សហរដ្ឋអាមេរិក​តាម​ដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​យ៉ាង​ដិតដល់​

​ករណី​គំរាម​ចាប់ខ្លួន​លោក សម រង្ស៊ី និង​លុបឈ្មោះ​ចេញពី​បញ្ជី​សមាជិកសភា កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​គណបក្សកាន់អំណាច​ក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុន សែន​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម​នៅ​កម្ពុជា ហើយ​ស្ថានទូត​អាមេរិក​និង​ស្ថានទូត​ចក្រភព​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ប្រុងប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផងដែរ​។ អង្គការ​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ជុំវិញ​បញ្ហានយោបាយ​ក្នុងប្រទេស​កម្ពុជា​។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់ខ្លួន​ស្តី​ការធ្លាក់ចុះ​ថែមទៀត​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​។ សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំរាជធានី​ភ្នំពេញ បាន​លើកឡើងថា​«​យើង​មាន​កង្វល់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការដក​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ចេញពី​រដ្ឋសភាជាតិ​នៅថ្ងៃនេះ ដែល​ត្រូវបានធ្វើ​ឡើងជា​ឯកតោភាគី​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច​។ យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋសភាជាតិ​ប្រគល់​សមាជិកភាព​ក្នុង​សភាជាតិ​និង​ផ្តល់​អភ័យឯកសិទ្ធិសភា​ជូន​លោក សម រង្ស៊ី វិញ​ជាបន្ទាន់​។ យើង​សូម​អំពាវនាវ​ផងដែរ​ដល់​រដ្ឋាភិបាល​ឲ្យ​ដកចេញ​នូវ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ទាក់ទង​នឹង​ការចោទប្រកាន់​ស្តី​ពីបទ​បរិហារកេរ្តិ៍ ដែលមាន​អាយុកាល​៧​ឆ្នាំ​មកហើយ ហើយ​អនុញ្ញាត​ឲ្យ​រូបលោក​និង​សមាជិកសភា​ដទៃទៀត​នៃ​គណបក្សប្រឆាំង វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​ការភ័យខ្លាច​ការចាប់ខ្លួន ឬ​ការ​ធ្វើទុក្ខបុកម្នេញ​»​។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​បានលើកឡើង​ទៀតថា​ចំណាត់ការ​ថ្ងៃនេះ គឺជា​ឧប្បត្តិហេតុ​ថ្មីៗ​បំផុត​នៃ​ការយាយី​និង​ការគំរាមកំហែង​ទៅលើ​គណបក្សប្រឆាំង​រប​ស់​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​ផងដែរ​នៅ​ការវាយដំ​ដោយ​ហិង្សា​ក្នុងពេល​ថ្មីៗ​នេះ​ទៅលើ​សមាជិកសភា​២​រូប​របស់​គណបក្សប្រឆាំង និង​ការដកតំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភាជាតិ​ពី​លោក កឹម សុខា អនុប្រធាន​គណបក្សប្រឆាំង​។ ព្រឹត្តិការណ៍​ទាំងនេះ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា ហើយ​ផ្ទុយទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​។ យើង​សូម​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ប្រកាន់​ជំហាន​ជាបន្ទាន់ ដើម្បី​ធានា​បរិយាកាស​នយោបាយ​ដែល​គ្មាន​ការគំរាមកំហែង​ឬ​ការ​សម្លុត​នៅ​កម្ពុជា ហើយ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​គណបក្សប្រឆាំង ធ្វើការ​សន្ទនា​គ្នា​ដោយ​ហ្មត់ចត់​និង​ប្រកបដោយ​អត្ត​ន័យ​លើ​សកម្មភាព​ដែល​ត្រូវធ្វើឡើង​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ទៅ​អនាគត​របស់​កម្ពុជា​។

ក្រុមអ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា សហរដ្ឋអាមេរិក​និង​សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ដែល​កើតឡើង​នៅ​កម្ពុជា​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនអាច​បិទបាំង​ឬ​បំភ្លៃ​ការពិត​បានឡើយ​ព្រោះ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​៕

12247202_10153733683873210_2066996532279843814_n