ពលរដ្ឋ​ស្រុក​រុក្ខ​គិរី​ស្រែកយំ ខណៈ​មេព្រៃ​ឈើ​ចុះ​ដុត​ផ្ទះ​លើ​ដី​សហគមន៍ អះអាង​នឹង​ឡើង​តវ៉ា​ដល់​សភា

ខេត្តបាត់ដំបង ៖ នៅវេលា​​ព្រឹកថ្ងៃទី​១៧ វិច្ឆិកា ២០១៥ ​នេះ​ ក្រុម​ប្រជា​ពលរ​ដ្ឋនៅ​ស្រុក​រុក្ខ​គិរីមួយ​ចំនួន ព្រឹក​នេះ ពលរដ្ឋ​១០០​នាក់ តំណាង​​ជាង​​៣០០​​គ្រួសារ​​ក្នុងស្រុក​រុក្ខ​គិរី តវ៉ា​​រឿង​ដី​អភិ​រក្ស​សហ​គមន៍ កំពុង​ស្រែក​យំ​ស្រែក​ឡាំប៉ា​ពេញ​​ព្រៃ បន្ទាប់​ពី​ផ្ទះសម្បែង​របស់​​ពួក​គាត់​​រាប់​សិប​ខ្នង ​ដែល​សាងសង់​លើ​ដី​ព្រៃ​សហ​គម​ន៍ ត្រូវ​បាន​មន្ត្រី​ព្រៃឈើ​ ​ដឹកនាំ​កម្លាំង​ទៅ​​រុះរើ​ និង​ដុត​កម្ទេច​ចោល កាលពី​​ម្សិល​មិញ ខណៈ​មន្ត្រី​​មួយ​ក្រុម​នេះ​ មិន​មាន​វិធានការ​ទៅ​លើ​មន្ត្រីរាជការ​ និង​អ្នកមាន​អំណាច​ដែល​រំលោភ​បំពាន​យក​ដី​ព្រៃ​សហ​គម​ន៍​នោះ ដូច​ការ​ចាត់ការ​ទៅ​លើប្រជា​ពលរដ្ឋ ​។

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៦ ​វិច្ឆិកា កម្លាំង​មេព្រៃ​បាន​រុះរើ​ និង​ដុត​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​អស់​ជាង​៤០ខ្នង ដែល​សង់​លើ​ដី​សហគមន៍ ក្នុង​ឃុំ​ស្ដុក​ប្រវឹក និង​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ខ​ណៈដែល​ក្រុម​ប្រជា​ពលរដ្ឋ​ជិត២០០​នាក់ ​កំពុង​តវ៉ា​នៅ​ខាង​មុខ​សាលាស្រុក​រុក្ខ​គិរី ​។

ប្រភព​បាន​​បញ្ជាក់​ថា មន្ត្រីរាជការ​មួយ​ចំនួន​នៅ​ក្នុង​មូល​ដ្ឋាន​ និង​មន្ត្រី​មាន​អំណាច បាន​រុករាន​យក​ដី​ព្រៃ​សហ​គម​ន៍​ខាងលើ​នេះ​ម្នាក់​ៗ​រាប់រយ​ហិក​តា តែ​មន្ត្រី​ព្រៃឈើ​​មិន​រារាំង​ទេ លុះ​ប្រជា​ពលរ​ដ្ឋ​នៅ​តំបន់​​នោះចូល​កាប់​ឆ្ការ​​ដែរ ​ត្រូវ​អាជ្ញាធរ និង​មេព្រៃ​ចេញ​មុខ​គំរាមកំហែង​រារាំង​មិនឱ្យ​​ពលរ​ដ្ឋ​លូកដៃ​ ។

ដូច្នេះ​ហើយ​ ទើប​ប្រជា​ពលរដ្ឋ​កើត​ទុក​មិន​សុខចិត្ត​នាំ​គ្នា​តវ៉ា​​បែប​នេះ តែ​ពេល​នេះ​ពលរដ្ឋ​កំពុង​ផ្ទុះ​កំហឹង​ទ្វេ​រដង និងអះអាង​ថា នឹង​ឡើងទៅ​តវ៉ា​ដល់​សភាទៀត ប្រសិនបើ​មិន​ដោះស្រាយនោះ ខណៈ​មេព្រៃ​ទៅ​ដុត​​កម្ទេច​ផ្ទះ​របស់​ពួក​គាត់ តែ​មិន​អើពើ​នឹង​សកម្ម​ភាព​​រំលោភ​យក​​ដី​សហ​គ​មន៍​របស់​​​មន្ត្រីរាជ​​ការ​។