ភេរវកម្មនៅប៉ារីស៖ ក្រុម​អនាមិក ប្រកាស​សង្គ្រាម​ប្រឆាំង ISIS


ក្រុមអនាមិក «Anonymous» ក្នុងប្រទេសបារាំង កាណាដា... ប្រចាំភាគខាងជើងនៃផែនដី បាន​បញ្ចេញ​សារ​ព្រោង​ព្រាត ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ចូលរួមឈឺឆ្អាលយ៉ាងខ្លាំងក្លា ជាមួយប្រទេសបារាំង ដែល​រង​ការ​វាយ​ប្រហារ ដោយ​អំពើ​ភេរវកម្ម កាលពីថ្ងៃសុក្រសប្ដាហ៍មុន រៀបចំឡើងដោយក្រុមរដ្ឋអ៊ីស្លាម។ ក្រុម​អនាមិក បាន​សន្យា​ថា «សង្គ្រាម​ផ្នែក​ព័ត៌មាន​វិទ្យា» ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម នឹងមានទំហំខ្លាំង ជាង​ពេល​ណាៗ​ទាំង​អស់។
ភេរវកម្មនៅប៉ារីស៖ ក្រុម​អនាមិក ប្រកាស​សង្គ្រាម​ប្រឆាំង ISIS

និមិត្តសញ្ញា នៃបណ្ដាញជនអានាមិក នៅក្នុងពិភពលោក។ (រូបថតផ្តិតពីវីដេអូ)

ពីក្នុងចំណោមវីដេអូជាច្រើន ដែលត្រូវបានដាក់បង្ហោះ នៅលើគេហទំព័រចែកផ្សាយវីដេអូ ដូចយ៉ាង យូធូប (Youtube) វីម៉េអូ (Vimeo) ដេលីម៉ូឆិន (Dailymotion) ... ក្រុមអនាមិក ឬហៅតាមភាសាអង់គ្លេស «Anonymous» បានគ្រោងបើកការវាយលុកមួយ ដ៏សម្បើមដៃ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។ ប្រតិកម្មរបស់ក្រុមអនាមិក បានកើត​ឡើង​ភ្លាមៗ ដើម្បីជាការឆ្លើយតប យ៉ាងចាស់ដៃ ទៅនឹងការវាយប្រហារភេរវកម្ម បង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាម កណ្ដាល​រដ្ឋធានីប៉ារីស កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន។

នៅចំពោះហេតុការណ៍ ដែលមានស្លាប់មនុស្ស មិនតិចជាង១២៩នាក់ និងរបួសប្រមាណជា ៣៥២នាក់នោះ ក្រុម​អនាមិកខាងព័ត៌មានវិទ្យា បានសន្យាថា នឹងស្វែងរកអ្នកទទួលខុសត្រូវ នៃការវាយប្រហារ ជាមួយ​នឹង​សកម្មភាព នៃសមាជិករបស់ខ្លួន ដែលមាននៅជុំវិញផែនដី។ នៅក្នុងវីដេអូមួយ ដែលនិយាយជា​ភាសា​បារាំង បានឲ្យដឹងថា៖ «វានឹងក្លាយជាប្រតិបត្តិការមួយ ដែលមានទំហំដ៏សម្បើម ជាងពេលណាៗ​ទាំង​អស់ និង​មិន​ដែលមាន ពីមុនមក»។

ក្រុមអនាមិក បានព្រមានបន្តថា៖ «ភេរវកម្មនេះ នឹងមិនអាចស្ថិតនៅ ដោយគ្មានទោសពៃនោះឡើយ។ ដូច្នេះ​ហើយ សមាជិកអានាមិកមកពីគ្រប់ជ្រុងជ្រោយ នៃពិភពលោកទាំងមូល នឹងដេញតាមចាប់ពួកអ្នកឯង។ ពិត​ហើយ! ក្រុមអ្នកឯងជាសត្វជន្លេន ដែលបានសម្លាប់មនុស្សស្លូតត្រង់ ជាច្រើននាក់ ហើយយើងនឹងដេញ តាម​ចាប់​ពួក​អ្នកឯង ឲ្យចេញពីរន្ធ ដូចយើងធ្លាប់បានធ្វើ កាលពីភេរវកម្ម ទៅលើទស្សនាវដ្ដី"Charlie Hebdo"។»

