Messi ចូលហ្វឹកហាត់វិញ ក្រោយជាសះ ស្បើយពីរបួសជង្គង់

បាសេឡូណា៖ កីឡាករខ្សែប្រយុទ្ធលំដាប់លេខ១ប្រចាំក្លឹប Barcelona, Lionel Messi បានចូលរួមហ្វឹកហាត់ជាមួយ ក្រុមវិញ ហើយយប់មិញនេះ ក្រោយពីអវត្តមានពីទីលាន រយៈពេល៧ជាងសប្តាហ៍មកនេះ ដោយសារតែបញ្ហារបួសជង្គង់តាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥មក ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ការចូលហ្វឹកហាត់បានវិញនេះដែរ តារាឆ្នើមជនជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំ Messi ក៏មានឈ្មោះក្នុងការទៅកាន់ ទឹកដីកីឡដ្ឋាន Santiago Bernabeu នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ La Liga ពេលជួបក្រុមស្តេចស Real Madrid ដែលជាជំនួបខ្លាំងប៉ះខ្លាំង El Clasico របស់អេស្ប៉ាញប្រចាំសប្តាហ៍ទី១២នេះ គ្រាដែល Barcelona បានកំពុងតែនាំមុខកំពូលតារាង៣ពិន្ទុ តាមពីក្រោយដោយក្រុម Real Madrid ។

ការជាសះស្បើយពីរបួសរបស់ Messi គឺបានធ្វើឲ្យទម្រង់លេងឲ្យក្លឹបអ្នកមានបុណ្យរឹតតែខ្លាំងឡើងថែមទៀត ដោយ មានដៃគូចាស់ Neymar និង Luis Suarez ។ Messi បានអវត្តមានពីក្រុមជម្រើសជាតិអាហ្សង់ទីន ពេលប្រកួតបានស្មើលទ្ធផល ១-១ ទល់នឹងជម្រើសជាតិប្រេស៊ីលនៃវគ្គជម្រុះ World Cup 2018 កាលពីសប្តាហ៍មុន ៕

Messi ចូលហ្វឹកហាត់វិញ ក្រោយជាសះ ស្បើយពីរបួសជង្គង់