គ្មាន​អុំ​ទូក​ឆ្នាំ​នេះ យុវវ័យ​នឹង​ទៅ​ណា​វិញ?

គ្មាន​អុំ​ទូក​ឆ្នាំ​នេះ យុវវ័យ​នឹង​ទៅ​ណា​វិញ?

បុណ្យ​អុំ​ទូក​ជិត​ខិត​ចូល​មក​ដល់ បើ​ទោះ​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពិធី​នេះ​ក៏​ដោយ តែ​សាលា​រាជធានី​ភ្នំពេញ​នៅ​តែ​រៀប​ចំ​ទី​តាំង​កម្សាន្ត​សប្បាយ​ជូន​ប្រជាជន​ទូ​ទៅ ដូច​រាល់​ឆ្នាំ​ដែរ។

 

អ៊ីចឹង ពេល​បុណ្យ​អុំ​ទូក​យុវវ័យ​ភាគ​ច្រើន​ទៅ​លេង​ឯ​ណា​ដែរ?

 

 

គ្មាន​អុំ​ទូក​ឆ្នាំ​នេះ យុវវ័យ​នឹង​ទៅ​ណា​វិញ?

រូបតំណាង

ចំពោះ លោក ញុង ពៅ និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​ព័ត៌មាន​វិទ្យា បាន​និយាយ​ថា នឹង​ទៅ​លេង​ស្រុក​កំណើត ព្រោះ​ពេល​អុំទូក​អីចឹង​ពិត​ជា​សប្បាយ​ណាស់។

 
អ្នក​មក​ពី​ស្រុក​សំរោង ខេត្ត​តាកែវ​រូប​នេះ ថា ៖“ជា​ទូ​ទៅ​គេ​ប្រណាំង​ទូក​នៅ​វត្ត ហើយ​មាន​មនុស្ស​ច្រើន​ណាស់។ ចំណែក​អ្នក​មក​ប្រណាំង​ទូក​វិញ ភាគ​ច្រើន​ជា​អ្នក​មិន​ដែល​ធ្លាប់​អុំ​ពី​មុន​មក ដោយ​មិន​ហាត់​សម​ជា​មុន​ទេ ។ រី​ឯ​ពេល​យប់ គេ​បណ្ដែត​ប្រទីប​និង​ចាក់​ធុង​បាស់​រាំ​កម្សាន្ត អ្នក​ខ្លះ​ជប់​លៀង​ជួប​ជុំ​បង​ប្អូន​នៅ​ផ្ទះ។ គិត​ទៅ​សប្បាយ​ណាស់”។​។ យុវជន​ដដែល​បន្ត​ថា រាល់​ឆ្នាំ​ឲ្យ​តែ​អុំទូក​មិន​ដែល​នៅ​ភ្នំពេញ​ឡើយ​គឺ​មក​លេង​ស្រុក​ហើយ ​ដោយ​សារ​លោក​យល់​ថា​នៅ​ស្រុក​សប្បាយ​ជាង ហើយ​ពេល​មក​លេង​ម្ដង​ៗ​គឺ​ជិះ​ម៉ូតូ​មក​ខ្លួន​ឯង ព្រោះ​ឡាន​ដាក់​មនុស្ស​ច្រើន​ពេក ពិបាក​ជិះ​ណាស់ ។

 
ងាក​មក បុគ្គលិក​បម្រើ​ការងារ​នៅ​អង្គការ CCF កញ្ញា​ សុភ័ក្រ ប្រាប់​ថា ឆ្នាំ​នេះ នាង​ប្រហែល​មិន​បាន​នៅ​ភ្នំពេញ​ដែរ គឺ​ចង់​ទៅ​លេង​សៀមរាប​ជាមួយ​គ្រួសារ ដោយ​សារ​បាន​ឈប់​សម្រាក​ច្រើន​ថ្ងៃ ដូច្នេះ​ក៏​ចង់​ទៅ​លំហែ​អារម្មណ៍​លេង​ពេល​បុណ្យ​ទាន​អីចឹង។

 
មិន​ខុស​គ្នា​ប៉ុន្មាន លោក បូរ៉ា អតីត​និស្សិត​សិក្សា​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ន័រតុន បង្ហើប​ពី​គោល​បំណង​ខ្លួន​ថា​នឹង​ទៅ​លេង​កោះ​រ៉ុង ព្រោះ​លោក​ប៉ង​យូរ​ណាស់​មក​ហើយ។ “កម្រ​បាន​ឈប់​សម្រាក​យូរ​អីចឹង​ណាស់ គិត​ទៅ​ជិត​មួយ​អាទិត្យ​ដែរ​ហ្នឹង ចឹង​ហើយ​ខ្ញុំ​ទៅ​លេង​កោះ​រ៉ុង​ជាមួយ​មិត្តភ័ក្ដិ ព្រោះ​គុំ​យូរ​ហើយ។ ទេសភាព​និង​បរិយាកាស​ទី​នោះ​ស្អាត ទាញ​ចិត្ត​ខ្ញុំ”។ បុរស​អាយុ​២៩​ឆ្នាំ បញ្ជាក់។

 
ចំណែក បុរស​រៀង​ស្គម សម្បុរ​ស ឈ្មោះ វណ្ណៈ ហាក់​ប្លែក​ពី​យុវវ័យ​ទាំង​បី​ខាង​លើ ដោយ​រូប​គេ​ថា​នឹង​ដើរ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ។ “ខ្ញុំ​ចង់​មក​ទិញ​ទំនិញ ព្រោះ​អុំទូក​ចឹង​គេ​ច្រើន​លក់​បញ្ចុះ​តម្លៃ”។

 

 

ចុះ​អ្នក​វិញ បុណ្យ​អុំ​ទូក​ខាង​មុខ នឹង​ទៅ​ដើរ​លេង​នៅ​កន្លែង​ណា?

 

 

សូមអាន ៖  បើ​ស្រលាញ់​នារី​ម្នាក់ អ្នក​​គិត​អតីតកាល​របស់​នាង​ទេ?​

 
អត្ថបទ៖ លឹម សុ​នា