​របាយការណ៍​សកល ចាត់ថ្នាក់​ប្រទេស​កម្ពុ​ជាមាន​ពិន្ទុ​ទាប​ជាងគេ ក្នុងចំណោម ៣២ ប្រទេស លើ​តម្លាភាព​ថវិកា

ភ្នំពេញ:  ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ប្រភេទ​ពិន្ទុ​ទាប​សម្រាប់​តម្លាភាព​ថវិកា​ជាតិ​របស់ខ្លួន យោងតាម​ការអង្កេត​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​សម្រាប់​ឆ្នាំ ២០១៥ នៃ​អង្គការ​ភាពជា​ដៃគូ​ថវិកា​អន្តរជាតិ ។ របាយការណ៍​នេះ ជា​របាយការណ៍​ទី​ប្រាំ និង​ជាការ​អង្កេត​ប្រៀបធៀប និង​ឯករាជ្យ នៅ​កម្រិត​សកល​តែមួយគត់ លើ​តម្លាភាព​ថវិកា ការចូលរួម​របស់​ប្រជាពលរដ្ឋ និង ស្ថាប័ន​ត្រួតពិនិត្យ​ឯករាជ្យ​នៅក្នុង​កិច្ចដំណើរការ​រៀបចំ​ថវិកា​។ សមាសភាគ​បញ្ចូល​គ្នា​ទាំងនេះ គឺជា​សរសរ​ស្តម្ភ​ចម្បង​នៃ​ប្រព័ន្ធ​ថវិកា​ប្រកបដោយ​គណនេយ្យភាព​។​

​របាយការណ៍​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGOF) កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​វាយតម្លៃ​ប្រទេស​ចំនួន ១០២ នៅ​ជុំវិញ​ពិភពលោក ការអង្កេត​ឆ្នាំ ២០១៥ នេះ រកឃើញថា​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ចំណោម ៣២ ប្រទេស ដែលមាន​ពិន្ទុ​ទាប​ជាងគេ នៅ​លើស​ន្ទ​ស្សន៍​តម្លាភាព​ថវិកា ឬ ហៅ​កាត់​ថា OBI ដែល​ប្រើប្រាស់​លក្ខណៈវិនិច្ឆ័យ​ដែល​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​នីមួយៗ​នូវ​ពិន្ទុ​តម្លាភាព​មួយ​លើ​កម្រិត ១០០ ពិន្ទុ​។ ពិន្ទុ OBI ៨ របស់​កម្ពុជា មានន័យថា​ពលរដ្ឋ មានលទ្ធភាព​តិចតួច ឬ គ្មាន​លទ្ធភាព​ក្នុងការ​ទទួលបាន​ព័ត៌មាន​ថវិកា​ដែល​ពួកគេ​ត្រូវការ​ដើម្បី​យល់​ពី​ថវិកា និង តម្រូវ​ឲ្យ​រដ្ឋាភិបាល​មាន​គណនេយ្យភាព​។ ប្រការនេះ​មាន​សារៈសំខាន់ ដោយសារ​ថវិកា​គឺជា​ឧបករណ៍​ចម្បង​មួយ​ដែល​រដ្ឋាភិបាល​ប្រើ​ដើម្បី​កំណត់​គោ​លន​យោ បាយ​សម្រាប់​ប្រមូល និង ចាយ​មូលនិធិ​សាធារណៈ ដែល​ជំរុញ​ការអភិវឌ្ឍ និង​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​របស់​ប្រទេស​។​

“​តម្លាភាព​ថវិកា មាន​សារៈសំខាន់​ក្រៃលែង​សម្រាប់​ប្រជាជន​កម្ពុជា​ដែលជា​ម្ចាស់​ប្រទេស និង​បង់ពន្ធ​ជូន​រាជរដ្ឋាភិបាល​។ រាជរដ្ឋាភិបាល​កម្ពុជា គប្បី​ផ្តល់​លទ្ធភាព​ថែមទៀត​ឲ្យ​ប្រជាជន​កម្ពុជា និង អង្គការ​សង្គម​ស៊ីវិល​បាន​ពាក់ព័ន្ធ និង​ចូលរួម​នៅក្នុង​កិច្ចដំណើរការ​ទាំងស្រុង​នៃ​ការរៀបចំ​ថវិកា និង សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។ ព័ត៌មាន​ថវិកា គប្បី​ត្រូវ​ផ្សព្វផ្សាយ​ថែមទៀត​នៅលើ​គេហទំព័រ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ធានា​ឲ្យ​បាន​ថា​សាធារណជន​អាច​រកបាន​ព័ត៌មាន​នោះ​យ៉ាង​ងាយ​។ តម្លាភាព​ថវិកា គឺជា​ការរួមចំណែក​ដ៏​សំខាន់​មួយ​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា និង​ការកសាង​ទំនុកចិត្ត​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​នានា​។ យើង​សង្ឃឹមថា នៅក្នុង​ការវាយតម្លៃ​ខាងមុខ ប្រទេស​កម្ពុជា​នឹង​បង្កើន​ពិន្ទុ​របស់ខ្លួន​។ ចំណុច​នេះ នឹង​កើតឡើង​បាន លុះត្រាតែ​រាជរដ្ឋាភិបាល​ប្តេជ្ញា​ចំពោះ​ការអនុវត្ត​អនុសាសន៍​ទាំងឡាយ​នៅក្នុង​របាយការណ៍​នៃ​ការអង្កេត​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា (OBS)” ប្រសាសន៍​របស់​បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ដែល​បានធ្វើការ​ស្រាវជ្រាវ​សម្រាប់​ប្រទេស​កម្ពុជា​។​

​ជារួម ការអង្កេត​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ឆ្នាំ ២០១៥ រកឃើញថា​ប្រទេស​ចំនួន ៩៨ ក្នុងចំណោម​ប្រទេស​ចំនួន ១០២ ដែល​ត្រូវបាន​អង្កេត ខ្វះ​ប្រព័ន្ធ​គ្រប់គ្រាន់​សម្រាប់​ធានា​ឲ្យ​បាន​ថា​មូលនិធិ​សាធារណៈ​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធ​ផល​និង​ប្រសិទ្ធភាព​។ ប្រទេស​ទាំង ៩៨ មិន​សម្រេចបាន​យ៉ាងហោចណាស់​សរសរ​ស្តម្ភ​មួយ​នៃ​សរសរ​ស្តម្ភ​គណនេយ្យភាព (​តម្លាភាព ការចូលរួម​សាធារណៈ និង​ភាពខ្លាំង​នៃ​ការត្រួតពិនិត្យ​) ៣២ ប្រទេស​ក្នុងចំណោម​ប្រទេស​ទាំងនេះ​មិន​សម្រេចបាន​សរសរ​ស្តម្ភ​ទាំងបី​។ កង្វះ​ប្រព័ន្ធ​គណនេយ្យភាព​ថវិកា​រឹងមាំ គឺជា​ការ​គម្រាមកំហែង​មួយ​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​អន្តរជាតិ​សំខាន់ៗ ដូចជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​របស់​អង្គការសហប្រជាជាតិ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​ត្រូវបាន​រំពឹងទុក​នៅ​សន្និសីទ​បរិស្ថាន​ក្រុងប៉ារីស​ឆ្នាំ ២០១៥​។​

​សម្រាប់​សរសរ​ស្តម្ភ​ទីមួយ​នៃ​តម្លាភាព មានតែ​ប្រទេស​ចំនួន ២៤ ប៉ុណ្ណោះ ពោលគឺ​តិចជាង​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​បួន ដែល​បានទទួល​ពិន្ទុ ៦០ លើ ១០០ នៅ​លើស​ន្ទ​ស្សន៍​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា (OBI)​។ ចំណុច​នេះ មានន័យថា​មាន​ប្រទេស​តែមួយ​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រទេស​ចំនួន​បួន ដែល​ផ្តល់ជូន​ពលរដ្ឋ​នូវ​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​តាមដាន​ការប្រើប្រាស់​ថវិកា​សាធារណៈ​ដោយ​រដ្ឋាភិបាល​។ គួរ​ឲ្យ​បារម្ភ ៧៨ ប្រទេស​ដែល​ផ្តល់ព័ត៌មាន​ថវិកា​មិន​គ្រប់គ្រាន់​ជូន​ពលរដ្ឋ​ខ្លួន គឺជា​ប្រទេស​ដែលមាន ៦៨​ភាគរយ នៃ​ចំនួន​ប្រជាជន​ពិភពលោក​។ ប្រទេស​ចំនួន ១៨ ក្នុងចំណោម​ប្រទេស​ទាំងនេះ ផ្តល់ព័ត៌មាន​ថវិកា​តិចតួច ឬ មិន​ផ្តល់ព័ត៌មាន​ថវិកា​ជូន​ពលរដ្ឋ​ខ្លួន​។​

