ម្ចាស់វង់ភ្លេងពីរនាក់ ឪពុកកូន នៅស្រុកកោះធំ ត្រូវបានក្រុមក្មេង ស្ទាវវាយទ្រោមខ្លួន

កណ្តាល៖ ម្ចាស់វង់ភ្លេងពីរនាក់ ឪពុកកូន ត្រូវបានក្រុមក្មេង ស្ទាវវាយទ្រោមខ្លួន ខណៈដែលពួកគេខឹង សម្បារមិនព្រមបន្តលេង៥បទ ទៀតតាមការស្នើសុំ ដែលករណីនេះកើតឡើង នៅម៉ោង២២៖៤០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយមកម្ចាស់ដើមការបីនាក់ឪពុកកូន ក្នុងនោះមានកូនកម្លោះផងនោះ ត្រូវបានឃាត់ខ្លួនដោយ ចោទថាពាក់ព័ន្ធ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីហិង្សានេះ កើតឡើងនៅផ្ទះឈ្មោះ ឡោ ផាត ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាផ្ទះការ ហើយជនរងគ្រោះ ពីរនាក់ឪពុកកូនម្ចាស់វង់ភ្លេង ត្រូវបានបញ្ជូន មកព្យាបាលភ្លាមៗនៅភ្នំពេញ។

យោងតាមរបាយការណ៍ របស់នគរបាលបន្ទាយដែក បានឲ្យដឹងថា នៅថ្ងៃយប់ថ្ងៃទី១៥ ខែវិច្ឆិកា លោក ឡោ ផាត បានរៀបអាពាហ៍ពិពាហ៍កូនប្រុស បង្កើតរបស់ខ្លួន ដោយបានជួលវង់តន្ត្រី របស់លោក លី ម៉េង មកប្រគុំនិងរាំ លេងកំសាន្ត រហូតដល់ម៉ោង២២និង៤០នាទី ម្ចាស់អកកេះក៍ប្រាប់ទៅ ម្ចាស់ដើមការថា ភ្លេងឈប់លេងហើយ និងសុំលុយថ្លៃជួល។

របាយការណ៍ដដែលបានបន្តទៀតថា ពេលនោះម្ចាស់ដើមការ និងភ្ញៀវមកចូលរួម សំណូពរម្ចាស់ភ្លេង ឲ្យលេងចំនួន៥បទ ទៀតតែម្ចាស់ភ្លេងមិនព្រម ដោយនិយាយថា បើចង់ឲ្យលេងទៀតទាល់តែថែមលុយ ឮដូចនេះម្ចាស់ដើមការ និងភ្ញៀវមកចូលរួម ក៍បានស្រែកហ៊ោ និងឌឺដងឲ្យម្ចាស់ភ្លេង ពេលនោះម្ចាស់ ភ្លេងខឹងក៍ដកអាវុធ កា៥៤បាញ់ឡើង ទៅលើចំនួន២គ្រាប់ ផ្ទុះតែ១គ្រាប់ ពេលនោះកូនម្ចាស់ដើមការ ក៍ស្ទុះទៅចាប់កដៃជាប់ និងដកហូតអាវុធ យកមកប្រគល់ឲ្យកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ។

មន្រ្តីនគរបាលបានបន្តទៀតថា  ភ្លាមនោះម្ចាស់ភ្លេង ក៍បានដើរចេញពីរោងការ រួចក៍ត្រូវក្រុមក្មេងស្ទាវ ព្រួតវាយបណ្តាលឲ្យរងរបួស បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ ក៏បានបញ្ជាក់ទៀតថា ក្រោយហេតុការណ៍នេះបន្តិច កម្លាំងសមត្ថកិច្ច ក៏បានឡោមព័ទ្ធផ្ទះម្ចាស់ដើមការ ហើយភ្លាមៗនោះម្ចាស់ដើមការ មិនហ៊ានចេញក្រៅនោះទេ ព្រោះយប់អាធ្រាត្រទៅហើយ បូករួមនិងមានការភ័យខ្លាចផង តែទីបំផុតសមាជិកគ្រួសារបីនាក់ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួន ទី១.គឺលោក ឡោ ផាត ជាឪពុក ទី២.លោក ផាត គន្ធី អាយុ៣៤ឆ្នាំ ជាកូន ត្រូវជាមន្រ្តីនគរបាល ឃុំបន្ទាយដែក និងទី៣.លោក ផាត សុគា អាយុ២១ឆ្នាំ ជាកូនកម្លោះ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋ នៅក្នុងហេតុការបានឲ្យដឹងថា បីនាក់ឪពុកកូននេះ មិនពាក់ព័ន្ធនិងអំពើហិង្សា នោះទេ គឺជនរងគ្រោះទំាងពីរនាក់ឪពុកកូន ត្រូវបានក្រុមក្មេងស្ទាវ វាយនៅក្រៅវង់ភ្លេង និងនៅក្រៅ ផ្ទះរបស់ ម្ចាស់ដើមការ ហើយកូនម្ចាស់ផ្ទះគ្រាន់តែ ដកហូតកំាភ្លើងទុក រួចប្រគល់ឲ្យនគរបាល មិនបានវាយតប់ ទៅលើជនរងគ្រោះនោះទេ៕

ម្ចាស់វង់ភ្លេងពីរនាក់ ឪពុកកូន នៅស្រុកកោះធំ ត្រូវបានក្រុមក្មេង ស្ទាវវាយទ្រោមខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត