ចង់​ជួយ​សិស្ស​ដែល​មាន​ការ​លំបាក​ក្នុង​ការ​សិក្សា ត្រូវ​ប្រគល់​ការ​ទទួល​ខុសត្រូវ​ឲ្យ​កាន់​តែ​ច្រើន​ដល់​ពួកគេ

ចង់​ជួយ​សិស្ស​ដែល​មាន​ការ​លំបាក​ក្នុង​ការ​សិក្សា ត្រូវ​ប្រគល់​ការ​ទទួល​ខុសត្រូវ​ឲ្យ​កាន់​តែ​ច្រើន​ដល់​ពួកគេ

Rico McCard (រូប​ឆ្វេង) វ័យ​១៧​ឆ្នាំ កំពុង​បង្រៀន​សិស្ស​ថ្នាក់​ទី២ និង​ទី៣ ពី​របៀប​អាន និង​សរសរេ​នៅ​សាលាបឋមសិក្សា​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។កម្មវិធីនេះ​​បំប៉នបំនិន​អាន ត្រូវ​បាន​គេ​អនុវត្ត​ ហើយ​ត្រូវ​បាន​គេ​បង្ហាញ​ថា​ កម្មវិធី​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​​ដែល​ពាក់ព័ន្ធ​ទាំង​អស់ ដែល​រួម​ទាំង​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​ផង​ដែរ។ វ៉ាស៊ីនតោន—

ការ​ឲ្យ​ក្មេង​ដែល​ត្រូវ​ការ​បំប៉នបំនិន​អានរបស់​ខ្លួន​បន្ថែម ​ទៅបង្រៀន​ក្មេង​ដទៃ​ទៀត​ដែល​ខ្សោយ​បំនិនអាន​ដូច​គ្នា​ដែរ ​ស្តាប់​ទៅ​ហាក់​ដូចជា​រូបមន្ត​ឆ្ពោះ​ទៅ​រក​ភាព​ចុះខ្សោយ​នៃ​វិស័យ​អប់រំ​អញ្ចឹង។ ក៏ប៉ុន្តែ​ នេះ​គឺជា​អ្វី​ដែល​កម្មវិធី​អក្ខរកម្ម​មួយ​ធ្វើ​ឡើង​នៅរដ្ឋធានី​វ៉ាស៊ីនតោន ក្នុងសហរដ្ឋអាមេរិក​។ កម្មវិធីនេះ​ត្រូវ​បាន​គេ​អនុវត្ត​ហើយ​បាន​បង្ហាញ​ថា​ វា​គឺជា​រូបមន្ត​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ទៅ​វិញ។ កម្មវិធី​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកដែល​ពាក់ព័ន្ធ​ទាំង​អស់ ដែល​រួម​ទាំង​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​ផង​ដែរ។

មិន​ខុស​ពី​យុវជន​ជាច្រើន​ដទៃ​ទៀត​ទេ Rico McCard ​ក្នុងវ័យ​១៧ឆ្នាំ​មាន​ការងារ​ជា​ច្រើន​ដែលត្រូវ​ធ្វើ ​បន្ទាប់​ពីមក​ពី​សាលារៀន​វិញ។ ប៉ុន្តែ​ Rico ​ខុស​ពី​មិត្ត​រួម​ថ្នាក់​ភាគច្រើន​របស់​គេ ដោយ​សារ Rico មាន​ការងារ​ក្រៅ​ម៉ោង​មួយ ជា​គ្រូបង្រៀន​អាន​និង​សរសេរ​របស់​សិស្ស​ថ្នាក់​ទី២ ​និង​ទី៣ ​នៅ​សាលា​បឋមសិក្សា​មួយ​ដែល​នៅ​ក្បែរ​ផ្ទះ។

Rico​ គឺ​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​ក្នុង​ចំណោម​សិស្ស​ចំនួន​ប្រមាណ​៧២នាក់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អក្ខរកម្ម​មួយ​ ដែល​បង្កើត​ឡើង​ដោយ​អង្គការ ​Reach Incorporated ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ ហើយ​មាន​គោលដៅ​ជួយ​បណ្តុះបណ្ដាល​កុមារ​ឲ្យ​ចេះ​អាន​ប្រកប​ដោយ​ទំនុកចិត្ត និង​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រកប​ដោយសមត្ថភាព។ ចាប់​តាំង​ពី​កម្មវិធី​នេះ​បាន​ចាប់​ដំណើរការ​នៅ​ក្នុង​ឆ្នាំ២០១០​មក មាន​សិស្ស​កម្រិត​បឋមសិក្សា​ និង​វិទ្យាល័យ​ជាង​៥០០​នាក់​ បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ។

លោកស្រី​ Lori Pitts ​ ដែល​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​គំនិត​ច្នៃប្រឌិត​ និង​កម្មវិធី​សិក្សា​នៃ​អង្គការ Reach Incorporated មាន​ប្រសាសន៍​ថា យុវជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន​នោះ​ ជា​ធម្មតា​ពួកគេ​ក៏រៀនខ្សោយនៅសាលា​ដែរ។

