UEFA ៖ ការប្រកួត បាល់ទាត់ Euro ២០១៦ នៅតែបន្ត បើទោះបីមានការ វាយប្រហារនៅប៉ារីស

ប៉ារីស ៖ សមាគមបាល់ទាត់ សហភាពអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាក់កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ថា ការប្រកួតជើងឯកបាល់ទាត់អឺរ៉ុបប្រចាំឆ្នាំ ២០១៦នឹងត្រូវប្រារព្ធឡើងនៅ ក្នុងប្រទេសបារាំងតាមគ្រោងការ បើទោះបីជាមានការវាយប្រហារដ៏សាហាវឃោឃៅ នៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រសប្តាហ៍មុនយ៉ាងណាក្តី។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែ វិច្ឆកា ឆ្នាំ ២០១៥។

សេចក្តីថ្លែងការណ៍មួយរបស់សមាគមបាល់ទាត់សហភាពអឺរ៉ុប UEFA បានបង្ហាញថាៈ “កម្មវិធីជើងឯកបាល់ទាត់អឺរ៉ុបឆ្នាំ ២០១៦ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែធ្នូនៅមជ្ឈមណ្ឌល សមាជ Palais Des នៅក្នុងទីក្រុងប៉ារីស។ ចំណែកឯ ការប្រកួតវគ្គផ្តាច់ព្រ័តនឹងត្រូវធ្វើឡើង នៅក្នុងប្រទេសបារាំងចាប់ពីថ្ងៃ ១០ ខែមិថុនា រហូតដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។ ”

គួរបញ្ជាក់ដែរថា យ៉ាងហោចណាស់មានមនុស្ស ១២៩នាក់បានស្លាប់ និង ៣៥២នាក់រងរបួស នៅក្នុងការវាយប្រហាររបស់ក្រុមភាវរកអីស្លាម ISIS ដោយការបាញ់សម្លាប់ និងបំផ្ទុះគ្រាប់បែក នាយប់ថ្ងៃសុក្រសប្តាហ៍មុនក្នុងទីក្រុង ប៉ារីស ដ៏ស្រស់បំព្រងរបស់បារាំង៕

UEFA ៖ ការប្រកួត បាល់ទាត់ Euro ២០១៦ នៅតែបន្ត បើទោះបីមានការ វាយប្រហារនៅប៉ារីស