​ការសិក្សា​នេះ​រកឃើញថា​តម្លាភាព​ថវិកា​ជាទូទៅ​កំពុងតែ​ប្រសើរឡើង ។ នេះ​ជា​របកគំហើញ​មួយ​ដែលមាន​សង្គតិភាព​ជាមួយ​របាយការណ៍​លើក​មុន​។ ពិន្ទុ OBI ជា​មធ្យម បាន​កើន​ឡើងដល់ ៤៥​។ វឌ្ឍនភាព​មាន​លក្ខណៈ​រឹងប៉ឹង​ដោយឡែក​ក្នុងចំណោម​ប្រទេស​និង​តំបន់​មួយចំនួន ដែល​កាលពីមុន​មិនសូវមាន​តម្លាភាព រួមមាន​សាធារណរដ្ឋ​គឺរ​ហ្គី​ស (​ពិន្ទុ OBI របស់​ប្រទេស​នេះ​បាន​កើនឡើង​ជិត​បី​ដង​) ទុយ​នី​ស៊ី (​ពិន្ទុ OBI របស់​ប្រទេស​នេះ​បាន​កើនឡើង​ជិត​បួន​ដង​) និង បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​អាហ្វ្រិក​ខាងលិច​។​

​បន្ថែម​លើក​ង្វះ​តម្លាភាព គឺ​កង្វះ​ដូចគ្នា​នៃ​ឱកាស​សម្រាប់​ឲ្យ​មានការ​ចូលរួម​និង​ការត្រួតពិនិត្យ​ជា​សាធារណៈ​។ ដោយមាន​ពិន្ទុ ៦០ ឬ​តិចជាង លើ​ផ្នែក​នេះ​នៃ​ការអង្កេត ៩៥ ប្រទេស​ក្នុងចំណោម ១០២ ប្រទេស មិន​ផ្តល់ឱកាស​សម្រាប់​ការចូលរួម​ជា​សាធារណៈ​។ លើសពីនេះ អង្កេត​នេះ​រកឃើញថា​ការស្រាវជ្រាវ​ផ្នែក​នីតិកម្ម សមត្ថភាព​វិភាគ និង ប្រព័ន្ធ​ធានា​គុណភាព​នៅតាម​បណ្តា​ស្ថាប័ន​សវនកម្ម​ជាតិ​មាន​លក្ខណៈ​ខ្វះខាត​។ ប្រការនេះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​លទ្ធភាព​របស់​ស្ថាប័ន​ត្រួតពិនិត្យ​ក្នុងការ​បំពេញ​មុខងារ​ជា អ្នកត្រួតពិនិត្យ​ថវិកា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​កម្ពុជា​ទទួលបាន ៨ ពិន្ទុ​លើ​ឱកាស​ដែល​រដ្ឋាភិបាល​ផ្តល់​សម្រាប់​ការចូលរួម​ជា​សាធារណៈ​នៅក្នុង​កិច្ចដំណើរការ​ថវិកា​។ ចំពោះ​ភាពខ្លាំង​នៃ​ស្ថាប័ន​ត្រួតពិនិត្យ​ផ្លូវការ​របស់​កម្ពុជា ពិន្ទុ​សម្រាប់​ស្ថាប័ន​នីតិកម្ម​គឺ ៤៣ ហើយ​ពិន្ទុ​សម្រាប់​ស្ថាប័ន​សវនកម្ម​គឺ ៥៨​។ ពិន្ទុ​ទាំងនេះ​អាច​ត្រូវបាន​កែលម្អ ប្រសិនបើ​រាជរដ្ឋាភិបាល​ផ្តល់ឱកាស​ឲ្យ​សាធារណជន​បាន​ចូលរួម​នៅ​ថ្នាក់ជាតិ​។ ឧទាហរណ៍ រាជរដ្ឋាភិបាល​អាច​អនុញ្ញាត​ឲ្យ​សាធារណជន​ផ្តល់​សក្ខីកម្ម​នៅក្នុង​សវនាការ​នៃ​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត ឬ ពិភាក្សា​ថវិកា​នៅ​កម្រិត​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឬ រដ្ឋសភា មុនពេល​ជជែក​ពិភាក្សា​ពេញលេញ​របស់​រដ្ឋសភា​លើ​សេចក្តីព្រាងច្បាប់​ថវិកា​។​

​បើ​ដាក់បញ្ចូល​គ្នា​នូវ​សរសរ​ស្តម្ភ​ទាំងបី មានតែ​បួន​ប្រទេស​ប៉ុណ្ណោះ ពោលគឺ​ប្រេ​ស៊ី​ល ណ័​រ​វ៉េ អាហ្វ្រិក​ខាងត្បូង និង សហរដ្ឋអាមេរិក ដែល​ផ្តល់​តម្លាភាព​ថវិកា​គ្រប់គ្រាន់ បង្កើត​ឱកាស​សម្រាប់​ការចូលរួម​ជា​សាធារណៈ និង មាន​ស្ថាប័ន​ត្រួតពិនិត្យ​ផ្លូវការ​គ្រប់គ្រាន់​។​

