ពី​រាជធានី​ភ្នំពេញ​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

សូម​បញ្ជាក់ថថា ស្ត្រី​ម្នាក់ ត្រូវ​ប្តី​កំណាច​វាយ​សម្លាប់​យក​សព​ទៅ​ដាក់​ក្នុង​ពាង​រួច​ចាក់​សាំង និង​កង់​រថយន្ត ម៉ូតូ​ដុត ព្រោះតែ​កើតរោគ​ប្រចណ្ឌ​ខឹង​ប្រពន្ធ​ចង់ទៅ​រួមរស់​ជាមួយ​បុរស​ជា​ប្តី មុន​វិញ ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ វិច្ឆិកា នៅផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ ឈ្មោះ ទឹម សោភា អាយុ​៣៤​ឆ្នាំ ចំណែក​ប្តី​ចិត្តកំណាច​ឃោរឃៅ​ជា​ជនសង្ស័យ ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លោក ម៉ក់ ហុង បាន​បន្ត​ថា បើ​តាម​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា នៅ​យប់​មុន​ពេល​កើតហេតុ​នោះ គេ​ឮ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ខាងលើ​នេះ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ក្រោយមក​ក៏​ឃើញ​បុរស​ជា​ប្តី​ដើរ​ចេញ​មក​ខាងក្រៅ ដោយ​ប្រាប់​អ្នក​ជិតខាង​ថា គេ​សម្លាប់​ប្រពន្ធ​បាត់​ទៅ​ហើយ ពេល​នោះ អ្នក​ជិតខាង​មិន​ចាប់អារម្មណ៍​ឡើយ​ដោយ​នឹក​ស្មានថា​និយាយ​លេង ។ បន្ទាប់​មក​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ដោយ​មានការ​សង្ស័យ​ដូច​ជា​ដុត​អ្វី​ម្យ៉ាង​នៅ​ក្នុង​ពាង​នៃ​បរិវេណ​ផ្ទះ នោះ ក៏​បាន​ហៅ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ព្រោះ​ខ្លាច​មាន​អគ្គិភ័យ​ឆាបឆេះ ពេល​សមត្ថកិច្ច​មក​ដល់ ប៉ុន្តែ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោ​បិទ​ជិត ដូច្នេះ​សមត្ថកិច្ច​មិន​អាច​ចូល​ទៅ​ក្នុងផ្ទះ​បាន​ទេ បាន​ត្រឹមតែ​ឃ្លាំមើល​អស់​មួយ​យប់ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ វិច្ឆិកា សមត្ថកិច្ច​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា​ដើម្បី​កាត់​សោ​ផ្ទះ​ត្រួតពិនិត្យ  ស្រាប់តែ​ឃើញ​មាន​ឆ្អឹង​មនុស្ស​នៅ​ក្នុង​ពាង​ដែល​ដុត​នោះ ៕