ប្រជា​ការពារ​ឃុំ​ទឹក​ហូត​ទទួល​​​ខោអាវ​​ និង​វិទ្យុទាក់ទង​ ពី​លោក​​ស្រី ជូ ប៊ុ​ន​អេ​ង ​

ខេត្តកំពង់ឆ្នាំង ​៖ នៅ​ប៉ុ​ស្តិ៍​រដ្ឋបាលនគរបាល​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ នា​រសៀល​ថ្ងៃ​ទី១៦ ​វិច្ឆិកា ២០១៥ មាន​​​រៀប​ចំ​ពិធីចែក​ខោអាវ​ប្រជា​ការពារ និង​វិទ្យុទាក់ទង ជូន​ដល់​ប្រជា​ការពារ​ឃុំ​ទឹក​ហូត ​ក្រោម​អ​ធិបតី​ភាព ​លោក​ស្រី​ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ ​ក្រសួងមហាផ្ទៃ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ការពារ​ច្រើន​រូប​ទៀត ។

​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បាន​រាយការណ៍​នៅ​ក្នុង​ពិធី​នេះ​ឱ្យ​​ដឹង​ថា ស្រុករលាប្អៀរ​ មាន​ឃុំ​ចំនួន​៩ និង​ភូមិ​ចំនួន​១៣៥ ក្នុង​នោះ ​មាន​ប្រជា​ការពារ​ក្នុង​ស្រុក​​សរុប​ចំនួន​៤.៥០៩​នាក់ ដោយឡែក ក្នុង​ឃុំ​ទឹក​ហូត​មាន​៩​ភូមិ និង​មាន​ប្រជា​ការពារ​ចំនួន​១៦១​នាក់ ។  កន្លង​មក ​ប្រជា​ការពារបាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ​ដើម្បី​រក្សា​ការពារ​​សណ្តាប់ធ្នាប់ និង​សន្តិសុខបាន​យ៉ាង​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ​​​និង​​បាន​​បើក​ផ្តល់​ជូន​ខោអាវ វិទ្យុទាក់ទង ជា​បន្តបន្ទាប់ ​​សម្រាប់​ថ្ងៃនេះ​​ដែរ គឺ​បាន​ចែក​ខោអាវ​​ចំនួន​៥០​​សម្រាប់​ វិទ្យុទាក់ទង​១០​គ្រឿង ​និង​​ប្រាក់​លើកទឹកចិត្ត​ ក្នុង​ម្នាក់​ៗ២​ម៉ឺន​រៀល​ផង​ដែរ​ ។

​លោក​ស្រី​ ជូ ប៊ុ​ន​អេ​ង ​បាន​មាន​ប្រសា​ស​ន៏​ថា ការ​ចលនា​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​ចូលរួម​ធ្វើ​ជា​កងកម្លាំង​ប្រជា​ការពារ​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​ គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​រួមចំណែក​ពង្រឹង​ការ​អនុវត្ត​​គោលនយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព ហេតុនេះ ​សូមចូល​​រួម​​ទាំងអស់​គ្នា ដូច​ថ្ងៃនេះ នាង​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ ដោយ​ឃើញ​ប្រជា​ការពារ​ដែល​បាន​មកចូលរួម​ ខ្លះ​មាន​វ័យ​ចំណាស់ អាយុ​ជាង​៧០​ឆ្នាំ នេះ​ជា​ការ​រួមចំណែកយ៉ាង​ធំធេង សូម​អរគុណ ។ 

​លោក​ស្រី​រដ្ឋ​លេខា​ធិការ​ ​ក៏​បាន​ផ្តាំផ្ញើ​​​ដល់​​​ប្រជា​ការពារ​ទាំងអស់ ត្រូវ​ខិតខំ​សហការ​ ការពារ​មូលដ្ឋាន​ខ្លួន​ឱ្យ​បាន​ល្អ កុំឱ្យ​​មាន​ក្មេង​ទំនើង ​​គ្រឿងញៀន ​ល្បែងស៊ីសង ​​ចោរកម្ម និង​កុំឱ្យ​​មាន​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ​ត្រូវ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍ គោរព​ច្បាប់​រដ្្ឋ​ឱ្យ​​បាន​ត្រឹមត្រូវ​ល្អ នោះ​ទើប​ចាត់​ទុក​ថា​ ជា​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ ៕