​ផ្ទុយទៅវិញ អង្កេត​នេះ​រកឃើញថា ៣២ ប្រទេស​មាន​លក្ខណៈ​ខ្វះខាត​លើសរ​សរ​ស្តម្ភ​ទាំងបី​នៃ​គណនេយ្យភាព​។ ប្រទេស​ទាំងនេះ រួមមាន​ប្រទេស​មួយចំនួន​ដែល​បាន​ផ្តល់ព័ត៌មាន​ថវិកា​តិចតួច ឬ មិនបាន​ផ្តល់ព័ត៌មាន​ថវិកា​តែម្តងៈ អាល់​ហ្សេ​រី បូ​លី​វី កម្ពុជា ចិន ហ្គី​ណេ​អេក្វាទ័រ ហ្វី​ជី អ៊ីរ៉ាក់ មី​យ៉ាន់​ម៉ារ កាតា និង អា​រ៉ា​ប៊ី​សា​អូ​ឌី​។​

“​សាធារណជន​ត្រូវការ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​ថវិកា និង​ឱកាស​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ដំណើរ​ថវិកា​ទាំងមូល​។ គួបផ្សំ​ជាមួយ​ការត្រួតពិនិត្យ​ដោយ​ស្ថាប័ន​នីតិបញ្ញត្តិ និង ស្ថាប័ន​សវនកម្ម ប្រការនេះ​រួមចំណែក​ដល់​ការប្រើប្រាស់​ថវិកា​សាធារណៈ កាន់តែ​ប្រកបដោយ​គណនេយ្យភាព​”​។ លោក​វ៉​រ៉ិ​ន ក្រា​ហ្វ​ឈិ​ក (Warren Krafchik) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ភាពជា​ដៃគូ​ថវិកា​អន្តរជាតិ បាន​មានប្រសាសន៍​។ “​ភស្តុតាង​កាន់តែច្រើន បង្ហាញថា​តុល្យភាព​អំណាច​ផ្នែក​ថវិកា សម្រេចបាន​លទ្ធផល​ប្រសើរ​ជាង​មុន ជូន​ប្រជាជន ជាពិសេស ប្រជាជន​ដែល​ក្រីក្រ ឬ​ងាយ​រងគ្រោះ​។​”

​មធ្យោបាយ និង​យន្តការ​សម្រាប់​បង្កើត​សរសរ​ស្តម្ភ​គណនេយ្យភាព​ថវិកា​ទាំងនេះ គឺមាន​រួចស្រេច​ទៅហើយ​។ ជា​ចុងក្រោយ ការជំរុញ​តម្លាភាព ការចូលរួម និង​ការត្រួតពិនិត្យ ស្ទើរតែ​គ្រប់ពេល​ទាំងអស់ គឺ​ផ្អែកលើ​ឆន្ទៈ​នយោបាយ​។​

“​ការ​គម្រាមកំហែង​ជា​សក្តានុពល ដែលថា​ប្រទេស​កម្ពុជា​ខ្វះ​ប្រព័ន្ធ​គណនេយ្យភាព​ដ៏​រឹងមាំ ដែល​ផ្តោតលើ​សមត្ថភាព​របស់​យើង​ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍ គឺជា​កង្វល់​ដ៏​ធំ​មួយ​” ប្រសាសន៍​របស់​បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​។ “​រាជ រដ្ឋាភិបាល​គប្បី​អនុវត្ត​ជំហាន​ខាងក្រោម ដើម្បី​ឈានទៅ​ការកែលម្អ​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស  ១) បង្កើន​ចំនួន​និង​ភាព​ពេញលេញ​នៃ​ឯកសារ​ថវិកា​ដែល​ត្រូវ​ផ្សព្វផ្សាយ​, ២) បង្កើន​ការចូលរួម​របស់​សាធារណជន​ក្នុង​កិច្ចដំណើរការ​ថវិកា​នៅ​ថ្នាក់ជាតិ​, ៣) ផ្តល់ជូន​ស្ថាប័ន​នីតិបញ្ញត្តិ​នូវ​លទ្ធភាព​កាន់តែ​ប្រសើរឡើង​ក្នុងការ​ទទួលបាន​សម​ត្ថ​ភាព​ស្រាវជ្រាវ​និង​វិភាគ​។ ការកែលម្អ​នឹង​កើតមានឡើង លុះត្រា​ណា​តែ​រាជរដ្ឋាភិបាល​តាំងចិត្ត​ធ្វើ​”៕​

​របាយការណ៍​សកល ចាត់ថ្នាក់​ប្រទេស​កម្ពុ​ជាមាន​ពិន្ទុ​ទាប​ជាងគេ ក្នុងចំណោម ៣២ ប្រទេស លើ​តម្លាភាព​ថវិកា

​របាយការណ៍​សកល ចាត់ថ្នាក់​ប្រទេស​កម្ពុ​ជាមាន​ពិន្ទុ​ទាប​ជាងគេ ក្នុងចំណោម ៣២ ប្រទេស លើ​តម្លាភាព​ថវិកា