សមត្ថកិច្ច​នៅ​ខេត្តស្ទឹងត្រែង បង្ក្រាប​តែ​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ដែល​ម្ចាស់​មិន​បង់លុយ​

​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តស្ទឹងត្រែង នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល​និង​កងរាជអាវុធហត្ថ​ជាដើម​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ផលប្រយោជន៍​។ យូរៗ​ម្តង​គេ​ឃើញ​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តដល់​ម្ចាស់​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច ដើម្បី​ជាការ​ព្រមាន​ដល់​ឈ្មួញ​កុំ​ឲ្យ​គេចវេះ​តទៅទៀត​។ ប្រការ​នេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តស្ទឹងត្រែង នៅតែ​កើតឡើង​យ៉ាង​រាលដាល រីឯ​ការបង្ក្រាប​ពុំមាន​ប្រសិទ្ធភាព​ពិតប្រាកដ​ឡើយ​។

កាលពី​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងត្រែង បាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​មួ​គ្រឿង​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ស្រុក​សៀម​ប៉ាង ចូល​ទី​រួម​ខេត្ត​ត្រង់ចំណុច​ផ្លូវ​ចូល​កំពង់ដ​ស្តៅ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ នៅពេល​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្ទាក់​ឃាត់​រថយន្ត​ដឹកឈើ​នោះ​ភ្លាម អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់ស្រមោល ហើយ​ទាំង​ឈើ​ទាំង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ចាត់វិធានការ​បន្ត​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​សង្ស័យថា ប្រហែលជា​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​និយាយ​មិនត្រូវ​ថ្លៃ ជាមួយ​សមត្ថកិច្ច​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​បែបនេះ​តែម្តង ព្រោះ​ការបង្ក្រាប​បទល្មើស​ធ្វើបាន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅនឹង​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​។

តាម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ទទួលបាន​វត្ថុតាង​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា​នៅក្នុង​រថយន្ត​សាំ​យ៉ុង​នោះ មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​៨៨​កំណាត់​ស្មើនឹង​១,៥​ម៉ែត្រគូប​។ រថយន្ត​ដឹកឈើ​ខាងលើនេះ ត្រូវបាន​គេ​ដឹងថា​ជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ ផល្លី ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ស្រុក​សៀម​ប៉ាង ចូល​ទី​រួម​ខេត្តស្ទឹងត្រែង ជា​យូរ​មកហើយ និង​ស្ទើរតែ​រាល់​យប់​។ នៅ​យប់​ដែល​សមត្ថកិច្ច​បង្ក្រាប​ប្រហែលជា​ឈ្មួញ​ឈ្មោះ ផល្លី ចង់​លោតឆ័ត្រ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​តែម្តង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នោះទេ​៕

12241472_541522506016329_1593350383610168938_n 12219511_541522319349681_1185015310133901554_n 12235002_541522359349677_2922197657064504584_n​    ​