សមត្ថកិច្ច​ស្រុក​ល្វាឯម ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

​កណ្តាល: កម្លាំង​សមត្ថកិច្ច​ស្រុក​ល្វាឯម បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​បាន​ប្រើ​ហិង្សា និង​វាយ​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស រឿង​ជំពាក់​លុយ​គេ​ច្រើន ។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ជិត ៤ រសៀល ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ហួន ម៉ា​លីន ភេទ​ស្រី អាយុ​២៩​ឆ្នាំ  មុខរបរ លក់​កាហ្វេ (​ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​)​។ ជនសង្ស័យ​ឈ្មោះ សុខ វណ្ឌី ហៅ មិន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច បាន​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ ហួន ម៉ា​លីន ជា​ប្រពន្ធ បានមកពី​បង់លុយ ជំពាក់​ធនាគារ​ស្ថាបនា ហើយ​អង្គុយ​ហូបបាយ នៅលើ​គ្រែ​មុខផ្ទះ ត្រូវ​ឈ្មោះ សុខ វណ្ឌី ហៅ មិន ជា​ប្តី​បាន​ជេរ និង​ស្តីបន្ទោស​អំពី​រឿង ជំពាក់​លុយ​គេ​ច្រើន ហើយ​ប្តី​បាន​យក​ផ្លែ​ចេក​គប់​មកលើ​ប្រពន្ធ ព្រមទាំង​ស្ទុះ​មក​ទះកំផ្លៀង​ប្រពន្ធ​មួយ​ដៃ​។ ប្រពន្ធ​បាន​ទាញ​កាំបិតប៉័ងតោ​គប់​ប្តី​វិញ តែ​មិនត្រូវ ក៏មាន​ការប្រតាយ ប្រតប់​គ្នា ហើយ​ប្តី​បាន​វាយ​ប្រពន្ធចំនួន​ពីរបី​ដៃ អុក​នឹង​ជង្គង់ បណ្តាល​ឲ្យ​ប្រពន្ធ​ជាំមុខ និង​ឈឺ​ចុកចាប់​ពេញ​ខ្លួន ។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនដៃដល់ បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក ល្វាឯម ដើម្បី​សាកសួរ និង​ចាត់ការ​តាម នីតិវិធី​នៃ​ច្បាប់​៕V​/S

សមត្ថកិច្ច​ស្រុក​ល្វាឯម ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

សមត្ថកិច្ច​ស្រុក​ល្វាឯម ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ហិង្សា​ក្នុង​គ្រួសារ​