«សារ​និងសំដី​អ្នក​នយោបាយ​ខ្មែរ នៅ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ»

ព្រឹត្តិការណ៍ឌឺដងគ្នា តាមពាក្យសំដីរវាងមេគណបក្សប្រឆាំង និងមេគណបក្សកាន់អំណាច នៅកម្ពុជា ត្រូវ​បាន​មន្រ្តី​សង្គម​ស៊ីវិល​ម្នាក់ ដែល​តាម​ដាននូវស្ថានការណ៍នេះ វាយតម្លៃថា មេដឹកនាំទាំងពីរ មិន​ទាន់​មាន​ភាព​ចាស់​ទុំ ក្នុង​រឿង​នយោបាយ​នៅ​ឡើយ។
«សារ​និងសំដី​អ្នក​នយោបាយ​ខ្មែរ នៅ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ»
ខ្សិបខ្សៀវជាមួយគ្នា និយាយរឿងជាតិ ឬនិយាយរឿងផ្ទាល់ខ្លួន? (រូបថត monoROOM.info/ O. Vary)

ការគិតតែ ពីការចង់ឈ្នះ ចង់ចាញ់ រៀងៗខ្លួន របស់អ្នកនយោបាយខ្មែរ គឺជាការមិនទទួលខុសត្រូវ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ និងជាអ្នកនយោបាយ។ ហើយអ្នកនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្វះការទទួលខុសត្រូវ ក្នុង​ពេល​នេះ មិនមាននរណាផ្សេង ក្រៅពីដៃគូជម្លោះធំៗ ដែលកំពុងថ្លែងសារ ដាក់គ្នាទៅវិញទៅមក មិន​ស្រាក​ស្រាន្ដ នោះ​ឡើយ។

ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពលោក យ៉ង់ គឹមអេង បានសម្ដែងក្ដីទោមនស្ស និង​ធ្វើការរិះគន់យ៉ាងជូរចត់ នៅចំពោះស្ថានការណ៍នយោបាយសព្វថ្ងៃ ដែលហាក់ដូចជាវិលត្រឡប់ ទៅ​រក​សម័យ​កាល មុនការបោះឆ្នោត ឆ្នាំ២០១៣ ជាថ្មីឡើងវិញ ហើយអ្នកនយោបាយទាំងនេះ មិនបាន​ស្រង់​បទ​ពិសោធន៍ និង​ស្វែង​រក​ភាព​ចាស់​ទុំ មកដាក់ក្នុងខ្លួនឡើយ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក គឹមអេង បានពន្យល់ថា ភាពមិនចាស់​ទុំ​នេះ​ហើយ ដែល​ធ្វើ​ឲ្យមេដឹកនាំនយោបាយ លោក ហ៊ុន សែន និងលោក សម រង្ស៊ី មិនអាចអង្គុយ​ជជែក​គ្នា ដើម្បី​បញ្ចប់​បញ្ហា ឬ​ដោះ​ស្រាយ​បញ្ហា ដែលកើតមាន ទាំងស្រុងនោះបាន។ មន្រ្តីសង្គមស៊ីវិលរូបនេះ បាន​បង្ហាញ​នូវ​ការ​គាំទ្រ ចំពោះគោលនយោបាយ នៃគណបក្សទាំងពីរ (បក្សប្រជាជន និងបក្សសង្គ្រោះជាតិ) ដែល​ស្រប​គ្នា ឬ​ដូច​គ្នា​មួយ​ចំនួន​ធំ ដើម្បីឈានទៅបង្កើតបាន នូវ«វប្បធម៌សន្ទនា»រូមមួយ។

លោកបានបន្តថា «វប្បធម៌សន្ទនា» នេះមិនបានបង្ហាញ ពីភាពស្មើមុខគ្នានៃមេបក្សទាំងពីរ ជាក្រុមគ្រួសារ​ខ្មែរ​តែ​មួយ​ឡើយ។ តាមរយៈការចងផ្នត់គំនិតអ្នកនយោបាយ នៅកម្ពុជាពីជំនាក់មួយទៅជំនាន់មួយ ពី​ការ​ចង់​ឈ្នះ និង​ចង់​មាន​ប្រៀប លើគ្នានេះ បានអូសបន្លាយ មកដល់អ្នកនយោបាយ នៅសម័យនេះ ដែល​មិន​អាច​មើល​មុខ​គ្នា​ចំ ឬនិយាយត្រូវគ្នា បានយូរនោះ។ លោក គឹមអេង បានថ្លែងឲ្យដឹងថា៖ «ចង់ធ្វើម៉េច ឲ្យតែ​បាន​ប្រៀប​ជាង​គ្នា យក​ប្រៀប​លើ​គ្នា។ (...) អញ្ចឹងហើយ អ្នកណាមួយរាងទន់ ភ័យខ្លាចគេថាអន់។ (...) បរិបទ​សង្គម បាន​ចង​រិត​ផ្នត់​គំនិត អ្នកនយោបាយពីមួយជំនាន់ ទៅមួយជំនាន់។»

កម្ដៅនយោបាយកម្ពុជា បានឈានដល់កម្រិតកំពូល បន្ទាប់ពីមានការថ្លែងសារដាក់គ្នា ទៅវិញទៅមក ក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជន និង​លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ ប្រធានគណបក្សទាំងពីរ បានបង្ហាញនូវឥរិយាបទខ្លាំង និង​យក​ត្រូវ តែ​រៀង​ខ្លួន។

លោក យ៉ង់ គឹមអេង បានលើកឡើងថា អ្វីដែលសំខាន់ សម្រាប់ការដោះស្រាយនោះ ត្រូវមើលលើតួនាទី របស់​គណបក្សកាន់អំណាច និងតួនាទីរបស់គណបក្សប្រឆាំង។ តើការលើកឡើង របស់គណបក្ស​នីមួយៗ មាន​តឹក​តាង អំណះ​អំណាង និងភស្តុតាងច្បាស់លាស់ឬទេ? លោកថា បើពិតជាមានមែន នោះ​តោង​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា ដោយបង្ហាញពីភាពរិះរកមធ្យោបាយ ក្នុងការកែលំអររួមគ្នា ជាការប្រសើរ។

មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា «ការតម្លើងវោហារដាក់គ្នានេះ ខ្ញុំថា វាមិនមែនជាគម្រូល្អសម្រាប់ខ្មែរ និង​កូន​ចៅ​​ជំនាន់​​ក្រោយ​ទេ។ បានត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋ មានការធុញថប់ នឹងមិនសប្បាយចិត្ត ចំពោះ​ដំណើរ​ការ​នយោបាយ។ (...) គួជួបដេញដោយគ្នា ដោយអហិង្សា គ្មានការគម្រាមគ្មាទៅវិញទៅមក។»៕