លោក ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​អាស៊ាន៣ថ្ងៃ នៅ​ម៉ាឡេស៊ី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួនទៀត ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី។

បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី១៦ វិច្ឆិកា ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី២៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន រួមជាមួយ​មេដឹកនាំ​អាស៊ាន​ដទៃទៀត នឹង​ចុះហត្ថលេខា​លើ​ឯកសារសំខាន់ៗ ចំនួន ៣ រួមមាន៖ «សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួរ ឆ្នាំ២០១៥ ស្តីពី ការបង្កើត​សហគមន៍​អាស៊ាន» «សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួរ ស្តីពី អាស៊ាន ឆ្នាំ២០២៥៖ រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា» និង «អនុសញ្ញា​អាស៊ាន ស្តីពី ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ»។

ក្រៅពីនេះ​ថ្នាក់ដឹកនាំ​អាស៊ាន នឹង​អនុម័ត​ផងដែរ​នូវ«សេចក្ដីប្រកាស​រួម​ស្ដីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន-អាមេរិក» «សេចក្ដីប្រកាស​រួម​អាស៊ាន-នូ​វែ​ល​ហ្សេ​ឡង់​ស្ដីពី​ខួប​លើក​ទី៤០នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-នូ​វែ​ល​ហ្សេ​ឡង់»។ សេចក្ដីថ្លែងការណ៍​គួ​ឡា​ឡាំ​ពួរ​ស្ដីពី​ខួប​លើក​ទី១០នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា» និង​ឯកសារសំខានៗចំនួន១០ទៀត។

សេចក្តី​ជូន​ព័ត៌មាន​បន្ដថា បាន​បញ្ជាក់ថា បន្ថែម​ពីនេះ សម្តេច​ហ៊ុនសែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ិន​ហ្សូ អា​បេ ( Shinzo Abe ) នាយករដ្ឋមន្ត្រី ជប៉ុន លោក​ម៉ា​ល់​ខូ​ម ធើ​ន​ប៊ូល ( Malcolm Turnbull ) នាយករដ្ឋមន្ត្រី អូស្ត្រាលី និង​លោក ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី ( Narendra Modi ) នាយករដ្ឋមន្ត្រី ឥណ្ឌា។

សេចក្ដី​ជូន​ព័ត៌មាន​ដដែល គណៈប្រតិភូ​អមដំណើរ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី រួមមាន​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​សមាជិក​រដ្ឋាភិបាល​ដ​ទែ​ទៀត៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​