សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​វាយតប់​គ្នា​ក្នុងហាង​ខារ៉ាអូខេ​

​រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​៣​នាក់​ ត្រូវ​កម្លាំង​​កង​រាជ​អាវុធហត្ថ​ខណ្ឌចំការមន​ឃាត់ខ្លួន ​បន្ទាប់​ពី​ចូល​ផឹកស៊ីច្រៀង​ខារ៉ាអូខេ​ហើយ​វាយតប់​គ្នា​នៅ​ក្នុង​​ហាង​ខារ៉ាអូខេ​​​​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦​ វិច្ឆិកា ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខណ្ឌចំការមន​ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​ជនជាតិ​ចិន​៤​នាក់​ចូលទៅ​ផឹកស៊ី​ និង​ច្រៀង​ខារ៉ាអូខេ​​​មួយ​កន្លែង ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​ទៀត​​​ផឹកស៊ី​នៅ​ក្នុង​ហាង​ជាមួយ​គ្នា​ដែរ ប៉ុន្តែ​មិន​​ដឹង​ថា​មានរឿង​អី​នោះទេ​ ស្រាប់តែ​​ជនជាតិខាង​៤​នាក់​ បាន​នាំ​គ្នា​ទៅ​ព្រួត​វាយ​ជនជាតិ​ចិន​ម្នាក់​រហូត​សន្លប់​ស្តូកស្តឹង​ចូល​ដេកពេទ្យ ។ ភ្លាម​ៗ​នោះ​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌចមការមន ​ចុះ​អន្តរាគមន៍​ដោយ​​ឃាត់ខ្លួន​​​ជនជាតិ​ចិន​បាន​៣​នាក់​ ​និងរត់គេចខ្លួន​ម្នាក់ ។

ក្រោយ​ពី​ឃាត់ខ្លួន​យក​មក​សាកសួរ​ ជនជាតិ​ចិន​​ទាំង​នោះ​បាន​​ឆ្លើយ​​សារភាព​ថា ​​ពួក​ខ្លួន​ពិតជា​បាន​វាយ​គ្នា​ប្រាកដ​មែន ប៉ុន្តែ​ដោយសារ​ជនជាតិ​ចិន​និយាយ​ពិបាក​ស្តាប់​គ្នា​ទើប​កង​រាជ​​អាវុធហត្ថ​បញ្ជូន​ទៅការិយាល័យ​អន្តោប្រវេសន៍​ដើម្បី​ដោះស្រាយ​បន្ត​ទៀត ៕