តម្លៃ​ស្រូវ​ធ្លាក់ចុះ​ធ្វើ​ឲ្យ​កសិករ​នៅ​ខេត្តបន្ទាយមានជ័យ ព្រួយបារម្ភ​រឿង​ជំពាក់​បំណុល​ធនាគារ​

​នៅពេលដែល​រដូវ​ប្រមូល​ផល​ស្រូវ​ឈានចូល​មកដល់​តែងតែមាន​ឈ្មួញ​ខិលខូច​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ពុករលួយ​ទម្លាក់​តម្លៃ​ស្រូវ​យ៉ាង​ទាប ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​រិះគន់​អាជ្ញាធរ​ស្រុក​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ទម្លាក់​តម្លៃ​ស្រូវ​របស់​ពួកគាត់​ក្នុង​កម្រិត​ទាប និង​រាល​រាំង​មិន​ឲ្យ​ឈ្មួញ​ពី​ខាងក្រៅ​ចូលមក​ប្រមូល​ទិញស្រូវ ដើម្បី​ពួកគាត់​អាច​លក់​ក្នុងតម្លៃ​ខ្ពស់​គួរសម​។ បញ្ហា​នេះ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ធ្វើយ៉ាងណា​កុំ​ឲ្យ​ឈ្មួញ​ខិលខូច​បន្ទាប​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ ហើយ​ប្រជាកសិករ​មិនគួរ​ប្រញាប់​លក់​ស្រូវ​ឲ្យ​ក្រុម​ឈ្មួញ​ខិលខូច​នោះទេ​។

ប្រភពពី​ប្រជាកសិករ​នៅ​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​គ្មាន​ប្រាក់​សងបំណុល​គេ ព្រោះ​តម្លៃ​ស្រូវ​ថោក​លក់​មិនបាន​ចំណេញ មិនអាច​ទូទាត់​ជាមួយ​ប្រាក់កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​។ ជាមួយគ្នានេះ​ប្រជាកសិករ​បាន​អំពាវនាវ​ដល់​ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​រក​ទីផ្សារ​លក់​ផល​ស្រូវ​សម្រាប់​ពួកគាត់​ផង ដើម្បី​មាន​ប្រាក់ចំណេញ​ខ្លះ​ពី​មុខរបរ​ធ្វើស្រែ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​តម្លៃ​ស្រូវ​ប្រភេទ​លេខ​១​ដូចជា ស្រូវ​ផ្ការំដួល​និង​ស្រូវ​ផ្កាម្លិះ​ជាដើម​ឈ្មួញ​ប្រមូល​ទិញ​ក្នុង​មួយ​គីឡូក្រាម​តែ​៧០០​ទៅ​៨៥០​រៀល​ប៉ុណ្ណោះ ហើយ​បាន​ធ្លាក់​ជា​បន្តបន្ទាប់​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ថ្មពួក និង​ស្រុក​ផ្សេងទៀត​នៃ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ប្រជាកសិករ​មួយចំនួន​ទៅ​ខ្ចីបុល​លុយ​ពី​ធនាគារ ឬ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​យកមក​ធ្វើស្រែ​ដោយ​សង្ឃឹមថា តម្លៃ​ផល​ស្រូវ​នឹងមាន​កម្រិត​គួរសម​ដែល​ពួកគាត់​អាច​ទូទាត់​ទៅ​នៅសល់​ផលចំណេញ​។ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​ស្រូវ​មានការ​ធ្លាក់ចុះ​យ៉ាង​ទាប​ធ្វើ​ឲ្យ​ប្រជាកសិករ​អស់សង្ឃឹម ព្រោះ​ពួកគាត់​អាច​ជំពាក់​បំណុល​ធនាគារ​ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាដើម ព្រោះស្រូវ​ដែល​ផលិត​បាន​មិនអាច​ទូទាត់​ទៅនឹង​ការចំណាយ​។ ដូច្នេះ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ​ស៊ុំ សារឿ​ត និង​ក្រសួង​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ ហើយ​តម្លៃ​ស្រូវ​ក្នុង​មួយ​គីឡូក្រាម​ចាប់ពី​១១០០​ទៅ​១២០០​រៀល ទើប​ប្រជាកសិករ​អាច​ទប់ទល់​ទៅនឹង​ការ​ចំណាយបាន​សមស្រប​៕

dsc05453លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ image