​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ដឹង​នៅពេល​សម្ពាធ​ឈាម​របស់​ខ្លួន​ឡើង​ខ្ពស់​

​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ដឹង​នៅពេល​សម្ពាធ​ឈាម​របស់​ខ្លួន​ឡើង​ខ្ពស់​

​ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើរតែ​៦​ភាគរយ​ហើយ​ដែល​មាន​បញ្ហា​ជំងឺ​លើស​សម្ពាធ​ឈាម​។ នៅ​ពេល​ស្ត្រី​ម្នាក់​ត្រូវបាន​គ្រូពេទ្យ​កំណត់ថា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​រហូតដល់​២០​សប្តាហ៍​មុន​ពេល​មាន​ផ្ទៃពោះ គេ​ហៅថា​វា​ជា​ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential Hypertension តែ​បើសិនជា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​វិញ​គេ​ហៅថា Pregnancy-induced Hypertension (PIH) ឬ Gestational Hypertension​។ យ៉ាងណាមិញ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​គេ​មិន​ឱ្យ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម    ឡើយ​។

​សំណួរ​សួរថា តើ​ស្ត្រី​គួរតែ​ធ្វើ​អ្វី​ទៅ​? យក​ល្អ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ដើម្បី​អាច​នឹង​ពួកគេ​ផ្លាស់ប្តូរ​ការប្រើប្រាស់​ថ្នាំ​របស់​អ្នក​។ ដូចគ្នានេះដែរ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ គ្រូពេទ្យ​នឹង​ចេញ​ឱ្យ​ប្រើ​ថ្នាំ​ដែរ​។ ប៉ុន្តែ​គាត់​ត្រូវ​ការតាមដាន​សម្ពាធ​ឈាម​អ្នក​ទៀងទាត់​ដែរ​។ បើសិន​ជា​ស្ត្រី​មាន​ជំងឺ​លើស​សម្ពាធ​ឈាម នោះ​ការ​វាស់​សម្ពាធ​ឈាម​នឹង​ត្រូវ​ធ្វើជា​រៀងរាល់​៤​សប្តាហ៍​ម្តង រហូត​ដល់​សប្តាហ៍​ទី​២៨ បន្ទាប់មក​ការតាមដាន​ដោយ​វាស់​សម្ពាធ​ឈាម​នឹង​ត្រូវ​ធ្វើ​ញឹកញាប់​ជាង​មុន​ថែម​ទៀត​។ នៅពេល​គភ៌​អាយុ​ចាប់ពី​២៨ ទៅ​៣៦ សប្តាហ៍ ការតាមដាន​សម្ពាធ​ឈាម​នឹង​ត្រូវ​ធ្វើ​ជា​រៀងរាល់​២​សប្តាហ៍​ម្តង បន្ទាប់មក​ទៀត​គេ​នឹង​ពិនិត្យ​ជា​រៀង​រាល់​សប្តាហ៍​រហូតដល់​សប្តាហ៍​ទី​៤០​។

សញ្ញា​ប្រកាសអាសន្ន​មួយចំនួន​តូច​
បើសិន​ជា​អ្នក​កំពុងតែ​តាមដាន​សម្ពាធ​ឈាម​នៅ​ផ្ទះ និង​រកឃើញ​ថា​សម្ពាធ​ឈាម​ឡើងដល់​១៤០/៩០ mmHg ហើយ​នោះ អ្នក​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។ សញ្ញា​ផ្សេង​មួយទៀត​គឺ ការ​ហើមជើង ឬ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ មាន​ស្ត្រី​ច្រើនណាស់​គិតថា ការ​ហើមជើង ឬ​ប្រអប់ជើង​នេះ​គឺជា​រឿង​កើត​មាន​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ហើយក៏​មិន​ខ្វល់​អំពី​វា​ដែរ ប៉ុន្តែ​នៅពេល​ការ​ហើម​នេះ​មិន​បាត់​ទៅ​វិញ​នៅ​ពេល​សម្រាក​ទេនោះ អ្នក​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ដែរ​។ សញ្ញា​ផ្សេងៗ​ទៀត​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ Gestational Hypertension មានដូចជា ឈឺក្បាល ក្រហាយ​ដើមទ្រូង ព្រឹល​ភ្នែក និង​ហើម​ដៃ​។

លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​គួរ​គ្រប់គ្រង​សម្ពាធ​ឈាម​បែបណា​?
ការគ្រប់គ្រង​ការ​ទទួលទាន​ប្រៃ​គឺជា​រឿង​ដ៏​សំខាន់​បំផុត ហើយ​វា​ក៏​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​កុំឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​។ មួយវិញទៀត អ្នក​ត្រូវ​តែ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ដោយ​ការ​គេង​ចំហៀង និង​តាមដាន​សម្ពាធ​ឈាម​ជា​ទៀងទាត់​។ អ្នក​ក៏​ត្រូវតែ​ប្រើ​ថ្នាំ​ឱ្យ​ត្រូវ​ពេល និង​ទៀងទាត់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។