ប្រមុខ​រដ្ឋាភិបាល​នឹង​ចូលរួម​ប្រជុំ​អាស៊ាន​លើក​ទី​២៧​នៅ​ប្រទេស​ម៉ាឡេស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​អាស៊ាន​លើក​ទី​២៧ នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦ វិច្ឆិកា​ថា កិច្ច​ប្រជុំ​នេះ កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣ រួម​មាន៖ សេចក្ដី​ថ្លែងការណ៍​គូឡាឡាំពួរ (Kuala Lumpur) ឆ្នាំ​២០១៥ ស្ដីពី​ការ​បង្កើត​សហគមន៍​អាស៊ាន សេចក្ដី​ថ្លែងការណ៍​គូឡាឡាំពួរ​ស្ដីពី​អាស៊ាន ២០២៥ រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា និង​អនុសញ្ញា​អាស៊ាន ស្ដីពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ។

កិច្ច​ប្រជុំ​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ក៏​មាន​កិច្ច​ប្រជុំ​រវាង​អាស៊ាន-ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា អង្គការ​សហប្រជាជាតិ​ជាដើម។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​មាន​គម្រោង​ពិភាក្សា​ទ្វេភាគី ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ៊ីនហ្សូ អាបេ(Shinzo Abe) នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។