ឥណ្ឌូ​ណេ​ស៊ី​នឹង​ប្រើប្រាស់​ប្រាក់​យន់​ដោះ​ដូរ​ពាណិជ្ជកម្ម ជាមួយ​ចិន​ចាប់ពី​ឆ្នាំ​2016

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ តាម​មន្ត្រី​ក្រុមប្រឹក្សា​ផែនការអភិវឌ្ឍន៍​ជាតិ​ឱ្យ​ដឹង​ថា ឥណ្ឌូ​ណេ​ស៊ី​នឹង​ប្រើប្រាស់​ប្រាក់​យន់​ចិន​ជំនួស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ដោយ​ប្រើប្រាស់​ចាប់ពី​ឆ្នាំ​ក្រោយ​នេះ​តទៅ ដើម្បី​ជួយ​សន្សំ​សំចៃ​រូបិយប័ណ្ណ​បរទេស​ដែល​បម្រុង​ទុក និង​កាត់​បន្ថយ​ឯករាជ្យ​ភាព​នៃ​ប្រាក់​ដុល្លារ​ផង​ដែរ។

អនុប្រធាន​ផ្នែក​សម្របសម្រួល​ហិរញ្ញវត្ថុ និង​ម៉ាក្រូសេដ្ឋកិច្ច​នៃ​ក្រុមប្រឹក្សា​ផែនការអភិវឌ្ឍន៍​ជាតិ លោក Bobby Hamzar Rafinus ថ្លែង​ថា ៖ «​ការ​ចុះ​កិច្ចព្រមព្រៀង​ប្រើប្រាស់​ប្រាក់​យន់ និង​ប្រាក់​រូ​ពៀរ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ ជា​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​រៀបចំ​ដោះ​ដូរ​រូបិយប័ណ្ណ​ទ្វេភាគី (BCSA) កាលពី​ថ្ងៃ​ទី​១ តុលា ២០១៣» ។

កិច្ចព្រមព្រៀង​នេះ​ចុះហត្ថលេខា​ដោយ​អគ្គទេសាភិបាល​ធនាគារ​ឥណ្ឌូ​ណេ​ស៊ី (Bank Indonesia) លោក Agus Martowardojo និង​អគ្គទេសាភិបាល​ធនាគារ​ប្រជាជន​ចិន លោក Zhou  Xiaochuan ក្នុង​ទំហំ​ទឹកប្រាក់​១០០​ប៊ី​លាន​យន់ ដែល​មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ ហើយ​អាច​បើក​ឲ្យ​ពន្យារ ឬ​បន្ត​អាជ្ញា​យុ​កាល​បាន ។

លោក Bobby Hamzar Rafinus បាន​ប្រាប់ Kontan.co.id កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​ហ្សា​រកា​តា​ថា ៖ «​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ឥណ្ឌូ​ណេ​ស៊ី​អាច​ប្រើប្រាស់​រូបិយប័ណ្ណ​ផ្សេង​ៗ​ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម ជំនួស​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។ ទោះជា​យ៉ាងណា ប្រតិបត្តិការ​នេះ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​បណ្តា​ក្រុមហ៊ុន និង​ធនាគារ​របស់​ប្រទេស​ទាំង​ពីរ​» ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រតិបត្តិ​នូវ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​ពឹងផ្អែក​លើ​ការ​ធ្វើ​ឲ្យ​ទាន់សម័យ​នៃ​រូបិយប័ណ្ណ​សាកលលោក​ផង​ដែរ​។ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ប្រតិបត្តិការ​នៃ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​នឹង​បង្កើត​ច្បាប់​មួយ​ស្តី​ពី​ទម្រង់​បច្ចេកទេស​នៃប្រតិបត្តិ​កិច្ចព្រមព្រៀង ។

ម្យ៉ាងទៀត កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ក្នុង​ខែកញ្ញា តាម​រយៈ​កិច្ចព្រមព្រៀង​ឥណទាន ដែល​មាន​ទំហំ​ទឹកប្រាក់​៣​ប៊ី​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​ចិន ព្រមទាំង​ធនាគារ Bank Mandiri, ធនាគារ Bank Negara Indonesia (BNI) និង​ធនាគារ Bank Raykat Indonesia (BRI) ។

