កម្ពុជា​អាច​ទប់​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​បាន​ទេ​យប់​​នេះ?


កម្ពុជា​អាច​ទប់​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​បាន​ទេ​យប់​​នេះ?

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​ភ្ញៀវ​សាំម៉ូរ៉ៃ​ជប៉ុន​នៅ​ម៉ោង ៧:១៤​នាទី​យប់​នេះ ក្នុង​ជំនួប​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ជុំ​ទី២ នៅ​តំបន់​អាស៊ី ពូលE។ កាល​ជើង​ទី១ ក្រុម​ចំណាត់​ថ្នាក់ FIFA លេខ​បី​នៅ​អាស៊ី បាន​យក​ឈ្នះ​កម្ពុជា​ដោយ​លទ្ធផល ៣-០។ ចុះ​ជើង​ទី២ លើ​ដី​ខ្លួន​ឯង កម្ពុជា​អាច​ទប់​ក្រុម​ខ្លាំង​មួយ​នេះ​បាន ឬ​យ៉ាង​ណា?

 

កម្ពុជា​អាច​ទប់​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​បាន​ទេ​យប់​​នេះ?

 

កាល​ជើង​ទី១ ក្រុម​ជប៉ុន​បាន​យក​ឈ្នះ​ក្រុម​កម្ពុជា​លើ​ទឹក​ដី​ខ្លួន​ឯង ក្នុង​លទ្ធផល ៣-០។ ៣​គ្រាប់​នោះ​សុទ្ធតែ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ល្បី​ឈ្មោះ​នៅ​លីក​កំពូល​អឺរ៉ុប គឺ​ខ្សែ​ប្រយុទ្ធ Keisuke Honda របស់​ក្រុម AC Milan (អ៊ីតាលី), ខ្សែ​បម្រើ Shinji Kagawa របស់​ក្រុម Borussia Dortmund (អាល្លឺម៉ង់), និង​ខ្សែ​ការពារ Maya Yoshida របស់​ក្រុម Southampton(អង់គ្លេស)។

 

ក្រុម​ជម្រើស​ជាតិ​ជប៉ុន​កំពុង​បង្ហាញ​ទម្រង់​យ៉ាង​ល្អ ដោយ​យក​ឈ្នះ​ក្រុម​សិង្ហបុរី ៣-០ កាល​ពី​ថ្ងៃ​ទី១២ កន្លង​ទៅ។ ១៥​ប្រកួត​ក្នុង​ឆ្នាំ​២០១៥ ក្រុម​ជប៉ុន​ចាញ់​តែ​ម្ដង​គត់​គឺ​ចាញ់​ក្រុម​កូរ៉េខាងជើង ពាន​រង្វាន់ 2015 EAFF East Asian Cup កាល​ពី​ខែ​សីហា​កន្លង​ទៅ។ ចំណែក ៥​ប្រកួត​ក្នុង​ពូល E នៃ​ជំនួប​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ជុំ​ទី២ មិន​ធ្លាប់​មាន​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​ក្រុម​ជប៉ុន​ឡើយ។

 

កម្ពុជា​អាច​ទប់​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​បាន​ទេ​យប់​​នេះ?

 

លោក Vahid Halilhodžić បាន​និយាយ​​ក្នុង​សន្នីសីទ​កាសែត​​នា​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​ល្ងាច​​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា ការ​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា​លើក​នេះ​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ខ្លះ ដោយ​លោក​មិន​ប្រើ​កីឡាករ​ជម្រើស​ដំបូង​ទាំង​អស់​នោះ​ទេ ហើយ​ទុក​ឱកាស​ឲ្យ​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​បង្ហាញ​សមត្ថភាព​លើ​ទីលាន ព្រម​ទាំង​សង្ឃឹម​ថា​ពួក​គេ​ធ្វើ​បាន​ល្អ​។

 

កម្ពុជា​អាច​ទប់​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​បាន​ទេ​យប់​​នេះ?លោក Vahid Halilhodžić (រូប​សក់ស​កណ្ដាល)

 

ចំណែក​ក្រុម​កម្ពុជា ៥​ប្រកួត​ក្នុង​ជំនួប​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ជុំ​ទី២ ចាញ់​ទាំង​អស់ ហើយ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​មួយ​គ្រាប់​គត់ ខណៈ​គេ​ស៊ុត​បញ្ចូល​ទី​​វិញ ១៩​គ្រាប់។ កម្ពុជា​បាន​បរាជ័យ​លើក​ចុង​ក្រោយ​នៅ​ទឹក​ដី​អ៊ីរ៉ង់ ៣-០ ក្នុង​ជំនួប​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន។

 

លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា ការ​ប្រកួត​នេះ​អាច​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​កូន​ក្រុម​របស់​លោក ព្រោះ​ត្រូវ​ប្រឈម​មុខ​ជាមួយ​កីឡាករ​ដែល​មាន​កម្រិត​លេង​ខ្ពស់​ជាង។ គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ ​សុំ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ជើង​ទី២ ជាមួយ​​ជប៉ុន ប៉ុន្តែ​លោក​បញ្ជាក់​ថា​វា​អាច​ជា​រឿង​ពិបាក​បន្តិច៕

 

កម្ពុជា​អាច​ទប់​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​បាន​ទេ​យប់​​នេះ?

លោក Lee Tae Hoon(រូប​កណ្ដាល)

 

 

កម្ពុជា​អាច​ទប់​ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​បាន​ទេ​យប់​​នេះ?
 

អត្ថបទ៖ គង់ វិសាល