សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទទួល​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស ផ្នែក​កីឡា​ប៉េតង់ ពិភពលោក ពីរ​ជំនាន់​

ភ្នំពេញ: គេហទំព័រ Facebook ផ្លូវការ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ផ្សាយ​ថា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី ទទួល​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាសផ្នែក​កីឡា​ប៉េតង់​ពិភពលោក ឆ្នាំ​២០១៥​។

​កីឡាការិនី កែ ឡេង បាន​ប្រកួត​ឈ្នះសាជាថ្មី​ម្តងទៀត នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់ ពិភពលោក​លើក​ទី​១៥ ផ្នែក​ស្ត្រី នៅ​ប្រទេស​ថៃ កាលពី​ដើមខែ វិច្ឆិកា ២០១៥​។​

​គេហទំព័រ Facebook សម្តេច​តេ​ជោ នឹង​ផ្សាយ​បន្ត​ផ្ទាល់ អំពី​ពិធី​នេះ​ពី​វិមាន​សន្តិភាព ជូន​ប្រជាពលរដ្ឋ និង​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេសបាន​ទស្សនា​ផងដែរ​។​

​ថ្ងៃទី​១៧ វិច្ឆិកា​នេះ កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ប៉េតង់ ជើងឯក​ពិភពលោក ២ ជំនាន់ នឹងត្រូវ​រាជរដ្ឋាភិបាល រៀបចំ​ក្បួន​ដង្ហែ​ជា​កិត្តិយស ចាប់ផ្ដើម​ចេញដំណើរ ពី​វិមាន​សន្តិភាព​។ នេះ​ជា​លើក​ទី ២ ក្នុង​ឆ្នាំ​តែមួយ ដែល​កីឡាការិនី​រូបនេះបានទទួល​កិត្តិយស​ដោយ​ជិះ​រថយន្ដ​ដង្ហែ​ជា​ក្បួន ក្នុង​ទីក្រុង​ភ្នំពេញ ដោយមាន​ក្បួន​ម៉ូតូ ស ចំនួន ១២ គ្រឿង អម​នោះ​។​

​ក្នុង​ក្បួន​ដង្ហែ​នោះ គឺមាន​ម៉ូតូ​ប៉ូលិសនាំមុខ​ក្បួន បន្ទាប់មករថយន្ដ​ប៉ូលិស ដែលមាន​រថយន្ដ​ឆៃយ៉ាំនៅជាប់​ពីក្រោយ ទើប​រថយន្ដ​កីឡាការិនី កែ ឡេង ដែល​អមដោយ​ម៉ូតូ ស ចំនួន ១២​គ្រឿង​។​

​បន្ទាប់ពី​រថយន្ដ​កីឡាការិនី កែ ឡេង គឺ​រថយន្ដ​របស់លោក​អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា​។ បន្ទាប់ពីនោះ អនុញ្ញាត​ឲ្យ​មាន​រថយន្ដ​បន្ទាប់​តែ ៥ គ្រឿង​ទៀត​ប៉ុណ្ណោះ ដោយមាន​ទាំង​រថយន្ដ ដឹក​សិស្ស​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា ដែល​ក្រោយបង្អស់ គឺ​រថយន្ដ​ប៉ូលិស ។​

