ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រកាស​ដល់​ពលរដ្ឋ​ខ្លួនឲ្យ​​ប្រុងប្រយ័ត្ន

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ប្រកាសឲ្យ​ពលរដ្ឋ​របស់​ខ្លួន ​មានការប្រុងប្រយ័ត្ន និង​ជៀស​ចេញ​ពី​ការ​បាតុកម្ម​នយោបាយ នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ព្រលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា និង​ថ្ងៃបន្ត​បន្ទាប់​ទៀត។

សារ​របស់​ស្ថានទូត​អាមេរិក ដែល​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ជា​ការ​ក្រើន​រំឭក​ដល់​ពលរដ្ឋ​របស់​ខ្លួន ក្នុង​ថ្ងៃ​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ថា​នឹង​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា។

ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា​ដដែល​នេះ លោក សម រង្ស៊ី បាន​ប្រកាស​ផ្អាក​ដំណើរ​មក​កម្ពុជា​វិញ​ហើយ​នៅ​យប់​នេះ ដោយ​លោក​នឹង​ចូល​មក​កាន់​កម្ពុជា​ក្នុង​ឆាប់ៗ​ខាង​មុខ បន្ទាប់​ពី​លោក​ពិគ្រោះ​យោបល់​ជាមួយ​សហការី នៅ​កម្ពុជា និង​អង្គការ​អន្តរជាតិ ដែលធ្វើការលើកកំពស់​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។