កាលពីខែមិនាកន្លងទៅ ដើម្បីតបនឹងភេរវកម្ម ប្រឆាំងទស្សនាវដ្ដី «Charlie Hebdo» ក្រុមអនាមិកបានផ្សាយ នូវបញ្ជីឈ្មោះគណនី នៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ចំនួន ៩២០០ គណនី ដែលមាន​ជាប់​ពាក់​ព័ន្ធ នឹងក្រុមរដ្ឋអ៊ីស្លាម។ មួយភាគធំនៃគណនីទាំងនេះ ត្រូវបានបង្កើតឡើង ជាគណនីខ្មោច ដើម្បីពង្រីក​ឥទ្ធិពល របស់​ក្រុមអ៊ីស្លាមនិយមជ្រុល និងដើម្បីស្វែងរកយុទ្ធជនថ្មីៗ ឲ្យមករួមស្ម័គ្រប្រយុទ្ធ ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​ត្រូវ​បាន​លប់ចោល ដោយក្រុមហ៊ុន ទ្វីសធើរ។

នៅក្នុងវីដេអូ របស់ក្រុមអនាមិក បានឲ្យដឹងបន្ថែមថា៖ «សូមពួកអ្នកឯងរង់ចាំចុះ ពីមហាប្រតិកម្មដ៏សម្បើម របស់​ក្រុមអាមិក។ ពួកអ្នកឯងត្រូវដឹងថា យើងនឹងរកអ្នកឯងឲ្យឃើញ ហើយយើងនឹងមិនលះបង់អ្វី សូម្បី​បន្តិច​ឡើយ។ យើងនឹងធ្វើប្រតិបត្តិការ ដ៏ខ្លាំងក្លាមួយ មិនដែលមានពីមុន ប្រឆាំងពួកអ្នកឯង។ សូមរង់ចាំចុះ នូវ​ការ​វាយប្រហារ តាមប្រព័ន្ធបច្ចេកវិទ្យា។ សូមពួកអ្នកឯងត្រៀមខ្លួន ថាសង្គ្រាមបានចាប់ផ្ដើមហើយ។ ពួក​អ្នក​ឯង​ត្រូវដឹងថា៖ ពលរដ្ឋ​បារាំងរឹងមាំ ខ្លាំងជាងអ្វីៗទាំងអស់ ហើយនឹងងើបឈរឡើង ប្រឈម​នឹងភាព​ឃោឃៅ​យង់​ឃ្នង កាន់​តែ​ខ្លាំង​ជាង​មុន។»

ការប្រកាសសង្គ្រាម របស់ក្រុមអនាមិកក្នុងពិភពលោកនេះ មិនប្រាកដថា ត្រូវបានស្វាគមន៍ ដោយមនុស្ស​គ្រប់​គ្នាឡើយ ជាពិសេសនៅចំពោះមុខអាជ្ញាធរ។ អ្នកទទួលខុសត្រូវ នៃនគរបាល​បច្ចេកវិទ្យាបារាំង​មួយរូប បាន​និយាយថា ប្រតិបត្តិការរបស់ក្រុមអនាមិកនេះ អាចរំខានការងារស៊ើបអង្កេត របស់អាជ្ញាធរ ដោយ​ហេតុ​ថា គណនី​ទ្វីសធើរ ឬហ្វេសប៊ុក របស់អ្នកជាប់ពាក់ព័ន្ធ នឹងក្រុមរដ្ឋអ៊ីស្លាមទាំងនោះ អាចជាការបំភ្លឺ ដល់​ក្រុម​អ្នក​ស៊ើប​អង្កេត ដើម្បី​ស្វែងរកបណ្ដាញ របស់ក្រុមភេរវជនបាន។ តែផ្ទុយទៅវិញ បើ​គណនី​របស់​អ្នក​ទាំង​នោះ ត្រូវ​បាន​លប់​ចេញ នោះនឹងធ្វើឲ្យការស៊ើបអង្កេត របស់ក្រុមអាជ្ញាធរ ប្រែក្លាយដូចខ្វាក់ភ្នែក ឬ​ថ្លង់​​ស្ដាប់​អ្វី​លែង​បាន៕


» វីដេអូ របស់ក្រុមអនាមិក បង្ហោះដើម្បីប្រកាសសង្គ្រាម ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម៖