ស្រវឹងស្រា​បើករថយន្ត​បុក​រនាំង​ដែក​ពុះ​ចែកផ្លូវ​ទ្រេត​អស់​៥​ផ្ទាំង

រាជ​ធានីភ្នំពេញ ៖ រថយន្ត​RAV4 ​បើកបរ​ដោយ​យុវជន​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ទ្រេត​អស់​៥​ផ្ទាំង ។ ​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​១៦ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​​ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ពីរ​នាក់​បាន​បើករថយន្ត​បង្ក​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC 1968 បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​បើក​លឿន​ពេក​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ទ្រេត​អស់​៥​ផ្ទាំង ហើយ​រថយន្ត​បង្ក​បាន​បន្តដំណើរ​ទៅ​ដល់​មុខ​ភោ​ជនីយ​ដ្ឋា​ន​សមុទ្រ សាន សាន ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត​ និង​មនុស្ស ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ និង​ម្ចាស់​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ៕