ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ស្វែងរក​ផលប្រយោជន៍​

​លោក​ឧ​ត្ត​ម​សេន៍​យ៍​ឯក រុន រ័ត្ន​វាសនា ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥ កំពុង​ប្រើ​អំណាច​និង​តួនាទី​ស្វែងរក​ផលប្រយោជន៍​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​អាជីវករ​និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ត្រពាំង​ផ្លុ​ង ចូលមក​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨​ក្តៅក្រហាយ​យ៉ាងខ្លាំង​។ ដោយហេតុថា មន្ត្រីនគរបាល​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក រុន រ័ត្ន​វាសនា ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​អាជីវករ​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​បាន​ឲ្យ​ដឹងថា នគរបាល​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ក្រោម​ការគ្រប់គ្រង​របស់លោក រុន រ័ត្ន​វាសនា បាន​ដើរតួនាទី​ជំនួស​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​យ៉ាង​គឃ្លើន ដោយ​ត្រួតពិនិត្យ​ទៅលើ​ប​ចេ្ច​ក​ទេស​យានយន្ត និង​បញ្ហា​ផ្សេងៗ​ទៀត ហើយ​ផាកពិន័យ​ក្នុង​មួយ​រថយន្ត​ចេញ​វិក្កយបត្រ​ជាច្រើន​សន្លឹក រួច​តម្រូវ​ឲ្យ​បង់ប្រាក់​ចាប់ពី​១០​ម៉ឺន​រៀល​ឡើងទៅ​។ ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​មាន​លក្ខណៈ​ប​ចេ្ច​ក​ទេស​ត្រឹមត្រូវ ផ្ទុកទំនិញ​ស្របច្បាប់​និង​មាន​ឯកសារ​គ្រប់គ្រាន់​យ៉ាងណាក៏ដោយ ក៏​កូនចៅ​លោក រុន រ័ត្ន​វាសនា ប្រើល្បិច​ជំរិត​យកលុយ​ឲ្យ​ខាន​តែ​បាន​។ ជាក់ស្តែង​កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​១២​ឈានចូល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ កូនចៅ​លោក រុន រ័ត្ន​វាសនា បាន​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកទំនិញ​លើផ្លូវ​ជាតិ​លេខ​៨ ជាច្រើន​គ្រឿង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​និង​អា​ជីករ​ដឹកជញ្ជូន​ទំនិញ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ទម្លាយ​រឿងអាស្រូវ​នេះ​ជា​សាធារណៈ​។

​គួរ​រំលឹក​ដែរ​ថា​កន្លងមក​លោក រុន រ័ត្ន​វាសនា ធ្លាប់​ទទួលបាន​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ ត្រឹមតែ​៧​ខែ​ប៉ុណ្ណោះ​ក៏ត្រូវ​ដកហូត​តំណែង​នោះ​វិញ​យ៉ាង​ទាន់ហន់​បំផុត​។ ប្រភពពី​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ការដកហូត​តំណែង​លោក រុន រ័ត្ន​វាសនា ពី​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គឺ​ដោយសារតែ​មន្ត្រី​រូបនេះ​ប្រព្រឹត្ត​អំពើពុករលួយ​ស្វែងរក​ផលប្រយោជន៍​យ៉ាង​គឃ្លើន ហើយ​ប៉ះចំ​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ ក៏ត្រូវ​របូត​ពី​តំណែង​តែម្តងទៅ​។ ឥឡូវនេះ​ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ ស្រាប់តែ​លោក រុន រ័ត្ន​វាសនា បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យកលុយ​ពី​ក្រុមហ៊ុន និង​អាជីវករ​ដឹកទំនិញ​ខុសពី​តួនាទី​របស់ខ្លួន ដូច្នេះ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​ទុក​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​៕

642​លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