ណោម ប៊ុន​ណាក់ ផ្តើមចេញពី​ជីវិត​ក្រ​តោកយ៉ាក​រហូត​ក្លាយជា​អ​គ្ក​នាយិកា​ក្រុមហ៊ុន​

Sanofi

​មុនពេល​បានទទួល​ជោគជ័យ​ក្នុង​ជីវិត អ្នកស្រី ណោម ប៊ុន​ណាក់ បាន​តស៊ូ​រើ បម្រះ​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​ងើប​ឲ្យ​ផុតពី​ជីវិត​ក្រ​តោកយ៉ាក​លំបាក​វេទនា រហូត​បាន​ក្លាយជា​អគ្គនាយិកា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​អ្នកស្រី ណោម ប៊ុន​ណាក់ គឺជា​អគ្គនាយិកា​ក្រុមហ៊ុន​«​ភូមិ​សិប្បកម្ម​សង្ឃឹម​»​ដែល​ធ្វើ​ការងារ​ជួយ​ដល់​សង្គម ដូចជា​ការបង្រៀន​ការប្រឹក្សា​យោបល់​ដល់​ប្រជាពលរដ្ឋ អំពី​របៀប​នៃ​ការប្រកបមុខរបរ​សិប្បកម្ម ក៏ដូចជា​ការធ្វើ​អាជីវកម្ម​ខ្នាតតូច​សម្រាប់​ស្ត្រី​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល និង សហគមន៍​ក្រីក្រ​ជាដើម ។​

ពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង អ្នកស្រី ណោម ប៊ុន​ណាក់ បាន​រៀបរាប់​ពី​ប្រវត្តិ​តស៊ូ​ខ្លះៗ​ថា អ្នកស្រី​កើត​នៅ​ឆ្នាំ ១៩៨០ នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​កូនចៅ​អ្នកស្រែ​ចម្ការ​មួយរូប​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ ។ អ្នកស្រី​មាន​បងប្អូន​ចំនួន ៨ នាក់ និង ស្លាប់​ប្អូនប្រុស​ពៅ​ម្នាក់​នៅសល់ ៧ នាក់ ហើយ​អ្នកស្រី​ជា​កូន​ទី ៧ ក្នុង​គ្រួសារ ។ កាលពី​ឆ្នាំ ១៩៨៧ អ្នកស្រី​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ដង្កោ​បន្ទាប់មក​ក៏​ចូល​អនុវិទ្យាល័យ​ទួល​អម្ពិល ហើយក៏​បន្ត​ចូល​វិទ្យាល័យ​ទួល​អម្ពិល​ដដែល ហើយ​បានបញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ ១៩៩៤ ។

នៅ​កំលុងពេល​កំពុង​សិក្សា​ចាប់តាំងពី​ថ្នាក់បឋមសិក្សា​រហូតដល់​ប្រឡង​ជាប់​បាក់​ឌុប ក្នុង​ជីវ​ភាពជា​អ្នកស្រែ​ចម្ការ​អ្នកស្រី​បាន​ឆ្លងកាត់​ខ្សែជីវិត​ដ៏​លំបាកលំបិន​ដោយសារ​កត្តា​ជីវភាព​គ្រួសារ​ដែល​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ និង ឪពុក​បាន​លាចាក​លោក​នេះ​ទៅហើយ ដោយបាន​បន្សល់ទុក​នូវ​កូនកំព្រា​ឪពុក​ចំនួន ៨ នាក់ ទាំង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ មិនទាន់​នឹង​ចេះ​រកស៊ី​ប្រកបមុខរបរ​អ្វី​ផង​នោះ ស្រប​ពេលដែល​នៅមាន​សមាជិកគ្រួសារ​ជាច្រើន​នៅ​តូចៗ ហើយ​មិនទាន់​ចេះ​ធ្វើ​ការងារ​អ្វី​សម្រាប់​ចិញ្ចឹមជីវិត​នៅឡើយ ។ កត្តា​ទាំងនេះហើយ​ដែល​ជំរុញ​ឲ្យ​បងប្អូន​របស់​អ្នកស្រី​មួយចំនួន​សម្រេចចិត្ត​ឈប់​ពី​ការសិក្សា ដើម្បី​ជួយ​រកប្រាក់​សម្រាប់​ចិញ្ចឹម​គ្រួសារ ។​