«យើង​ជឿ​ថា ការ​ផ្តល់​នូវ​ការ​ទទួល​ខុសត្រូវ​ពិត​ប្រាកដ​ដល់​យុវជន​ នឹង​ធ្វើ​ឲ្យ​ពួកគេ​បង្កើត​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​សហគមន៍​នោះ​ ហើយ​វាក៏​នឹង​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុនដែរ ដោយសារ​តែ​ឥឡូវ​នេះ​ពួកគេ​ត្រូវ​បាន​គេ​ទុក​ចិត្ត ហើយ​ត្រូវ​បានគេ​ប្រគល់​កិច្ចការ​ដ៏​ធំមួយ​នេះ​ឲ្យ។ ដូច្នេះ​កម្មវិធី​នេះ​គឺ​ជា​ការ​ឲ្យ​យុវជន​ បង្កើត​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​សហគមន៍របស់​ពួកគេ​ និង​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ខ្លួនឯង​បាន»។

យើង​អាច​មើល​ឃើញ​លទ្ធផល​ជាក់ស្តែង​ និង​វិជ្ជមាន​ចេញ​ពី​យុវជន​ទាំង​អស់នេះ។​

«យើង​មាន​ការ​ធ្វើ​តេស្តដើម្បី​ពិនិត្យ​មើល​កម្រិត​សមត្ថភាព​នៃ​ការ​អាន​របស់​ពួកគេ​នៅ​ពេល​ដើម​ឆ្នាំ​សិក្សា​ម្តង ​នៅ​ពាក់​កណ្តាល​ឆ្នាំ​សិក្សា​ម្តង និង​នៅ​ចុង​ឆ្នាំ​សិក្សា​ម្តង​ទៀត។ កម្រិត​សមត្ថភាព​របស់​គ្រូ​បង្រៀន​ទាំងអស់​នេះ ភាគ​ច្រើន​កើន​បាន​២​កម្រិត​ក្នុង​មួយ​ឆ្នាំ»។

«ខ្ញុំ​ធ្លាប់​រៀន​ខ្សោយ​លើ​មុខវិជ្ជា​យ៉ាងហោច​ណាស់​ក៏​៤មុខ​ដែរ»។

ឥឡូវ​នេះ ​ពិន្ទុ​របស់​ Rico ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ ហើយ​មាន​ទំនុក​ចិត្ត​ជាង​មុន។

«ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាស​នៅ​ថ្ងៃទី​មួយ​ដែល​ខ្ញុំ​ចាប់ផ្តើម​ការងារ​នៅ​អង្គការ​ Reach នេះ។ ខ្ញុំ​មិន​បាននិយាយ​ច្រើន​ទេ។ ​ខ្ញុំ​មិន​បាននិយាយ​ច្រើន​អស់​រយៈពេល​២​សប្តាហ៍។ ខ្ញុំ​ហាក់​ដូចជា​ដាច់​ឆ្ងាយ​ពី​គេ​ឯង ហើយ​គ្រប់​គ្នា​សម្លឹង​មើល​មក​ខ្ញុំ ហើយ​ខ្ញុំ​គ្រាន់​តែលើក​ដៃ​ឡើង​ប៉ុណ្ណោះ។ ​រាល់​ពេល​ដែល​លោក​គ្រូ​សួរ​ខ្ញុំ​ ខ្ញុំ​តែង​តែអៀន ហើយ​គេច​ពី​សំណួរ​របស់​គាត់​រហូត»។

គ្រូ​បង្រៀន​នៅ​អង្គការ Reach បណ្តុះ​បណ្តាល​យុវជន​ឲ្យ​ចេះ​បង្រៀន។ ពួកគេ​ក៏​វាយតម្លៃ​លើ​ការ​បង្រៀន​របស់​យុវជន​ទាំងអស់​នោះ​ដែរ។ Rico និយាយ​ថា វគ្គ​បណ្តុះបណ្ដាល​នេះ​បាន​ជួយ​គាត់​ឲ្យ​យល់​ដឹង​ពី​វិធីសាស្រ្ត​បង្រៀន​ដែល​ទាក់ទាញ​សិស្ស​កុមារ​ឲ្យចូលរួម​ក្នុង​សកម្មភាព​នានា​ក្នុង​ថា្នក់។

