វេទិកា​ផ្សព្វផ្សាយនិង​ពិគ្រោះយោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​

ខេត្ត​ស្វាយរៀង ៖ ​នៅ​ព្រឹក​ថ្ងៃទី១៧ វិច្ឆិកា នេះ ​នៅ​សាល​​ប្រជុំ​​​ឆ្នេរ​ទន្លេ​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយរៀង បាន​​រៀបចំ​​វេទិកា​​ផ្សព្វ​ផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត ជា​មួយ​ក្រុម​ប្រឹក្សា​​ក្រុង​/ស្រុក ក្រុម​ប្រឹក្សា​​សង្កាត់​/ឃុំ ​និង​ប្រជា​ពល​រដ្ឋ​ ​អង្គការ​សង្គមស៊ីវិល ​ព្រម​ទាំងវិស័យ​ឯក​ជន​ សរុប​ចំនួន​៣០០នាក់ ។​

អញ្ជើញ​​ជា​គណៈអធិបតី​ រួម​មាន​​ លោក គឹម ធា ប្រធានក្រុម​ប្រឹក្សា​​ខេត្ត លោក​ ជៀង អំ អភិ​បាល​ខេត្ត ​ព្រម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ អភិ​បាល​រង​ខេត្ត មន្ត្រីរាជ​ការ​ជា​ច្រើន​រូប ។

លោក គឹម ធា ​បាន​មាន​ប្រសាសន៍​​ថា វេទិការបស់​ក្រុម​ប្រឹក្សា​ខេត្ត ​គឺ​ជា​នីតិវិធី និង​ជា​ឧបករណ៍​មួយ​ដើម្បី​បង្កើន​​វប្បធម៌​​ក្នុង​ការ​ពិភាក្សា​គ្នា​រវាង​ក្រុម​ប្រឹក្សា​​ក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល និង​អ្នក​ពាក់​ព័ន្ធ​នានា ជា​មួយ​ក្រុម​ប្រឹក្សា​ខេត្ត​ សម្រាប់​លើក​កម្ពស់​គណនេយ្យ​ភាព​ តម្លាភាព និង​សមធម៌ ក្នុង​​ដំណើរ​ការ​នៃ​អភិ​បាល​កិច្ច​​របស់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​មូល​ដ្ឋាន​តាមរយៈ ៖

១-ផ្តល់​ព័ត៌មាន​ដល់​ក្រុម​ប្រឹក្សា​​ក្រុង/​ស្រុក ឃុំ/សង្កាត់ ប្រជា​ពលរដ្ឋ និង​អ្នក​ពាក់​ព័ន្ធ​នូវសមិទ្ធផល​​ដែល​រដ្ឋ​បាល​ខេត្ត​​សម្រេច​​កន្លងមក និង​បញ្ហា​ប្រឈម​នានា ។ ២-ផ្តល់​ព័ត៌មាន​​អំពី​អាទិភាព​នៃ​ការ​​​​ងារ​អភិ​វឌ្ឍ​ន៍​របស់​រដ្ឋ​បាល​សម្រាប់​ឆ្នាំ​​ខាង​មុខ ។ ​៣-​ផ្តល់​ឱកាស​ដល់​អ្នក​ចូល​រួម និង​​ប្រជា​ពលរដ្ឋ​ ពិភាក្សា​​លើ​កិច្ច​ការ​របស់​រដ្ឋ​បាល​ខេត្ត ។ និង​៤-​ទទួល​យក​អនុសាសន៍​សំណូម​ពរ​របស់​អ្នក​​ចូលរួម ​ប្រជា​​ពលរដ្ឋ​ ដើម្បី​ពិភាក្សា​ និង​ធ្វើ​ការ​​ឆ្លើយ​តបប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