ចំណែក​អ្នកស្រី​វិញ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ​ថ្នាក់បាក់ឌុប​ហើយ ពេលនោះ​អ្នកស្រី​មិនមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហា វិទ្យាល័យ​ដូច​កូនចៅ​គ្រួសារ​ដទៃ ។ ពេលនោះ​អ្នកស្រី​គ្រាន់តែ​អាច​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ពេល​ថ្ងៃ រួច​ក៏​បន្ត​ការសិក្សា​ជំនាញ​វគ្គ​ខ្លីៗ​តាម​គ្រឹះស្ថាន ដែល​ប្រកាស​ផ្ដល់​អាហារូបករណ៍ សិក្សា​មិន​បង់ថ្លៃ ។ នាពេល​នោះដែរ​នៅក្នុង​ឆ្នាំ​២០០១ អ្នកស្រី​បាន​ដើរ​ដាក់​ពាក្យសុំ​តាម​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ធ្វើ​ការងារ​បន្ថែម​ដោយ​ស្ម័គ្រចិត្ត​មិន​យក​ប្រាក់ខែ គឺ​ក្នុង​គោលបំណង​ចង់បាន​តែ​បទពិសោធ​ដាក់ខ្លួន​ប៉ុណ្ណោះ​។

មិន​ត្រឹមតែ​អង្គការ ឬ ជំនាញ​តែមួយ​នោះទេ គឺ​អ្នកស្រី​បាន​ដើរ​ធ្វើការ​ស្ម័គ្រចិត្ត​ជាច្រើន​ជំនាញ​ទាក់ទង​នឹង​ការអប់រំ ជំនាញ​ប្រកបមុខរបរ ប្រឹក្សា​យោបល់​ទាក់ទង​នឹង​អាជីវកម្ម និង អាជីព​របស់​ស្ត្រី​ជាច្រើន​ជំនាញ​ទៀត ។ រហូតដល់​ឆ្នាំ ២០០៨ អ្នកស្រី​ក៏​ចាប់ផ្តើម​ចុះ​បង្រៀន និង ផ្តល់​បទពិសោធ​របស់​ខ្លួន​ឱ្យ​ប្រជាពលរដ្ឋ និង ស្ត្រី​តាម​តំបន់​ដាច់ស្រយាល​ដែល​មិនទាន់មាន​អាជីព ឬ មុខរបរ​សម្រាប់​ចិញ្ចឹមជីវិត​គ្រួសារ​របស់ខ្លួន​ក្រោម​ដំបូល​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​។​

អ្នកស្រី ណោម ប៊ុន​ណាក់ បាន​បន្តទៀត ថា ជាទូទៅ​អ្នកស្រី​បានផ្តល់​ការប្រឹក្សា​យោបល់​ទៅលើ​មុខរបរ និង អាជីព ដើម្បី​រក​ចំណូល​ជួយ​ផ្គត់ផ្គង់​គ្រួសារ​សម្រាប់​ស្ត្រី​ទាំងឡាយណា​ដែល​នៅផ្ទះ​មិនទាន់មាន​មុខរបរ ដូចជា ធ្វើជា​អ្នក​តម្បាញ​ហូល ផាមួង កន្សែង ក្រមា សំពត់ និង​អាជីព​អ្នក​កាត់ដេរ​ខោអាវ​គ្រប់​ប្រភេទ ក៏ដូចជា​មុខរបរ​ងាយៗ​បន្ទាប់បន្សំ​មួយចំនួនទៀត ។ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅក្នុង​គ្រួសារ ក្រៅពី​ពឹង​ផ្អែកលើ​បុរស​ជា​ប្តី​តែ​ម្នាក់ ស្ត្រី​ក៏​អាចមាន​មុខរបរ និង រក​ចំណូល​ដូច​បុរស​ដែរ ។

អ្នកស្រី និង ក្រុមការងារ​បាន​ចុះជួយ​ប្រឹក្សា​យោបល់​អំពី​មុខរបរ និង អាជីព​ក្នុង​គ្រួសារ ។ ស្ត្រី​នៅតាម​តំបន់​ជនបទ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​មុខវិជ្ជា ដែល​ក្រុមការងារ​របស់​អ្នកស្រី​បាន​បង្រៀន ហើយ​មាន​អ្នក​ខ្លះមក​ចាំមើល​ផ្លូវ​ក្រុមការងារ​របស់​អ្នកស្រី​ទៅ​បង្រៀន​ពួកគាត់​ទៀតផង ។ រៀន​ក្នុង​រយៈពេល ៦​ខែ គឺ​ពួកគាត់​អាច​នឹង​ចេះ និង អនុវត្ត​ដោយ​ខ្លួនឯងបាន ។ នៅពេលដែល​ពួកគាត់​អាច​ផលិត ឬ ធ្វើបាន​ហើយ​ពួកគាត់​មិនដឹងថា នឹងត្រូវ​យកទៅលក់​នៅ​កន្លែង​ណា​នោះទេ ដូច្នេះ​ពួកយើង​បាន​បង្កើត​គម្រោង​មួយទៀត គឺ​ប្រមូល​ទិញ​ផលិតផល​របស់​ពួកគាត់ ដើម្បី​យកទៅលក់​នៅ​ផ្សារ​ជាតិ និង អន្តរជាតិ ។

ការដែល​ពួកយើង​ធ្វើ​ដូចនេះ គឺ​ដើម្បី​បង្កើត​មុខរបរ និង រក​ទីផ្សារ​ឲ្យ​ពួកគាត់ ក៏ដូចជា​ធ្វើការ​លើកទឹកចិត្ត​ដល់​ពួកគាត់​ឲ្យ​បង្កើន​ការផលិត​ទ្វេដង ហើយ​ជួយ​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ជា​លក្ខណៈ​បន្ទាប់បន្សំ ។ កាលពី​ដំបូង​ឡើយ​អ្នកស្រី​បាន​បម្រើការ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែលមាន​គោលដៅ​ជួយ ផ្តល់​ជំនាញ​ដល់​ស្ត្រី​តាម​សហគមន៍​ក្រីក្រ និង ចុះ​តាម​មូលដ្ឋាន​ជនបទ​លើ​មុខជំនាញ​ដេរ​ប៉ាក់របៀប​ចាក់​ក្រង​ជា​រូប​ផ្សេងៗ និងជំនាញ​ត្បាញ ជាដើម។

លុះ​មកដល់​ឆ្នាំ ២០០៨ អង្គការ​មួយ​នេះ ត្រូវបាន​បញ្ចប់​គម្រោង និង ចប់​អណ​ត្តិ​របស់ខ្លួន អ្នកស្រី​ក៏បាន​លាឈប់​ពី​គម្រោង​ទាំងនេះ ប៉ុន្តែ​អ្នកស្រី​នៅតែ​បន្ត​គម្រោង ដោយ​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្ដាល​ក្រុម​ស្ត្រី​ទាំងនោះ​ឲ្យ​មាន​ជំនាញ​លើ​អាជីព​ទាំងនេះ​តាមតែ​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បង្កើន​ការផលិត តាម​តម្រូវការ​របស់​អ្នកបញ្ជា​ទិញ ។ រយៈពេល ៧ ឆ្នាំ​កន្លងផុតទៅ បេសកកម្ម​របស់​អ្នកស្រី​បានទទួល​ជោគជ័យ​ដោយ សារ​អ្នកស្រី​បាន​កែប្រែ​ចំណុច​មួយចំនួន​របស់​អង្គ ការ​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​មួយ ដែល​បម្រើ​សេវាកម្ម​នាំចេញ​នាំចូល​ផលិតផល​ក្នុងស្រុក និង ក្រៅ​ស្រុក សម្រាប់​ទិញ ឬ លក់​ផលិតផល​របស់​ក្រុម​ស្ត្រី ដែល​អ្នកស្រី​បានផ្តល់​បទពិសោធ​កន្ល​ង​មក ។

រយៈពេល​នៃ​ការបង្កើត​គម្រោង​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨០ គ្រួសារ ដែល​បានទទួល​ជោគជ័យ​លើ​មុខ​ជំនួញ និង អាជីវកម្ម​ខា្ន​ត​តូច​ជា​លក្ខណៈ​គ្រួសារ​របស់ខ្លួន និង ជា​សមាជិក​របស់​ក្រុមហ៊ុន «​ភូមិ​សិប្បកម្ម​សង្ឃឹម​» ។ បច្ចុប្បន្ន​ក្រុមហ៊ុន «​ភូមិ​សិប្បកម្ម​សង្ឃឹម​» បាន​ពង្រីក​សមាជិករ​បស់​ខ្លួន​ជាច្រើន​កន្លែង​ដូចជា ខេត្តកំពង់ធំ ចំនួន ៣ កន្លែង​, តាកែវ​, កណ្ដាល និង​តាម​ជាយ​រាជធានី​ភ្នំពេញ​ផងដែរ ។ សព្វថ្ងៃនេះ ក្រុមហ៊ុន​មាន​បុគ្គលិក​ចំនួន ១២៨ នាក់ សរុប​ទាំង​គ្រូបង្រៀន និង អ្នក​ប្រឹក្សា​យោបល់​ដល់​ប្រជាពលរដ្ឋ ។

