​ឈ្មួញ​នៅតែ​សម្រុក​ដឹកឈើ​ចេញ​តាម​ច្រក​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ បាន​រាយការណ៍​មក​ថា បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​ដឹក​ចេញ​តាម​ច្រក​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ យ៉ាង​គគ្រឹគ​គ្រេង​ដដែល​។ ការដឹកឈើ​បានធ្វើ​ឡើង​ដោយមាន​ការឃុបឃិត​គ្នា​ពី​សមត្ថកិច្ច​អាជ្ញាធរ និង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នៅក្នុង​ខេត្តកំពង់ធំ ដែល​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ​កាន់តែ​វិនាស​ហិនហោច​។​

បទល្មើស​ព្រៃឈើ ដែល​ដឹកជញ្ជូន​ឆ្លងកាត់ និង​ចេញចូល​ក្នុងស្រុក​ប្រាសាទ​សំបូរ គឺ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ និង​សមត្ថកិច្ច​មេព្រៃ​សង្កាត់​ប្រាសាទ​សំបូរ នេះ​ជាការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទោះជា​បទល្មើស​ព្រៃឈើ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក្ដី និង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្តី ក៏​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ខេត្ត​នេះ​មិន​ខ្វល់ខ្វាយ​អ្វី​ឡើយ​ដោយ​បណ្ដោយ​ឲ្យ​រំដោះ​វត្ថុតាង​ជា​ឈើ​បទល្មើស​ចេញ​អស់​ទុក​តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​តែប៉ុណ្ណោះ​។​

ជុំវិញ​បញ្ហា​នេះ លោក  ហាក់ សុធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូរ បាន​ប្រាប់​អ្នកសារព័ត៌មាន ថា​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ គឺជា​របស់​ប្រជាពលរដ្ឋ​យកទៅ​ធ្វើ​ផ្ទះ​ប៉ុណ្ណោះ​។ តែ​ការ​ថ្លែង​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​យ៉ាង​ដូច្នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​បដិសេធ​ដោយ​លើក​ហេតុផល​ថា​បទល្មើស​ព្រៃឈើ​កើតចេញពី​ការឃុបឃិត​គ្នា​ពី​សមត្ថកិច្ច​អាជ្ញាធរ និង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ព្រោះ​ឈ្មួញ​ដឹកឈើ​ក្នុង​រូបភាព​ដឹកឈើ​ធ្វើ​ផ្ទះ ជា​ក្រុមមនុស្ស​មុខ​ដដែលៗ ហើយ​បាន​ដឹកឈើ​ជាប់​ជាប្រចាំ​ស្ទើរតែ​រាល់​យប់​។​

ប្រជាពលរដ្ឋ​ស្រុក​ប្រាសាទ​សំបូរ​បាន​បញ្ជាក់ថា បទល្មើស​ព្រៃឈើ​ភាគច្រើន​ដឹក​តាម​រថយន្ត និង គោយន្ត​កន្ត្រៃ ហើយ​ជា​ប្រភេទ​ឈើ​ធ្វើ​គ្រឿងសង្ហារិម​ផ្សេងៗ​ដែល​ដឹកជញ្ជូន​ស្ទើរ​រាល់ថ្ងៃ ចេញពី​ស្រុក​សណ្ដាន់ និង​ស្រុក​ប្រាសាទ​សំបូរ​ដែល​សំបូរ​ទៅដោយ​រឿងអាស្រូវ​បទល្មើស​ព្រៃឈើ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​ខិលខូច និង​ឈ្មួញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ប្រជាពលរដ្ឋ​ធម្មតា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដូច​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចោទប្រកាន់​មែន មន្ត្រីរដ្ឋបាល​ព្រៃឈើ​នឹងមិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រួចខ្លួន​ទទេៗ​នោះឡើយ​៕

KA-23-09-2015-39