អ្នកសារព័ត៌មាន​ចេញ​សៀវភៅ ស្តីពី ផែនដី និង​ផែនទី​កម្ពុជា​-​វៀតណាម

ភ្នំពេញ: ​លោក ឆាយ សុផល សមាជិក​គណនាយក​ក្លិប​អ្នកកាសែត​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​១៧​វិច្ឆិកា​នេះ បានចេញ​ផ្សាយ​សៀវភៅ​មួយទៀត ដែលមាន​ចំណងជើង​ថា “​សត្រូវ​មិត្តភក្តិ​ឯង​៖ ផែនដី និង​ផែនទី​កម្ពុជា​-​វៀតណាម (១៦២៣ - ២០១៥)” នៅ​សប្តាហ៍​នេះ ដែលជា​ចំណុចក្តៅ​បំផុត ដែល​បាន​កើតមាន​កន្លងមក​នៅ​កម្ពុជា​។​

​ថ្លែង​នៅក្នុង​សន្និសីត​សារព័ត៌មាន នៅឯ​ក្លិប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល បាន​និយាយថា សៀវភៅ​នេះ បានបង្ហាញ​ពី​សាវតារ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ឬ​ដែនដី​កូសាំងស៊ីន​ជា​ផ្លូវការ ទៅ​ឲ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩ ដែល​ក្រោយៗ​មក រហូតមកដល់​ឆ្នាំ​២០១៥ ជម្លោះផ្ទៃក្នុង​កម្ពុជា ស្តីពី ព្រំដែន និង​ផែនទី បាន​កើតមាន​មិនចេះចប់ ពិសេស​ជម្លោះ​ដ៏​ស្រួចស្រាល់​ចុងក្រោយ​រវាង​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នាំ​ឲ្យ​ផ្អើល​ដល់​ពិភពលោក ហើយ​ជម្លោះ​នេះ ក៏មាន​ចំហាយ​រាលដាល​រហូត​នាំ​ឲ្យ​មានការ​វាយដំ​ទាត់​ធាក់​អ្នកតំណាងរាស្ត្រ​ពីររូប​កាលពី​ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៥ កន្លងមកនេះ​។
     ​
​លោក ឆាយ សុផល ដែល​បាន​ទៅ​មើល​ការ​វាស់​បង្គោល​ព្រំដែន​ជាមួយ​លោក សុខ ទូច ដែរនោះ បាន​រៀបរាប់ថា សៀវភៅ​នេះ មាន​កម្រាស់ ៤០០​ទំព័រ ហើយ​បានបង្ហាញ​ពី​ជម្លោះ​ប្រទាក់ក្រឡា​គ្នា ទាំង​ក្នុងចំណោម​ជនជាតិ​កម្ពុជា​ផង និង​នៅក្នុង​ចំណោម​បរទេស ដូចជា អាម៉េរិក អង់គ្លេស ចិន រុស្ស៊ី និង​ពួក​សម្ព័ន្ធមិត្ត​ផង ដែល​ដំបូង​គឺជា​មិត្ត តែ​ក្រោយមក​ក្លាយជា​សត្រូវ និង​សត្រូវ​ក្លាយជា​មិត្ត ដោយសារតែ​បញ្ហា​ផែនដី និង​ផែនទី​កម្ពុជា​ជាមួយ​វៀតណាម​ចាប់តាំងពី​ឆ្នាំ​១៦២៣ រហូតមកដល់​ឆ្នាំ​២០១៥ នេះ​។
     ​
​នៅក្នុង​សៀវភៅ​នោះ ក៏បាន​លើកឡើង​ពី​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង ជា​ទឹកដី​មហានគរ​ដ៏​ធំ​មហាសាល​ក្នុង​ដែនដី​អាស៊ី ប៉ុន្តែ​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​បរទេសជិតខាង មាន​សៀម និង​យួន ព្រមទាំង​ជប៉ុន បារាំង និង​អាម៉េរិក នោះ​អាណាចក្រ​ខ្មែរ​ត្រូវបាន​កាត់​ទៅ​ឲ្យ​ប្រទេសជិតខាង​។

​ដោយសារតែ​ការបាត់បង់​ទឹកដី​មហាសាគរ​នេះហើយ ទើប​អ្នកនយោបាយ​ខ្មែរ​ជាច្រើន​នៅ​ជំនាន់​ក្រោយៗ រហូតមកដល់​បច្ចុប្បន្ន បាន​ចោទប្រកាន់​អ្នក​ជំនាន់​មុន និង​ចោទ​គ្នា​នាបច្ចុប្បន្ន​ទៅវិញទៅមក ដើម្បី​ទាញយក​ប្រជាប្រិយភាព និង​កេងចំណេញ​នយោបាយ សម្រាប់​ទាក់​ទាញយក​សន្លឹកឆ្នោត​ពី​ពលរដ្ឋ​រៀងៗ​ខ្លួន​។

​លោក ឆាយ សុផល បាន បញ្ជាក់ថា ដោយសារតែ​ខ្សែបន្ទាត់​ព្រំ​ដែនទឹក និង​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម​មិនបាន​កំណត់​ច្បាស់លាស់​កន្លងមក ទើប​ធ្វើ​ឲ្យ​ប្រទេសជិតខាង​ពីរ​នេះ​តែងតែមាន​ភាព​រកាំរកូស និង​អរិភាព​នឹង​គ្នា រហូតដល់​មានការ​បង្ហូរឈាម​គ្នា​នៅតាម​ព្រំដែន និង​ចូល​ឈ្លានពាន​គ្នា​ទៅវិញទៅមក ពិសេស​នៅមុន​ទសវត្សរ៍​១៩៩០៕

អ្នកសារព័ត៌មាន​ចេញ​សៀវភៅ ស្តីពី ផែនដី និង​ផែនទី​កម្ពុជា​-​វៀតណាម
លោក ឆាយ សុផល បង្ហាញសៀវភៅថ្មីរបស់លោក