ឥណទាន​នេះ​អាច​នឹង​ចាយវាយ​ក្នុងអំឡុងពេល​១០​ឆ្នាំ ហើយ​៣០%​នៃ​ឥណទាន​នឹង​ត្រូវ​ចំណាយ​ជា​សាច់ប្រាក់​យន់​ចិន ។

អនុប្រធាន​ការិយាល័យ​សម្របសម្រួល​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម លោក Edy Putra Irawady បាន​ពន្យល់​ថា ៖ «​ការ​ជ្រក​ក្រោម​ស្លាក​កិច្ចព្រមព្រៀង BCSA នេះ បណ្តា​អ្នក​នាំ​ចូល​របស់​ឥណ្ឌូ​ណេ​ស៊ី​អាច​បង់ថ្លៃ​ទំនិញ​ឲ្យ​ភាគី​ចិន​ជា​ប្រាក់​រូ​ពៀរ ជំនួស​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន ហើយ​អ្នក​នាំ​ចូល​របស់​ចិន ក៏​អាច​ទូទាត់​ថ្លៃ​ទំនិញ​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រាក់​យន់​របស់​ចិន​បាន​ផង​ដែរ​» ។

ទោះជា​យ៉ាងណា បើ​តាម​លោក Edy Putra Irawady ឱ្យ​ដឹង​ថា ៖ «​ការ​ចរចា​ស្តី​ពី​គោលការណ៍​នេះ​ត្រូវ​បាន​រាប់​បញ្ចូល​លើ​ការ​ពង្រីក ឬ​បន្ត​អាជ្ញា​យុ​កាលដែល​មិន​ទាន់​បាន​អនុម័ត​» ។

រដ្ឋមន្ត្រី​សម្របសម្រួល​សេដ្ឋកិច្ច លោក Darmin Nasution ក៏​មាន​ក្តី​រំពឹង​លើ​វិធាន​ការណ៍​នេះ​ដែរ​ថា ៖ «​អាច​នឹង​បើក​ប្រតិបត្តិការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ វា​នឹង​ផ្តល់​នូវ​គុណប្រយោជន៍​ដល់​អ្នក​នាំ​ចេញ​ឥណ្ឌូ​ណេ​ស៊ី ។ យើង​កំពុងធ្វើការ​ផ្លាស់​ប្តូរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​ថែម​ទៀត ដោយ​បញ្ចូល​ប្រាក់​យន់​ចិន និង​ប្រាក់​រូ​ពៀរ​ឥណ្ឌូ​ណេ​ស៊ី​ទៅ​ក្នុង​ការងារ​ពាណិជ្ជកម្ម ជំនួស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​» ។

ចំណែក​សេដ្ឋវិទូ​របស់ Samuel Asset Manajemen លោក Lana Soelistyaningsih បាន​លើក​ឡើង​ពី​គោលការណ៍​នេះ​ថា ៖ «​នឹង​មាន​ភាព​វិជ្ជមាន​ចំពោះ​រូបិយប័ណ្ណ​បរទេស​បម្រុង​របស់​ឥណ្ឌូ​ណេ​ស៊ី ស្រប​ពេល​ការ​នាំ​ចូល​របស់​ឥណ្ឌូ​ណេ​ស៊ី​ពី​ទីផ្សារ​ចិន មាន​ចំនួន​២៣%​សម្រាប់​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ទាំងអស់​» ។

ទោះជា​យ៉ាងណា ទិដ្ឋភាព​អវិជ្ជមាន​ចាំបាច់​ត្រូវ​មានការ​ប៉ាន់​ប្រមាណ​មើល​ទុកជា​មុន​ផង​ដែរ ខណៈ​ប្រជាជាតិ​មួយ​នេះ​ជួប​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ។ ប្រសិនជា​តម្រូវការ​ប្រាក់​យន់​កើនឡើង​នោះ តម្លៃ​នៃ​ការ​ប្រើប្រាស់​នឹង​មាន​កម្រិត​ខ្ពស់​ជាង​ប្រាក់​ដុល្លារ ។

សេដ្ឋវិទូ​រូប​នេះ​បាន​ពន្យល់​ថា ការ​ស្វែងរក​ប្រាក់​យន់ គឺ​មាន​កម្រិត​នៅឡើយ មិន​ដូច​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ដែល​សម្បូរ ឬ​មាន​ច្រើន​នោះ​ទេ ៕​