ករណី​ប្លន់​ប្រដាប់អាវុធ​នៅក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​កាន់តែខ្លាំង​

សមត្ថកិច្ច​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា បង្ក្រាប​បានតែ​ក្រុមបាតុករ​អហិង្សា​និង​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ប៉ុណ្ណោះ ចំណែក​អំពើ​ប្លន់​ប្រដាប់អាវុធ​ដែល​កើតឡើង​យ៉ាង​រាលដាល ក៏ដូចជា​ករណី​ចោរឆក់​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺ​សមត្ថកិច្ច​មិនអាច​បង្ក្រាប​បានឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ទូទៅ​រិះគន់ថា លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បានល្អ​ប្រសើរ​នោះទេ​។ ដូច្នេះ​ក្រសួងមហាផ្ទៃ​ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ឡើងវិញ​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​អំពើ​ប្លន់​កើតឡើង​ស្ទើរតែ​រាល់​យប់ ហើយ​យប់​ខ្លះ​កើតមាន​រហូតដល់​ទៅ​៣​ឬ​៤​ករណី​ក៏មានដែរ​។

កាលពី​ព្រឹក​ព្រហាម​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុមចោរ​មួយក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ប្រើប្រាស់​កាំភ្លើងខ្លី​២​ដើម​បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៤​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1CI-0692​ពី​ជនរងគ្រោះ​បានសម្រេច នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ជនរងគ្រោះ​ឈ្មោះ ណាក់ សម្ផស្ស ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ហើយ​ក្រោយពេល​ចោរប្លន់​យក​ម៉ូតូ​ប្រកបដោយ​សុវត្ថិភាព គឺ​ជនរងគ្រោះ​បានត្រឹមតែ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ឃ្មួញ​ប៉ុណ្ណោះ ចំណែក​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ក៏បាន​ត្រឹមតែ​ទទួល​ពាក្យបណ្តឹង​ដែរ ខណៈដែល​ក្រុមចោរ​មិនដឹង​ទៅដល់​ក្រហែង​មេឃ​ណា​ទេ​។

ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​សារព័ត៌មាន និង​គេហទំព័រ​នានា តែងតែ​ចុះផ្សាយ​ព័ត៌មាន​ស្តីពី​សមត្ថកិច្ច​បង្ក្រាប​ក្រុមចោរឆក់​ចោរប្លន់ និង​ក្រុម​ជនសង្ស័យ​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​នៅតែមាន​ការកើនឡើង​យ៉ាងគំហុក​។ ស្ទើរ​រាប់​យប់​តែងមាន​ករណី​ចោរប្លន់​ប្រដាប់អាវុធ​នៅតាម​បណ្ដា​ខណ្ឌ​នានា ហើយ​សមត្ថកិច្ច​មិនអាច​ចាប់​ក្រុម​ជនល្មើស​យកទៅ​ផ្តន្ទាទោស​បានឡើយ គឺ​បានត្រឹមតែ​សួរចម្លើយ​ជនរងគ្រោះ​ប៉ុណ្ណោះ​។ មជ្ឈដ្ឋាន​មួយចំនួន​រិះគន់ថា លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គ្មាន​សមត្ថភាព​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បានល្អ​ប្រសើរ​នោះទេ ដូច្នេះ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់ចែង​រឿង​តំណែង​របស់លោក ជួន សុវណ្ណ តាម​ស្ថានភាព​ជាក់ស្តែង​៕

SVលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ Lay-0378