​ទីតាំង​សង្ស័យ​១៥០​កន្លែង​ត្រូវ​ឆែកឆេរ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​នៅ​ក្រុងប៉ារីស​

​បារាំង​៖​ប៉ូលិស​បារាំង​បានចាប់ផ្តើម​យុទ្ធនា​ការចុះ​ឆែកឆេរ​ទីតាំង​សង្ស័យ​១៥០​កន្លែង​ចាប់តាំងពី​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​ក្នុង​ក្រុងប៉ារីស​ដែល​សម្លាប់​មនុស្ស​ជាង​១០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​នាយករដ្ឋមន្ដ្រី​បារាំង Manuel Valls កាលពី​ម្សិលមិញ​។ 

​ប្រភពពី​ប៉ូលិស​បារាំង​បាន​ឲ្យ​ដឹង​ទៀតថា ការចុះ​ឆែកឆេរ​ក៏បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​មួយចំនួនទៀត​របស់​បារាំង ក្នុងនោះ​មាន​ទីក្រុង​Bobigny និង​នៅ​តំបន់​ជាយក្រុង​ភាគ​ខាងកើត​។ ការចុះ​ឆែកឆេរ​១៣​លើក​ត្រូវបាន​ធ្វើឡើង​នៅ​ជុំវិញ​ភាគ​អាគ្នេយ៍​ទីក្រុង Lyon​ប្រទេស​បារាំង​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​ក្នុង​តំបន់​។ ប្រភព​ដដែល​បន្តថា ការធ្វើ​យុទ្ធនាការ​នេះ​បាន​ឈានដល់​ការចាប់ខ្លួន​មនុស្ស​៥​នាក់ និង​រឹបអូស​បាន​ឃ្លាំង​អាវុធ ឧបករណ៍​បាញ់​គ្រាប់​រ៉ុ​ក​ក្កែ​ត​មួយ កាំភ្លើង អាវ​ក្រោះ និង​ឧបករណ៍​ផ្សេងៗ​ទៀត​។​

​ប៉ូលិស​បាន​ចុះ​ឆែកឆេរ​ផងដែរ​នៅក្នុង​ទីក្រុង​Toulouse​នៅ​ភាគ​និរតី ប្រទេស​បារាំង ជា​កន្លែង​ដែល​យ៉ាងហោចណាស់​មាន​មនុស្ស​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​ព្រះរាជអាជ្ញា​ក្នុង​តំបន់​។ ដោយឡែក​នៅក្នុង​ទីក្រុង​Grenoble មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន រួមទាំង​រឹបអូស​យក​កាំភ្លើង​និង​ប្រាក់​មួយចំនួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការចុះ​ឆែកឆេរ​នេះ ក្រោយ​មានការ​វាយប្រហារ​៧​កន្លែង​ផ្សេងគ្នា​ក្នុង​ក្រុងប៉ារីស សម្លាប់​មនុស្ស​១២៩​នាក់ និង​ជាង​៣៥០​នាក់​រងរបួស ៕

​ទីតាំង​សង្ស័យ​១៥០​កន្លែង​ត្រូវ​ឆែកឆេរ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​នៅ​ក្រុងប៉ារីស​