សាលាក្តី​ខ្មែរក្រហម បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​១

ភ្នំពេញ: អង្គជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្តី​ចម្រុះ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម នៅព្រឹកថ្ងៃទី១៧វិច្ឆិកានេះ បាន​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ ក្នុង​សំណុំរឿង ០០២ វគ្គ​១ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
 
​សាលាក្តី​ខ្មែរក្រហម បានប្រកាសថា សវនាការ​រយៈពេល​បី​ថ្ងៃនេះ​ពាក់ព័ន្ធ​ទៅនឹង​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា ព្រមទាំង​ជនជាប់ចោទ នួន​ជា និង​ខៀវ​សំផន ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​សំណុំរឿង​០០២/០១ ដែល​បានចេញ នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤​។

​អង្គជំនុំជម្រះ​សាលាដំបូង បាន​រកឃើញថា ជនជាប់ចោទ នួន​ជា និង​ខៀវ​សំផន មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បានសម្រេច​ប្រកាស​ទោស ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ​អស់​មួយជីវិត​។​

​សេចក្តីប្រកាស​បង្ហាញថា សវនាការ​នេះ ពាក់ព័ន្ធ​ទៅនឹង​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា នួន​ជា និង​ខៀវ​សំផន ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​សំនុំរឿង ០០២/០១ ដែល​បានចេញ​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤​។ បណ្តឹងសាទុក្ខ​នេះ គឺមាន​ទំហំធំធេង និង​ស្មុគស្មាញ ប្រសិនបើ​ប្រៀបធៀប​នឹង​កិច្ចដំណើរការ​នីតិវិធី​ដទៃទៀត ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃោរឃៅ​ដ៏​ធ្ងន់ធ្ងរ ដែល​រង​ការចោទប្រកាន់​នោះ​។​

​សេចក្តីប្រកាស លើកឡើងថា នួន​ជា និង​ខៀវ​សំផន បានធ្វើ​បណ្តឹងសាទុក្ខ​ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ បាន​លើក​ទឡ្ហីករណ៍​បណ្តឹងសាទុក្ខ​ចំនួន ២២៣ និង ១៤៨ រៀងៗ​ខ្លួន​។ ចំណែក សហ​ព្រះរាជអាជ្ញា​វិញ បានដាក់​បណ្តឹងសាទុក្ខ​ដោយ​កម្រិត​ត្រឹមតែ​ស្វែងរក​ដំណោះស្រាយ ដែល​ប្រកាស​ដោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល ទាក់ទង​នឹង​ភាព​អាច​អនុវត្តបាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ហៅថា “​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី​៣”​។​

​សូមបញ្ជាក់ថា សំណុំរឿង​០០២ វគ្គ​១ គឺជា​ការជំនុំជម្រះ​លើក​ទី​១ នៃ​ការជំនុំជម្រះ​យ៉ាងតិច​ពីរ ប្រឆាំងនឹង​ខៀវ​សំផន ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន​ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​។

​បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២ វគ្គ​១ គឺ​ផ្តោតលើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​រង​ការចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ និង​ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង​ការកាប់សម្លាប់ ដែល​រង​ការចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់​។​
​    ​
​បន្ទាប់ពី​សវនាការ​រ​យៈ​ពេល ៣ ថ្ងៃនេះ តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​ប្រកាស​សាលក្រម​លើ​បណ្ដឹងសាទុក្ខ​របស់​ជន​ជាប់ចោទ នួន​ជា និង​ខៀវ​សំផន ក្នុង​សំណុំរឿង​០០២ វគ្គ​១ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ខាងមុខ​៕