​សួនសត្វ​កោះកុង​ត្រូវបាន​ឈ្មួញ និង​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា​ប្រែក្លាយជា​បន​ល្បែង​ដ៏​ធំ​ប្រចាំខេត្ត

មន្ត្រីរាជការ​មួយចំនួន​នៅក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា មាន​មន្ត្រីរាជការ​ជាច្រើន​នាក់ និង​អ្នកជំនួញ​មួយចំនួន​នៅក្នុង​ខេត្តកោះកុង កំពុង​ញៀន​នឹង​ល្បែងស៊ីសង​ក្នុង​បន​ល្បែង​ដែលមាន​ម្ចាស់​ដ៏​មាន​ឥទ្ធិ​ល​នៅក្នុង​ខេត្ត​នេះ​។ ប្រភពព័ត៌មាន​ពី​ខេត្តកោះកុង​បាន​បញ្ជាក់ថា​ម្ចាស់​ទីតាំង​បញ្ជល់មាន់ អាប៉ោង និង​ល្បែង​យូគី​ជាដើម​ជា​របស់​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​កោះកុង​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​មានអំណាច​នៅក្នុង​ខេត្តកោះកុង​។​

​ជុំវិញ​បញ្ហា​នេះ លោក ជា លាង​ហេង ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​តំណាងរាស្ត្រ និង​ជា​ម្ចាស់​បន​ល្បែងស៊ីសង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ទីតាំង​ល្បែង​របស់លោក គឺមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ថែមទាំង​មានការ​ចុះហត្ថលេខា​អនុញ្ញាត​ពី​លោក​អភិបាលខេត្ត​ទៀតផង​។ តែ​ការអះអាង​នេះ​ត្រូវបាន​មន្ត្រី​សាលាខេត្ត​កោះកុង​បង្ហើប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា បន​ល្បែង​របស់លោក ជា លាង​ហេង និង​បក្ខពួក ពុំមាន​ការទទួលស្គាល់​ពី​លោក​អភិបាលខេត្ត​នោះឡើយ ហើយ​អភិបាល​ខេត្តកោះកុង លោក ប៊ុន លើ​ត ក៏​ពុំ​ហ៊ាន​ចុះហត្ថលេខា​ឲ្យ​បើក​បន​ល្បែង​បែបនេះ​ដែរ​។​

​គួរបញ្ជាក់​ថា​បន​ល្បែង​រង​ការរិះគន់​នៅ​ខេត្តកោះកុង​នេះ​មាន​ទីតាំង​ក្នុង​សួនសត្វ​ខេត្តកោះកុង ស្ថិតក្នុង​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​ដែល​កាលពីមុន​ទីតាំង​នេះ​គឺជា​សួនសត្វ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្តកោះកុង តែ​បច្ចុប្បន្ន​វា​បានប្រែក្លាយ​ទៅជា​ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​ប្រចាំ​ខេត្តកោះកុង​ទៅវិញ ដោយ​ក្នុង​នោះគេ​មាន​លេងល្បែង​ស្ទើរតែ​គ្រប់​ប្រភេទ​ដូចជា បញ្ជល់មាន់ យូគី និង​អាប៉ោង ជាដើម​។​

​ប្រភពព័ត៌មាន​ពី​ខេត្តកោះកុង​បាន​បញ្ជាក់ថា ម្ចាស់​បន​ល្បែង​នេះ បាន​ជួល​ដី​ទី​តាំងពី​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​ដោយ​ជ្រក​ក្រោម​ស្លាក​សួនសត្វ​របស់​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​អ្នក​ចូល​លេងល្បែង​ភាគច្រើន​គឺ​សុទ្ធតែជា​មន្ត្រីរាជការ អ្នកជំនួញ និង​មាន​ជនជាតិ​សៀម​តិចតួច​ផងដែរ​ដែល​បញ្ហា​នេះ​បង្ក​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​នៅក្នុង​ខេត្តកោះកុង ព្រោះ​បន​ល្បែង និង​ការប្រើប្រាស់​គ្រឿងញៀន​ជា​ប្រភព​មួយ​នៃ​បទល្មើស​នៅក្នុង​សង្គម​៕

AhFG1P3kdZ4RY2Ou0d7dZUdOXgcMy1CUMoQzeJZPz19N