​ក្បួន​ដង្ហែ​ដែល​ចេញពី​វិមាន​សន្តិភាព​នោះ គឺ​ឆ្ពោះទៅ​ស្តុ​ប​កាណាឌីយ៉ា បន្ទាប់មក​ទៅ​ស្ដុ​ប​ពេទ្យ​អង្គឌួង បន្តដំណើរ​តាម​មហាវិថី​ព្រះ​នរោត្តម​ឆ្ពោះទៅកាន់​វិមានឯករាជ្យ ដង្ហែ​មួយ​ជុំ​សួនច្បារ​នាគ​បាញ់​ទឹក ដោយ​ត្រឡប់មកវិញ​កាត់មុខ​ផ្ទះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​ឆ្ពោះទៅកាន់​ស្ដុ​ប​នាយកដ្ឋាន​ជលផល ឆ្ពោះទៅកាន់​ស្តុ​ប​បូកគោ ហើយ​បន្តដំណើរ​តាម​មហាវិថី​ព្រះមុនីវង្ស ឆ្ពោះ​មក​ខាងលិច​ផ្សារ​ធំថ្មី ទើប​បន្តដំណើរ​តាមផ្លូវ​កម្ពុជា​ក្រោម ឆ្ពោះទៅ​ស្តុ​ប​សន្ធរម៉ុក ។ មកដល់​ស្ដុ​ប​សន្ធរម៉ុក បន្តដំណើរ​តាម​វិថី​ម៉ៅ​សេទុង ឆ្ពោះទៅ​ផ្សារ​ដើម​គ ត្រឡប់មក​អាងទឹក​អូ​ឡាំ​ពិ​ក បន្ត​មក​ស្ដុ​ប​ផ្សារ​ដេប៉ូ ស្តុ​ប​ដេ​អិន ហើយ​ឡើងមក​មហាវិថី​សហព័ន្ធរុស្ស៊ី សំដៅទៅ​វត្តភ្នំ ទើប​ឡើងទៅ​ស្ដា​ត​ចាស់ ដែលជា​កន្លែង​បញ្ចប់​កម្មវិធី​ដង្ហែក្បួន។

ប្រវត្តិរូប​សង្ខេប​រប​ស់លោក​ស្រី កែ ឡេង​៖
​កើត​នៅ​ឆ្នាំ​១៩៦២ នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកស្រី កែ ឡេង បាន​ចាប់​អាជីព​ដំបូង ខាង​កីឡាបាល់ទះ​។ នៅ​ឆ្នាំ​១៩៨២ លោកស្រី កែ ឡេង ដែលជា​កូនកំព្រា ត្រូវបាន​ជ្រើស​ជា​កីឡាការិនី​បាល់ទះ ប្រចាំ​កងយោធពល​ខេមរភូមិន្ទ​។ អំឡុងពេល​ជា​កីឡាការិនី​បាល់ទះ លោកស្រី កែ ឡេង ក៏បាន​ជាប់​ឈ្មោះ ជា​បុគ្គលិក​ក្នុង​ក្រសួងការពារជាតិ រហូតដល់​សព្វថ្ងៃ​។​

​នៅ​ឆ្នាំ​១៩៨៧ លោកស្រី កែ ឡេង បាន​រៀបការ​ជាមួយ​បុរស​ម្នាក់ ជា​កងទ័ពជើងគោក​។ រហូតដល់​សព្វថ្ងៃ មានកូន ២ នាក់​។ កូនប្រុស​ច្បង ជា​មន្ត្រី​នៅ​ក្រសួងការពារជាតិ ហើយ​ចូលចិត្ត​លេង​ប៉េតង់ ( បោះ​ប៊ូល )​។ រីឯ​កូនស្រី​ពៅ រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បះ​។​

​នៅពេល​ក្រសួងការពារជាតិ បាន​រំសាយ​ក្រុម​បាល់ទះ​នារី នៅ​ឆ្នាំ​១៩៩៧ លោកស្រី កែ ឡេង បាន​ប្ដូរ​អាជីព​ទៅ​ហាត់​កីឡា​ប៉េតង់ ( ប៊ូល ) រហូតដល់​សព្វថ្ងៃ​។​
 
​ការប្រកួត​ជា​អន្តរជាតិ លើកដំបូង នៅ​ខែកញ្ញា ឆ្នាំ​១៩៩៩ លោកស្រី កែ ឡេង ដណ្តើមបាន​ពានរង្វាន់ ជើងឯក​អាស៊ី លើក​ទី​៣ ដោយ​ទទួលបាន​មេដាយមាស​១​។ ជា​បន្ត​បន្ទាប់មកទៀត លោកស្រី កែ ឡេង ទទួលបាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​ចុងក្រោយ​មេដាយមាស ជើងឯក​ប៉េតង់​អាស៊ាន លើក​ទី​២ នៅ​ខែមីនា ឆ្នាំ​២០១៥​៕V/S

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទទួល​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស ផ្នែក​កីឡា​ប៉េតង់ ពិភពលោក ពីរ​ជំនាន់​

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទទួល​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស ផ្នែក​កីឡា​ប៉េតង់ ពិភពលោក ពីរ​ជំនាន់​

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទទួល​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស ផ្នែក​កីឡា​ប៉េតង់ ពិភពលោក ពីរ​ជំនាន់​