លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា មិនមានប្រើ Facebook ទេ!

ភ្នំពេញ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ អតីតទីប្រឹក្សាផ្ទាល់លោក កឹម សុខា បានចេញមកអះអាងថា រូបលោកមិន  មានប្រើប្រាស់បណ្តាញសង្គម Facebook ហើយក៏មិនបានធ្វើការអត្ថាធិប្បាយពាក់ព័ន្ធការចេញដីកាចាប់ខ្លួនរបស់  លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរ។

ការចេញមកបដិសេធរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ទីប្រឹក្សារបស់លោក កឹម សុខា ដែលទើបអស់តួនាទីបន្ទាប់   ពីលោក កឹម សុខា ត្រូវដកហូតតំណែងអនុប្រធានទី១ នៃរដ្ឋសភា បានធ្វើឡើងក្រោយពេលមានទំព័រ Facebook   មួយដាក់ឈ្មោះ ថា «ឡៅ ម៉ុងហៃ» បានធ្វើការអត្ថាធិប្បាយជុំវិញការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ដោយ  បានហៅការចេញដីកានេះថា ជាល្បែងឆ្ពិនភ្នែក មានវៀតណាម នៅពីក្រោយ។

ក្រោយពេលឃើញសារមួយនេះ ត្រូវបានផ្សព្វផ្សាយលើទំព័រព័ត៌មាននានា ធ្វើឲ្យលោក ឡៅ ម៉ុងហៃ មានការភ្ញាក់   ផ្អើល និង ចេញមកច្រានចោលភ្លាមៗផងដែរ។

លោក ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ថា « មិនមានការពិតទាល់តែសោះ។ ខ្ញុំគ្មាន ហ្វេសប៊ុក មិនដែលដឹងដោយផ្ទាល់ថាមានហ្វេសប៊ុកឈ្មោះ ឡៅ ម៉ុងហៃ   និងមិនដែលសរសេរបង្ហោះតាមហ្វេសប៊ុក ទាល់តែសោះ»។

បើទោះបីជាលោកបណ្ឌិត ឡៅ ម៉ុងហៃ បដិសេធថា មិនមានប្រើទំព័រ Facebook យ៉ាងណាក្តី តែនៅលើទំព័រ  Facebook ឈ្មោះថា «ឡៅ ម៉ុងហៃ» ដែលបង្កើតឡើងកាលពីអំឡុងខែមករា ឆ្នាំ២០១៤ និងមានអ្នកចុច Like  រហូតដល់ទៅជាង ២ម៉ឺននាក់នេះ បានបង្ហោះសារមាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិ ព្រមទាំងបានបង្ហោះ  រូបភាពបង្ហាញពីសកម្មភាពផ្ទាល់ខ្លួនរបស់លោក ឡៅ ម៉ុងហៃ ជាច្រើនសន្លឹកផងដែរ៕

លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា មិនមានប្រើ Facebook ទេ!