«យើង​ត្រូវ​មាន​ទំនុក​ចិត្ត ត្រូវ​មាន​ភាព​រីករាយ ​ត្រូវ​បង្ហាញ​ពី​ភាព​ម៉ឺងម៉ាត់ និង​ភាព​ស្វាហាប់​ក្នុង​ការ​បង្រៀន ព្រោះ​យើង​បាន​ដឹង​ហើយ​ថា សិស្ស​ថ្នាក់​ទី២ និង​ទី៣​រពិស​ណាស់។ ពួកគេ​នឹង​រត់​ពេញ​ក្នុង​ថ្នាក់។ ដូច្នេះ​យើង​ត្រូវ​ចេះ​ពី​វិធីសាស្ត្រ​ក្នុង​ការ​បង្រៀន​ពួកគេ។ យើង​ត្រូវ​អង្គុយ​ចុះ និង​និយាយ​ជាមួយ​ពួកគេ ​ពីព្រោះ​ថា​ សិស្ស​ថ្នាក់​ទី២ និង​ទី៣​ ភាគច្រើន​មិន​សូវ​មាន​រឿង​ល្អ​កើត​ឡើង​ចំពោះ​ពួកគេ​ទេ។ ពួកគេ​មិន​ចង់​ធ្វើ​កិច្ចការ​សាលា​នោះ​ទេ ហើយ​ក៏​មិន​ចង់​ឲ្យ​គេ​រំខានដែរ។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ គឺ​សម្រាក​ពី​ការ​បង្រៀន​មួយ​នាទី ដើម្បី​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃនេះ។ ខ្ញុំ​នឹង​លេង​ល្បែង​កម្សាន្ត​តូច​មួយ​ជាមួយ​ពួកគេ ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ភ្លេច​នូវ​រឿង​មិន​សប្បាយ​ចិត្ត​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ»។

លោកស្រី​ Lori Pitts​ ពន្យល់​ថា​ ល្បែង​កម្សាន្ត​គឺ​ពិត​ជា​ផ្នែក​សំខាន់​មួយ​នៃ​កម្មវិធី​បង្រៀន​នេះ។​

«ល្បែង​កម្សាន្ត​ទាំង​នោះ​អាច​ជា​ការ​រត់​ជុំវិញ​ជា​រង្វង់ ការ​បន្ធូរ​អារម្មណ៍ និង​ការ​ឲ្យ​ពួកគេ​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​ចូលចិត្ត​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​ក្នុងថ្នាក់ ប៉ុន្តែ​មិន​ចង់​ឲ្យ​ពួកគេសរសេរ​នៅ​តែ​លើ​ក្រដាស​រហូត​នោះ​ទេ។ មាន​សកម្មភាព​ក្នុង​ថ្នាក់​មួយ​ ដែល​ខ្ញុំ​តម្រូវ​ឲ្យ​ពួកគេចាប់​ដៃគូ​ជាមួយ​គ្នា​ដើម្បី​និយាយ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​ ឬ​ឲ្យ​ពួកគេ​អនុវត្ត​នូវ​អ្វី​ដែល​បាន​រៀន​តាម​រយៈ​ការ​ល្បែង​កម្សាន្ត​នៅ​ក្នុង​ថ្នាក់»។

កម្មវិធី​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សម្រាប់​សិស្ស​របស់​អ្នក​គ្រូ​ Judith Miller នៅ​សាលា​បឋមសិក្សា Payne។

«កូន​សិស្ស​ទាំងនោះ​មាន​ឱកាស​មើល​ឃើញ​នូវ​អ្វី​ដែល​សិស្ស​វិទ្យាល័យ​ធ្វើ​ និង​របៀប​ដែល​សិស្ស​វិទ្យាល័យ​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​ពួក​គេ។ នៅ​ពេល​ដែល​យុវជនទាំង​នោះ​បង្រៀន​កូន​សិស្ស ដំណើរការ​បង្រៀន​ប្រព្រឹត្ត​ទៅ​មិន​ខុស​គ្នា​នោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ។ យុវជន​ទាំង​នោះ​មិន​ចំ​ជា​គ្រូបង្រៀន​ដូចជា​គ្រូ​ប្រចាំ​ថ្នាក់​របស់​ពួកគេ​នោះ​ទេ។ ​ដូច្នេះ​សិស្ស​ទាំង​នោះ​រៀន​ជាមួយ​នឹង​គ្រូ​២នាក់​ ដែល​មាន​វិធីសាស្រ្ត​ខុស​គ្នា»។

យុវជន​ទាំង​នោះ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការងារ​របស់​ពួកគេ ប៉ុន្តែ​ Rico ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​អស់​រយៈពេល​៤ឆ្នាំមក​ហើយ​នោះ​បាន​និយាយ​ថា ខ្លួន​មិនមែន​បង្រៀន​ដើម្បី​តែ​ប្រាក់​នោះ​ទេ

«ខ្ញុំ​បង្រៀន​ដើម្បី​ជួយ​ក្មេងៗ​ទាំងអស់​នេះ។ និយាយ​ដោយ​ស្មោះត្រង់ ខ្ញុំ​មក​ទី​នេះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​បង្រៀន​ពួកគេ ដើម្បី​ឲ្យ​ប្រាកដ​ថា​ពួកគេ​សប្បាយ​រីករាយ។ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ។ ខ្ញុំ​នឹងព្យាយាម​ធ្វើ​ទៅ​តាម​អ្វី​ដែលខ្ញុំ​អាច​ធ្វើ​បាន»។

កម្មវិធី​នេះ​ជា​ភស្តុតាង​ដ៏​ល្អ​បំផុត​មួយ​ដែល​បញ្ជាក់ថា​អង្គការ ​Reach កំពុង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សម្រាប់​យុវជន​ និង​កុមារ៕

ប្រែ​សម្រួល​ដោយ ប៊ុន​ ប៉េងហ៊ុយ