រដ្ឋបាល​ព្រៃឈើ​លក់​ទីតាំង​ទំហំ​ជាង​កន្លះ​ហិ​កតា​ដូច​បោះចោល សង្ស័យ​បង្កប់​ដោយ​អំពើ​ពុក​រលួយ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ក្រុម​នៅ​រាជធានី​ភ្នំពេញ មុន​នេះ​បន្តិច​បាន​ប្រាប់​កោះសន្តិភាព​រំលឹក​ឡើង​វិញ​ពី​ការ​សោក​​ស្តាយស្រណោះ​អាឡោះអាល័យ​នូវ​ការ​លក់​ទីតាំង​មួយ​កន្លែង​នៅ​ខណ្ឌចំការមន​ដូច​បោះចោល ។

មន្ត្រី​ទាំងនោះ ពេល​បាន​ជួបជុំ​គ្នា​បាន​និយាយ​ថា ទីតាំង «​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប​» ដែល​ស្ថិត​នៅ​តាម​ដងផ្លូវ​លេខ​១៩៩ ជិត​សាលារៀន​ទួល​ស្វាយព្រៃ ក្នុង​ខណ្ឌចំការមន មាន​ទំហំ​ប្រមាណ​ជាង​កន្លះ​ហិ​កតា ឬ​ជាង​៥.០០០​ម៉ែត្រការ៉េ​។

មន្ត្រី​និយាយ​ថា គេ​លក់​ផុយ​ណាស់ បាន​ថ្លៃ​ប៉ុន្មាន​គ្មាន​មេ​ណា​និយាយ​ទេ ខ្លះ​ថា​លក់​បាន​ជាង​៥០​ម៉ឺន​ដុល្លារ ខ្លះ​ថា បាន​ជាង​១​លាន​ដុល្លារ ។ ក្រោយ​ពេល​លក់ ក៏​បាន​ទៅ​បង្កើត​ទីស្នាក់ការ​មួយ​នៅ​ជិត​គ្នា​ដែរ ជា​ស្នាក់​ការ​តូច​មួយ​ប្រៀប​ដូច​លក់​ឆ្នាំងខ្ទះ​ត្នោត​ទៅ​ទិញ​ថ្លាង​ដី ។

ប្រភព​នានា​និយាយ​ថា ម្ចាស់​ថ្មី​បាន​លក់​ដី​នេះ​បន្ត​បាន​តម្លៃ​ជាង​១០​លាន​ដុល្លារ កំពុង​ធ្វើ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ក្រុម​សម្តែង​ការ​សោកស្តាយ ...​ខ្លះ​ថា ស្ទើរ​ក្អួត​ឈាម ដែល​មេ​ៗ​ធុន​អន់​ប្រញាប់​លក់​ពេក ។

ប្រភព​ខ្លះ​និយាយ​ថា ការ​លក់ដូរ​ទីតាំង​ធំ​មួយ​នេះ នៅ​កណ្តាល​ក្រុងភ្នំពេញ បាន​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​គួរ​ឱ្យ​កត់សម្គាល់ ។

ព័ត៌មាន​ពិស្តារ​នឹង​ចេញផ្សាយ​នៅ​ទំព័រ​សារព័ត៌មាន​កោះសន្តិភាព​នៅ​ពេល​ក្រោយ ។