​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នឹង​បើក​ធ្វើ​រយៈពេល​បី​ថ្ងៃ នៅ​ដើមឆ្នាំ​២០១៦ ខាងមុខ

ភ្នំពេញ: តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា នៅ​កម្ពុជា មាន​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុជា ទាំង​ចំនួន ៧០​ក្រុមហ៊ុន ហើយ​រហូតមកដល់ បច្ចុប្បន្ននេះ សម្រេច​ធ្វើការ​នាំចេញ​អង្ករ បាន​ចំនួន ៤០៨.០០០ តោន​ហើយ ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ចំនួន​៥៨​។ ជាងនេះទៀត​គុណភាព​អង្ករ​កម្ពុជា បាន​ជាប់​ជា​អង្ករ​ល្អ​បំផុត លើ​ពិភពលោក រយៈ ពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​។​

​ពាក់ព័ន្ធ​នឹង​ភាពជោគជ័យ វិស័យ​អង្ករ​នេះ វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២៤-២៥-២៦ ខែមករា ដើមឆ្នាំ​២០១៦ ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដាក់​បង្ហាញ​អំពី ផលិតផល​ស្រូវ​អង្ករ និង​ផ្តល់ឱកាស​ដល់ ភាគី​ពាក់ព័ន្ធ បាន​ចូលរួម​។​

​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ ក្រោម​ការរៀបចំ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) សហការ​ជាមួយ​សម្ព័ន្ធ​សមាគម សហគ្រាស​ធុន​តូច និង​មធ្យម (FASMEC) កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា នៅ​ការិយាល័យ​សហព័ន្ធ ស្រូវ​អង្ករ​កម្ពុជា​ក្រុងភ្នំពេញ​។​

​លោក​បាន​បញ្ជាក់ថា វេទិកា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​អ្នក​ដែល​ធ្វើការ​ពាក់ព័ន្ធ វិស័យ​ស្រូវ​អង្ករ រួមមាន ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ​អង្ករ សហគមន៍​កសិករ ក្រុមហ៊ុន​ដឹកជញ្ជូន តំណាង​ក្រសួង​ពាក់ព័ន្ធ តំណាង​ដៃគូ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា នៅក្នុង​ផលិតកម្ម​ស្រូវ​អង្ករ​កម្ពុជា នាពេល​បច្ចុប្បន្ន និង​ត្រៀមខ្លួន​យ៉ាងដូចម្តេច ដើម្បី​ជួយ​ឱ្យ​អង្ករ​កម្ពុជា អាចមាន​លទ្ធភាព​ប្រកួតប្រជែង និង​មាន​ភាព​រីកចម្រើន របស់​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា ថែមទៀត ស្របពេល​ជាមួយ នឹង សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ ឈានចូល​មកដល់ ខាងមុខនេះ​។​

​អនុលោម​តាម​គោលនយោបាយ ស្រូវ​អង្ករ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការ លើកកម្ពស់​ស្រូវ និង​ការនាំចេញ​អង្ករ ក្នុង​បំណង​នាំចេញ​អង្ករ​ឱ្យ​សម្រេច​តាម​គោលការណ៍នាំចេញ​អង្ករ​ចំនួនមួយ​លាន​តោន នៅ​ឆ្នាំ​២០១៥ ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ ឱ្យ​ក្លាយជា "​អង្ករ​មា​សស​" នៅក្នុង​ទីផ្សារ​ពិភពលោក​៕V​/S