​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ថ្លែង​ពី​ការជួយ​គាំទ្រ ការវិនិយោគ​ពាក់ព័ន្ធ សហរដ្ឋអាមេរិក នៅ​កម្ពុជា

ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​សុន្ទរកថាក្នុង​សិក្ខាសាលា​មួយ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ស្តីពី “​ការសិក្សា​អំពី របៀប​ដែល​សាជីវកម្ម វិនិយោគឯកជន​បរទេស (OPIC) អាចជួយ​គាំទ្រ​ដល់ ការវិនិយោគ​ពាក់ព័ន្ធ សហរដ្ឋអាមេរិក នៅ​កម្ពុជា​”​។

​សិក្ខាសាលា​នេះ ដែល​រៀបចំឡើង​ដោយ ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ក៏មាន​ការអញ្ជើញ​ចូលរួម ពី​លោកស្រី Julie Chung អនុប្រធាន​បេសកកម្ម នៃ​ស្ថានទូត​អាមេរិក លោក Geoffrey Tan នាយក​គ្រប់គ្រង​មកពី OPIC ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក និង​សហការី ព្រមទាំង​ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន និង​អ្នកតំណាង ជាច្រើនរូប​ទៀតផង​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​អំណរគុណ និង​កិច្ច​ស្វាគមន៍​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នកចូលរួម​សិក្ខាសាលា​ទាំងអស់ និង​ការកោតសរសើរ​ដល់ OPIC ដែល​បាន​ឆ្លៀតឱកាស​ដ៏​មានតម្លៃ ក្នុងការ​ធ្វើ​បទ​បង្ហាញ ទាក់ទង​នឹង​អង្គភាព​វិស័យ​ឯកជន​របស់​កម្ពុជា ដែលមាន​លក្ខណៈសម្បត្តិ អាច​ទទួលបាន​ការគាំទ្រ​ពី OPIC ក្នុង​គោលដៅ​ពង្រីក និង​អភិវឌ្ឍ​អាជីវកម្ម ក្នុងស្រុក​នៅ​កម្ពុជា និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រទេស​របស់​យើង​បន្ថែមទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី បានកត់សម្គាល់​អំពី តម្លៃ​និង​សារសំខាន់​ដែល OPIC នាំមក​នូវ​ការអភិវឌ្ឍ នៅ​កម្ពុជា ដែល OPIC ធ្វើ​ការងារ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន ដល់​វិនិយោគិន ព្រមទាំង​មានការ​ធានា និង​ការធានារ៉ាប់រង ពី​ហានិភ័យ​នយោបាយ និង​ការគាំទ្រ​ដល់​មូលនិធិ វិនិយោគ​ភាគហ៊ុន​ឯកជន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកទឹកចិត្ត​ឲ្យ ពាណិជ្ជករ​ទាំងអស់ ដែល​ចូលរួម​សិក្ខាសាលា ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ OPIC ដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្បាស់ អំពី​របៀប​ទាញយក អត្ថប្រយោជន៍​ពី​ឱកាស​នេះ ដើម្បី​ទទួលបាន​មូលនិធិ​ពី OPIC សម្រាប់​អាជីវកម្ម​របស់ខ្លួន​៕V​/S

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ថ្លែង​ពី​ការជួយ​គាំទ្រ ការវិនិយោគ​ពាក់ព័ន្ធ សហរដ្ឋអាមេរិក នៅ​កម្ពុជា

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ថ្លែង​ពី​ការជួយ​គាំទ្រ ការវិនិយោគ​ពាក់ព័ន្ធ សហរដ្ឋអាមេរិក នៅ​កម្ពុជា

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ថ្លែង​ពី​ការជួយ​គាំទ្រ ការវិនិយោគ​ពាក់ព័ន្ធ សហរដ្ឋអាមេរិក នៅ​កម្ពុជា