បើ​មានទោស ហេតុអ្វី​បាន​លោក សម រង្ស៊ី អាចធ្វើ​តំណាងរាស្ត្រ​បាន​នាពេល​កន្លងមក​?

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បើ​លោក សម រង្ស៊ី ជាប់​ឈ្មោះ​ជា​ទណ្ឌិត​មានទោស តាម​អំណាច​សាលក្រម​ស្ថាពរ​តាំងពី​ឆ្នាំ​២០១៣​មក ហេតុអ្វី​បានជា​រដ្ឋសភា គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ព្រះមហាក្សត្រ ប្រកាស​ទទួលស្គាល់​លោក សម រង្ស៊ី ធ្វើជា​តំណាងរាស្ត្រ​។​នេះ​ជាការ​លើកឡើង​របស់លោក អេង ឆៃអ៊ាង ដែល​បានស្នើ​ឲ្យ​រដ្ឋសភា​ជួយ​ពន្យល់​។ ជាការ​ឆ្លើយតប​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​បញ្ជាក់ថា ការទទួលស្គាល់​លោក សម រង្ស៊ី ជា​តំណាងរាស្ត្រ​នោះ គឺ​ដោយសារតែ​គណបក្សនយោបាយ​ទាំងពីរ​ចង់​សម្របសម្រួល​នយោបាយ ដោយ​មិន​ពាក់ព័ន្ធ​នឹង​ករណី​សំណុំរឿង​បុគ្គល​រវាង​លោក សម រង្ស៊ី និង​លោក ហោ ណាំហុង ឡើយ​។​

​មុននឹង​ចាកចេញ​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​មុនគេ​នោះ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បើសិនជា​លោក សម រង្ស៊ី បាន​ជាប់​ឈ្មោះ​ជា​ទោស​តាម​អំណាច​សាលក្រម​ស្ថាពរ​តាំងពី​ឆ្នាំ​២០១៣ មក​នោះ ចុះ​ហេតុអ្វី​បានជា គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ព្រះមហាក្សត្រ ប្រកាស​ទទួលស្គាល់​និង​ឲ្យ​លោក សម រង្ស៊ី ស្បថសច្ចា​ប្រ​ណិ​ទាន ធ្វើជា​តំណាងរាស្ត្រ​?​។​នេះ​ជា​សំនួរ​របស់លោក អេង ឆៃអ៊ាង ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា ជួយ​ពន្យល់​ពី​មូលហេតុ​។ លោក អេង ឆៃអ៊ាង ក៏បាន​និយាយ​បែប​ចំអក​នៅក្នុង​អង្គប្រជុំ​ទៀតថា ច្បាប់​គឺមាន​នៅក្នុង​សៀវភៅ ហើយ​អ្នកណា​ធ្វើ​ខុស ច្បាប់​គឺ​មិនអាច​ចេញមក​ដាក់ទោស​បានទេ​។ ប៉ុន្ដែ​អ្នកអនុវត្ត​ច្បាប់​គ្រប់រូប​ត្រូវមាន​មនសិកា សតិសម្បជញ្ញៈ និង​ហេតុផល​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បញ្ជាក់ថា​៖«​បើសិនជា សម រង្ស៊ី តាម​អំណាច​សាលដីកា​តុលាការ​តាំងពី​ឆ្នាំ​២០១៣ ចុះ​ហេតុអ្វី​ក៏​ស្ថាប័ន​ជាតិ មាន (​គ​.​ជ​.​ប​)  មាន​រដ្ឋសភា មាន​ព្រះបរមរាជវាំង ទៅ​ជួយ​អ្នកទោស​ធ្វើ​តំណាងរាស្ត្រ នេះ​យើ ង​ត្រូវតែ​គិត ព្រោះ​ធម្មតា​អ្នកទោស​គេ​មិន​ឲ្យ​ធ្វើ​តំណាងរាស្ត្រ​ទេ​»​។​លោក​បន្ថែមថា​៖«​ខ្ញុំ​បានឃើញ​អ្នកច្បាប់​គណបក្ស​ប្រជាជន គាត់​បាន​បកស្រាយ​ថា ដីកា​នេះ​ត្រឹមត្រូវ ដីកា​នេះ​អត់​ខុស​ទេ​ស្របតាម​ក្រមព្រហ្មទណ្ឌ​។ ហើយ​ខ្ញុំ​ឲ្យ​បកស្រាយ​មួយ​ជ្រុង​ទៀត សួរថា បើ​ដីកា​នេះ​ត្រឹមត្រូវ ចុះ​ហេតុអ្វី​ក៏​ឲ្យ​អ្នកទោស​ធ្វើ​តំណាងរាស្ត្រ ព្រោះ​ច្បាប់​អត់​បានទេ អ្នកទោស​អត់​ធ្វើ​បានទេ​…​។ ចុះ​នេះ​រឿង​ស្អី​ជា​កំហុស​បច្ចេកទេស ដោយ​អ​ចេតនា ឬ​ចេតនា​»​។

