មេការ​ឲ្យ​លុយ​ទៅ​ទិញ​គ្រឿងសំណង់ ​យក​ទៅ​លេង​អាប៉ោង​ចាញ់​អស់ មក​វិញ​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន

ខេត្តបាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ ​បន្ទាប់​ពី​យក​លុយ​ដែល​មេការ​សំណង់​ប្រើ​ឱ្យទៅ​ទិញ​សម្ភារ​ទៅ​លេងល្បែង​ អាប៉ោង​ចាញ់​អស់ប្រាក់​១៥០០​ដុល្លារ ក៏​ដាច់​ចិត្ត​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​ធ្វើ​អត្តឃាត ។ បន្ទាប់​ពី​ផឹកថ្នាំ​ពុល​រួច​ត្រូវ​បាន​ប្រពន្ធចុង​ឃើញ​ក៏​ប្រញាប់​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​នៅ​ជាប់​ព្រំដែន​ខេត្ត​ប៉ៃលិន​-​ ខេត្តបាត់ដំបង ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​ប្រញាប់​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្តបាត់ដំបង ដើម្បី​លាង​ក្រពះ​ជម្រះ​ជាតិពុល តែ​ជា​អកុសល់​ដោយ​ថ្នាំពុល​បាន​កាត់​ផ្តាច់​ក្រពះ ពោះវៀន ក្អួត​ចេញ​មក​ទាំង​ដុំ​ៗ ក្រោយ​មក​ក៏​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។ ហេតុការណ៍​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​តា​គ្រក់ ឃុំ​តា​គ្រក់ ស្រុក​រតន​មណ្ឌល រហូត​ដល់​ម៉ោង​៤ និង​១០​នាទី​រសៀល​ទើប​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយសារ​ថ្នាំពុល​នេះ​ជា​ប្រភេទ​លេខ​១​នៅ​ប្រទេស​ថៃ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ រ៉ូ​ន រឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ប្រពន្ធ​២ ប្រពន្ធដើម ឈ្មោះ កាយ រិច អាយុ​៥៥​ឆ្នាំ មានកូន​៤​នាក់ ស្រី​ម្នាក់ ប្រុស​៣​នាក់ និង​ប្រពន្ធចុង​ឈ្មោះ សាញ់ សាន អាយុ​៣២​ឆ្នាំ មានកូន​ស្រី​ម្នាក់ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ សាញ់ សាន អាយុ​៣២​ឆ្នាំ ជា​ប្រពន្ធចុង បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​របស់​នាង​បាន​យក​លុយ​ចំនួន​១៥០០​ដុល្លារ​ដែល​មេជាង​សំណង់​ម្នាក់​ប្រើ​ ឱ្យទៅ​ទិញ​សម្ភារ​មួយ​ចំនួន​សម្រាប់​ធ្វើ​ផ្ទះ​ឱ្យ​គេ ស្រាប់តែ​គាត់​យក​ទៅ​លេងល្បែង​អាប៉ោង​បណ្តាល​ឱ្យ​ចាញ់​អស់រលីង ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​បាតដៃ​ទទេ រួច​ទាញ​យក​ថ្នាំពុល​បាញ់​ស្មៅ​នៅ​ក្នុងផ្ទះ​ទៅ​សម្ងំ​ផឹក ទើប​ប្រើ​ឱ្យ​នាង​ទិញ​មី​ឱ្យ​គាត់​ហូប លុះ​មក​ដល់​ស្រាប់តែ​ក្អួត​ចេញ​សុទ្ធតែ​ទឹក​ខៀវ លុះ​សួរនាំ​ទៅ​គាត់​ប្រាប់​ថា បាន​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ គាត់​ក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្បែរ​ព្រំដែន ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខេត្តបាត់ដំបង តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ថ្នាំពុល​នេះ​បាន​កាត់​ផ្តាច់​ក្រពះ ពោះវៀន ដាច់​សាច់​ក្អួត​ចេញ​មក​ទាំង​ដុំ​ៗ ហើយ​ក៏​ស្លាប់​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ​តែ​ម្តង ៕

មេការ​ឲ្យ​លុយ​ទៅ​ទិញ​គ្រឿងសំណង់ ​យក​ទៅ​លេង​អាប៉ោង​ចាញ់​អស់ មក​វិញ​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន
មេការ​ឲ្យ​លុយ​ទៅ​ទិញ​គ្រឿងសំណង់ ​យក​ទៅ​លេង​អាប៉ោង​ចាញ់​អស់ មក​វិញ​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន
មេការ​ឲ្យ​លុយ​ទៅ​ទិញ​គ្រឿងសំណង់ ​យក​ទៅ​លេង​អាប៉ោង​ចាញ់​អស់ មក​វិញ​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត