ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​ឆបោក​ម៉ូតូ យកទៅ​បញ្ចាំ យកលុយ​ស៊ីចាយ និង​ជក់​ថ្នាំញៀន​អស់​

​កណ្តាល: ស្ត្រី​ម្នាក់ បាន​ត្រូវ​ជនរងគ្រោះឃាត់ខ្លួន ពីបទរំលោភ​លើ​ទំនុកចិត្ត ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​នីតិវិធី បន្ទាប់ពី​ខ្ចី​ម៉ូតូ​គេ​ថា ទៅនោះ​មួយ​ភ្លែត ហើយ​បង្ហួស​យកទៅ បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ បាន​លុយ ២២0 ដុល្លារ យកលុយ​ស៊ីចាយ ជក់​ថ្នាំញៀន​អស់​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រសៀល ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ម្តុំ​វាល​ខ្សាច់ ចាក់អង្រែលើ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ តឹ​ប ចាន់​ណេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ រត់​ម៉ូតូឌុប​។ ជនសង្ស័យ​ឈ្មោះ តូច​លក្ខិណា ហៅ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ យកទៅ​បញ្ចាំ ម៉ាក ស៊ុយ​ហ្ស៊ូ​គី ស្មាស់​ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1X9635 ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​យក​ម៉ូតូ​របស់ខ្លួន ឌុប​ជនសង្ស័យ ជិះ​មក​ផ្តុំ​ផ្សារ​តាខ្មៅ​ថ្មី​។ បន្ទាប់មក ជនសង្ស័យ បាន​សុំ​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ថា ខ្ចី​ជិះ​ទៅ​ទីនេះ​មួយ​ភ្លែត រួចហើយ​ជនសង្ស័យ បាន​ជិះ​យកទៅដាក់​បញ្ចាំ នៅ​ផ្សារ​ឃ្លាំង​រំសេវ បាន​លុយ ២២0 ដុល្លារ យកលុយ​ស៊ីចាយ ជក់​ថ្នាំញៀន​អស់​ទៅ​។

​រហូតមកដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​និង​៣០​នាទី ជនរងគ្រោះ បានឃើញ​ជនសង្ស័យ នៅ​ម្តុំ​វាល​ខ្សាច់ ចាក់អង្រែលើ រួច​ក៏បាន​ឃាត់ខ្លួន យកមក​ប្រគល់ ឲ្យ​សមត្ថកិច្ច​តែម្តង​។ តាម​ចម្លើយ​របស់​ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​ជនរងគ្រោះ យកទៅ​បញ្ចាំ​ពិតប្រាកដ​មែន​៕V​/S

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​ឆបោក​ម៉ូតូ យកទៅ​បញ្ចាំ យកលុយ​ស៊ីចាយ និង​ជក់​ថ្នាំញៀន​អស់​