​សូម​ស្ដាប់​សំឡេង​លោក អេង ឆៃអ៊ាង ៖

​ឆ្លើយ​នឹង​សំណួរ​របស់លោក អេង ឆៃអ៊ាង នេះ​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឈាង វុន បាន​បញ្ជាក់ថា ការទទួលស្គាល់​លោក សម រង្ស៊ី ជា​តំណាងរាស្ត្រ​នោះ គឺ​ដោយសារតែ​គណបក្សនយោបាយ​ទាំងពីរ​ចង់​សម្របសម្រួល​នយោបាយ ដោយ​មិន​គ្រប់​ដណ្ដប់​និង​មិន​ពាក់ព័ន្ធ​លើ​ករណី​សំណុំរឿង​បុគ្គល​រវាង​លោក សម រង្ស៊ី និង​លោក ហោ ណាំហុង ឡើយ​។ លោក​បន្ថែមថា ដីកា​ចេញ​ឲ្យ​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី នេះ​គឺជា​រឿង​បុគ្គល​រវាង​លោក សម រង្ស៊ី និង​លោក ហោ ណាំហុង ដែល​ត្រូវបាន​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហោ ណាំហុង ទើបតែ​ស្នើ​ទៅ​តុលាការ​ឲ្យ​ចាប់ផ្ដើម​អនុវត្ត​ទោស​នៅពេលនេះ​។​«​ទី​១​រឿង​មែនទែន គឺ​ការសម្របសម្រួល​រវាង​គណបក្ស​និង​គណបក្ស ឲ្យ​យល់​ឲ្យ​មានការ​ឯកភាពគ្នា​មួយ ហើយ​យើង​អត់​មាន​គិត​សោះ​ពី​រឿង​វិវាទ​ឯកជន​។​នេះ​គឺជា​រឿង​នយោបាយ​បក្ស​និង​បក្ស​។ ក៏ប៉ុន្ដែ​នយោបាយ​បក្ស​នឹង​បក្ស​នេះ គ្រប់​ដណ្ដប់​ទៅលើ​ករណី​លោក ហោ ណាំហុង បានទេ គឺ​អត់​បានទេ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក ឈាង វុន​។​

​សូម​ស្ដាប់​សំឡេង​លោក ឈាង វុន ៖

​លោក ឈាង វុន បាន​អះអាងថា ករណី​ព្រះមហាក្សត្រ​លើកលែងទោស​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​សំណើ​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១៣ នោះ មិន​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​រវាង​លោក ហោ ណាំហុង ជាមួយ​លោក សម រង្ស៊ី នោះទេ ព្រោះ​លោក ហ៊ុន សែន ស្នើ​ឲ្យ​លើកលែងតែ​ករណី​ការដក​តម្រុយ​បង្គោល​ព្រំដែន ករណី​ទី ២ ពាក់ព័ន្ធ​នឹង​ការបរិហារកេរ្តិ៍​រដ្ឋាភិបាល​និង​ករណី​ប៉ុណ្ណោះ​។ លោក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​សិទ្ធិ​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​លើកលែងទោស​លោក សម រង្ស៊ី លើ​ករណី​វិវាទ​ជាមួយ​លោក ហោ ណាំហុង នោះឡើយ ប្រសិនបើ​គ្មាន​ការស្នើសុំ​ពី​សាមីខ្លួន​នោះ​។​

​ត្រង់ចំណុច​នេះ​លោក អេង ឆៃអ៊ាង យល់ថា ការលើកលែងទោស​ពី​ព្រះមហាក្សត្រ គឺ​លើកលែងទោស​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ មិនមែន​ដូចជា​ការលើកឡើង​រប​ស់លោក ឈាង វុន ដែល​បកស្រាយ​ថា លោក ហ៊ុន សែន ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ​លើកលែងទោស​២​ករណី​។ តែ ករណី​រឿង​បុគ្គល​មិនអាច​ស្នើសុំ​នោះទេ​។​

​លោក ហេង សំរិន ប្រធានរដ្ឋសភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិក​ភាពជា​សមាជិក​រដ្ឋសភា មណ្ឌល​ខេត្តកំពង់ចាម នីតិកាល​ទី​៥ ។​

​ជុំវិញ​បញ្ហា​ចាប់ខ្លួន​លោក សម រង្ស៊ី នេះ​ត្រូវបាន​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ និង​នយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា អ្នកនយោបាយ​មិនគួរ​យក​ច្បាប់ មក​សៀតស៊ក​នៅ​ចំណុច​ខ្វះចន្លោះ​នៃ​ច្បាប់ ដើម្បី​មួលបង្កាច់​គ្នា កេងចំណេញ​នយោបាយ និង​យកឈ្នះ​ទៅលើ​អ្នកនយោបាយ​ដទៃទៀត​នោះទេ ព្រោះ​វា​គ្មាន​អ្វីដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​ឡើយ​។​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​