ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង សំរាម​និង​សំណល់​រឹង​ទីប្រជុំជន

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អមដំណើរ​ដោយ​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទីប្រជុំជន កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ២០១៥ នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

សម្តេច​ក្រឡាហោម​ស ខេ​ង មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​ជា​សក្ខីភាព​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ា​ង​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​បង្ខិត​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត និង​យន្តការ​ផ្តល់​សេវា​ឲ្យ​ទៅ​កៀក​ជិត​ប្រជាពលរដ្ឋ​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​ផ្តល់​សេវា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​យា​៉​ង​មាន​ប្រសិទ្ធភាព ដោយ​ផ្អែក​លើ​សក្តានុពល និង​ស្ថានភាព​ជាក់ស្តែង នៅ​តាម​មូលដ្ឋាន នីមួយ​ៗ ។

ក្នុង​ឆ្នាំ​២០១៥​នេះ ក្រសួងបរិស្ថាន​រួម​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ​បាន​សម្រេចចិត្ត​បង្កើត​ឲ្យ​មាន​កញ្ចប់​ថវិកា​សេវា​អនាម័យ​បរិស្ថាន និង​បាន​វិភា​ជ​កញ្ចប់​ថវិកា​នេះ​ជូន​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​ទាំង​២៦​នូវ​ថវិកា​ចំនួន​ប្រមាណ​៥​ពាន់​លាន​រៀល សម្រាប់​អនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម​រឹង រាវ​តាម​ទីប្រជុំជន​ក្រុង នីមួយ​ៗ ។

ការ​បង្កើត​ឲ្យ​មាន​កញ្ចប់​ថវិកា​សេវា​អនាម័យ​បរិស្ថាន និង​ការ​ផ្តល់​ថវិកា​នេះ​ទៅ​ឲ្យ​ក្រុង​ទាំង​២៦ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​ទាំងនោះ​ក្នុង​ការ​ចាប់ផ្តើម​ទទួលខុសត្រូវ​លើ​ការ​អនុវត្ត​មុខងារ​គ្រប់គ្រង​សំណល់​រឹង រាវ តាម​ទីប្រជុំជន​ក្រុង នីមួយ​ៗ​សំដៅ​ធានា​បាន​នូវ​សោភ័ណ​ភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​របស់​រដ្ឋបាល នីមួយ​ៗ ។ អាស្រ័យ​ហេតុនេះ​រដ្ឋបាល​ក្រុង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​មុខងារ​នេះ និង​ត្រូវ​ចាត់ចែង​ប្រើប្រាស់​ថវិកា​ដែល​បាន​វិភា​ជ​ឲ្យ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ប្រកបដោយ​តម្លាភាព​និង​គណនេយ្យ​ភាព ។

អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៥ បាន​ផ្តល់​នូវ​គោលការណ៍​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​នានា​សម្រាប់​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ទិដ្ឋភាព សំខាន់​ៗ​ខាងលើ​នេះ ។

សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គ​.​ជ​.​អ​.​ប ថ្លែង​ថា នា​ពេល​កន្លង​មក​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវា​ល្អ​» ដែល​ជា​ជម្រើស​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​បៃតង ។ តាម​រយៈ​យុទ្ធនាការ​នេះ​បណ្តា​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ភាព​ស្អាត​និង​ភាព​បៃតង​នៃ​ទីក្រុង និង​ទីប្រជុំជន ដែល​ជា​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​កម្ពុជ​សម្រាប់​ជម្រុញ​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ។

ជាមួយ​គ្នា​នេះ​ដែរ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ កុម្ភៈ ជា​រៀង​រាល់​ឆ្នាំ​ជា «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» ដើម្បី​ក្រើនរំលឹក​និង​បំផុស​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​សាធារណៈ វិស័យ​ឯកជន ប្រជាពលរដ្ឋ សិស្ស និស្សិត កុមារ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​កិច្ចការពារបរិស្ថាន និង​ថែរក្សា​សោភ័ណ​ភាព​ទីប្រជុំជន​តាម​រយៈ​ចលនា​ប្រឡងប្រណាំង​«​ទីក្រុង​ស្អាត​» សំដៅ​ធ្វើ​ឲ្យ​ទីក្រុង ទីប្រជុំជន​របស់​យើង​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ប្រកប ដោយ​ភាព​ទាក់ទាញ​អ្នកទេសចរ​បន្ថែម​ទៀត ។

យើង​នឹង​ខិតខំ​រៀបចំ​ឲ្យ​មានការ​ផ្ទេរ​មុខងារ​ជា​កាតព្វកិច្ច​ក្នុង​វិស័យ​ចាំបាច់​មួយ​ចំនួន​ផ្សេង​ទៀត​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​ថ្នាក់​ក្រុង ស្រុក​ពី​ឆ្នាំ​២០១៦​តទៅ ៕