អូបាម៉ា ៖ នឹង​គ្មាន​ទាហាន​ជើង​គោក​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​

អូបាម៉ា ៖ នឹង​គ្មាន​ទាហាន​ជើង​គោក​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​

លោកប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ ថ្លែង​នៅ​ទី​បញ្ចប់​នៃ​សន្និសីទ​កំពូល​ក្រុម​ប្រទេស​ G-20 នៅ​ក្នុង​ប្រទេស​តួកគី​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ ការ​វាយ​ប្រហារ​ក្នុង​ក្រុង​ប៉ារីស​ជា​ «ដំណើរ​ថយ​ក្រោយ​ដ៏​អាក្រក់​និង​ធ្វើ​ឱ្យ​ពិបាក​ចិត្ត» មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ក៏​ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា​វា​ជា​កំហុស​មួយ​ក្នុង​ការ​បញ្ចូន​ក្រុម​ទាហាន​ជើង​គោក​អាមេរិក​ទៅ​កាន់​ភូមិ​ភាគ​មជ្ឈិម​បូព៌ា​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ជន​សកម្មប្រយុទ្ធ​ទាំង​នេះ។

ថ្លែង​នៅ​ទី​បញ្ចប់​នៃ​សន្និសីទ​កំពូល​ក្រុម​ប្រទេស​ G-20 នៅ​ក្នុង​ប្រទេស​តួកគី ​លោក​អូបាម៉ា​បាន​ការពារ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​យោធា​ស.រ.អា.​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ ដើម្បី​គាំទ្រ​ក្រុម​យុទ្ធជន​នៅ​ក្នុង​តំបន់​នៅ​លើ​ដី​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹងក្រុម​រដ្ឋ​ឥស្លាម ដែល​លោក​បាន​និយាយ​យោង​ថា​ជា​ «មុខ​មាត់​នៃ​បិសាច»។​

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.​អាច​បញ្ជូន​ជា​សម្មតិកម្ម​នូវ​ទាហាន​ជើង​គោក​៥ម៉ឺន​នាក់​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​បះបោរ​រដ្ឋ​ឥស្លាម​។ ក៏​ប៉ុន្តែ​លោក​បាន​មានប្រសាសន៍​ថា​យុទ្ធសាស្ត្រនេះ​មិន​បាន​ការទេ​បើ​គ្មាន​វត្តមាន​នៃ​ការកាន់​កាប់​ដោយ​ស.រ.អា.ជា​អចិ​ន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ​នោះ​ ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ឯទៀតៗ​ដោយ​ក្រុម​ភេរវជន​លេច​ឡើង​នៅ​កន្លែង​ឯ​ទៀតៗ​នៅ​ក្នុង​ភូមិ​ភាគ​មជ្ឈិម​បូព៌ា​ឬ​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​ក៏​ដោយ។

លោកប្រធានាធិបតី​បាន​ជំទាស់​នឹង​ការ​ប្រើ​ប្រាស់​ទាហាន​ជើង​គោក​កាល​ពី​ពេល​មុន​ ក៏​ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​ការ​អំពាវនាវ​ថ្មីៗ​ដោយ​ក្រុម​បេក្ខជនប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​ឱ្យ​បញ្ជូន​ទាហាន​អាមេរិក​ឱ្យ​ទៅ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ នៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​នៅ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ​មុន​នេះ៕