ព្រម​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​បាន​នាំចេញ​ផលិតផល​ដូចជា សំពត់​ហូល ផាមួង កន្សែង ក្រមា​អាវ​ចាក់​ស្បៃ និង ផលិតផល​កែច្នៃ​ផ្សេងៗ​ជាច្រើន​ទៀត ។ ទន្ទឹមនឹង​ការនាំចេញ​នេះ​ក្រុមហ៊ុន​បាន​ពង្រីក​ការនាំ​ផលិតផល​របស់ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មួយចំនួន​ដូចជា សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប ជប៉ុន ហុងកុង ស៊ី​ង​ហ្គា​ពួរ និង បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​យើង​នេះ​ផងដែរ ។ ការឆ្លងកាត់​ឆាកជីវិត​ជា​កូនអ្នកមាន​ជីវភាព​ក្រលំបាក ស្គាល់​តែ​ភាព​ល្វីង​ជូរចត់ និង ភាព​អត់ ឃ្លាន​នោះ បាន​ជំរុញ​ឲ្យ​អ្នកស្រី​ប្តេជ្ញាចិត្ត​ដើម្បី​រើបម្រះ​ចេញពី​ភាពក្រីក្រ​នេះ​ដោយ​ខ្លួនឯង និង ឆ្លៀតឱកាស​ជួយ​អ្នក​នៅ​ជុំវិញខ្លួន​ផងដែរ ។

អ្នក ស្រី​ចាប់ផ្តើម​ចេះ​ជួយ​ទុក្ខ​ធុរៈ​អ្នកដទៃ​ចាប់តាំងពី​អ្នកស្រី​បាន​បម្រើការ​ក្នុង​អង្គការ និង មាន​ចំណាប់ អារម្មណ៍​លើ​វិស័យ​អប់រំ ក៏ដូចជា​ការចែករំលែក​បទពិសោធ​ទៅកាន់​អ្នកដទៃ​តាម​លទ្ធភាព ។ ម្យ៉ាងវិញទៀត ស្ត្រី​មួយចំនួន​នៅតាម​តំបន់​ដាច់ស្រយាល​មាន​ជីវភាព​មិនសូវ​ធូរធា​រ ដោយ​កត្តា​គ្មាន​ការងារ និង មុខជំនាញ​ផ្សេងៗ ។ ដូច្នេះហើយ​អ្នកស្រី​មើលឃើញថា ខ្លួនឯងបាន​រីកចម្រើន​ហើយ តែ​ក៏​ចង់​ឲ្យ​ស្ត្រី​ដែលមាន​ជីវភាព​ខ្វះខាត និង មិនអាច​មានលទ្ធភាព​បញ្ជូន​កូនចៅ​របស់ខ្លួន​ឲ្យ​ទៅ​រៀនសូត្រ​បាន អ្នកស្រី​បាន​ជួយ​បណ្តុះបណ្តាល​ពីមុខ​ជំនាញ​ដល់​អ្នក​ទាំងនោះ ដើម្បី​ឲ្យ​ពួកគាត់​មានការ​ងារ​ធ្វើ​អា​ចរក​ចំណូល​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ខ្លះ ។ បច្ចុប្បន្ន​អ្នកស្រី ណោម ប៊ុន​ណាក់ ជា​អគ្គនាយិកា​ក្រុមហ៊ុន «​ភូមិ​សិប្បកម្ម​សង្ឃឹម​» អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ ២០០៦ រហូត មក ដល់​បច្ចុប្បន្ននេះ​អ្នកស្រី​មានកូន​ប្រុស​ស្រី​ចំនួន ៣ នាក់ ៕​សុទ្ធ គឹម​សឿន​

 

​ ​ ​

Related