G-20 មិន​បាន​ធ្វើ​តាម​ការ​ប្តេជ្ញា​ចិត្ត​ប្រឆាំង​អំពើ​ពុក​រលួយ ខណៈ​ការ​លាងលុយកខ្វក់​កើន​ដល់​2​ទ្រី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ

ប្រទេស ISTANBUl ៖ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មហាអំណាច​នៅ​លើ​ពិភពលោក​ខក​ខានមិនបាន​ផ្តល់​ឲ្យ​តាម​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន ក្នុង​ការ​យកចិត្តទុកដាក់​នូវ​ចន្លោះ​ប្រហោង​នៃ​សាជីវកម្ម​ដែល​នាំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​លាក់កំបាំង​យ៉ាង​ងាយ ក្នុង​ជំងឺ​មិន​រីក​លូតលាស់​របស់​បណ្តា​សហគ្រាស​អាជីវកម្ម​ទាំងឡាយ ។

ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​មួយ​ថា ទឹកប្រាក់​ចំនួន​២​ទ្រី​លាន​ដុល្លារ គឺជា​ការ​លាងលុយកខ្វក់​ក្នុង​មួយ​ឆ្នាំ​ៗ ។ ម្យ៉ាងទៀត ក្រុម​ប្រទេស​សេដ្ឋកិច្ច​ឧស្សាហកម្ម​កំពូល​ទាំង​២០ (G-20) ចាំបាច់​ត្រូវ​តែ​លុប​បំបាត់​ឲ្យ​កាន់​ច្រើន​ឡើង​ថែម​ទៀត​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ស្របច្បាប់​ទាំងឡាយ​ដែល​លាក់កំបាំង​អំពើ​ពុក​រលួយ និង​ធ្វើ​ឲ្យ​វា​ដំណើរការ​ប្រក្រតី​ឡើង​វិញ ។

របាយការណ៍​នេះ​បាន​បញ្ចេញ​ក្នុង​រយៈពេល​យ៉ាង​ខ្លី​មុន​កិច្ចប្រជុំ​កំពូល G-20 នៅ​ប្រទេស​តួ​ក​គី ធ្វើ​ឡើង​មួយ​ឆ្នាំ​ក្រោយ​ការ​ប្រមែប្រមូល​ទិន្នន័យ​នៅ​ប្រទេស​អូស្ត្រាលី ស្រប​ពេល​ថ្នាក់ដឹកនាំ​ទាំងឡាយ​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តម្លាភាព ដើម្បី​ជួយ​ការពារ​នូវ​ការ​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​នានា ក្នុង​គោលបំណង​បំពាន​ច្បាប់ ។
ប៉ុន្តែ​អង្គការ​តម្លាភាព​លើក​ឡើង​ថា ក្នុង​ចំណោម​បណ្តា​ប្រទេស G-20 មាន​តែ​ចក្រភព​អង់គ្លេស​មួយ​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ការងារ​នេះ​យ៉ាង​សកម្ម ដើម្បី​រឹត​បន្តឹង​អំពើ​ពុក​រលួយ​លាក់កំបាំង​ក្នុង​សាច់ប្រាក់​របស់​ពួក​គេ ខណៈ​សហរដ្ឋអាមេរិក និង​ចិន ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ក៏​ស្ថិត​ក្នុង​ចំណោម​ប្រតិបត្តិ​ករ​ដ៏​អាក្រក់​ជាងគេ​បំផុត​ដែរ ។
អគ្គនាយក​គ្រប់គ្រង​អង្គការ​តម្លាភាព​អន្តរជាតិ លោក Cobus de Swardt មាន​ប្រសាសន៍​ថា ៖ «​បើ​ផ្អែក​តាម​ការ​ច្បិច​យក​រឿងអាស្រូវ​ពុក​រលួយ​ធំ​ៗ​មួយ​ចំនួន​ជា​ប្រវត្តិសាស្ត្រ ថ្មី​ៗ​នេះ លោក​អ្នក​នឹង​រក​ឃើញ​ក្រុមហ៊ុន​អាថ៌​កំបាំង​ដែល​ធ្លាប់​បង់ប្រាក់​សូកប៉ាន់ លាក់​បំបាំង​ការ​លួច​កឹ​ប​កេង​ប្រាក់ ឬ​ការ​ទិញ​អចលនទ្រព្យ​ប្រណីត​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស និង​ក្រុង​ញូ​វ​យ៉​ក ជាដើម​» ។
ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ​២០១៤ បណ្តា​ថ្នាក់ដឹកនាំ G-20 បាន​ប្តេជ្ញា​កាត់​បន្ថយ​អំពើ​ពុក​រលួយ ផ្លាស់​ប្តូរ​តារាង​ពន្ធ និង​លាងលុយកខ្វក់ តាម​រយៈ​គោលការណ៍​ភាព​ជា​ម្ចាស់ទ្រព្យ​សម្បត្តិ ដែល​អង្គការ​ខាងលើ​លើក​ឡើង​ថា គួរតែ​នាំ​មក​នូវ​ការ​រុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្របច្បាប់​ទាំងឡាយ​ដែល​អនុញ្ញាត​ឲ្យ​បណ្តា​ក្រុមហ៊ុន​គ្មាន​ឈ្មោះ ឬ​ផ្តល់​ទំនុកចិត្ត​លើ​ការ​ផ្ទេរ និង​លាក់បាំង​ប្រាក់​ដែល​លួច​បាន​ដោយសារ​អំពើ​ពុក​រលួយ ។
អង្គការ​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ចុះបញ្ជី​ជា​សាធារណៈ​នៅ​រដ្ឋបាល​ថ្នាក់​កណ្តាល ដើម្បី​ផ្ទុក​ព័ត៌មាន​ពី​គុណប្រយោជន៍​នៃ​ភាព​ជា​ម្ចាស់ និង​ដើម្បី​រឹត​បន្តឹង​ក្រុមហ៊ុន​សាជីវកម្ម​លើ​ការ​ធ្វេសប្រហែស​ក្នុង​ការ​ជួយ​ស្រោចស្រង់​អំពើ​ពុក​រលួយ ។
បច្ចុប្បន្ន​នេះ មាន​តែ​អង់គ្លេស និង​ឥណ្ឌា​ប៉ុណ្ណោះ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នានា​ធ្វើ​របាយការណ៍​ព័ត៌មាន​អំពី​ភាព​ជា​ម្ចាស់​ពិតប្រាកដ​លើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ខណៈ​ប្រេ​ស៊ី​ល និង​អាហ្វ្រិក​ខាងត្បូង​មិន​ទាន់​យល់​ស្រប​លើ​ខ្លឹមសារ​នេះ​នៅឡើយ ។
ក្នុង​បណ្តា​ប្រទេស​ចំនួន​៨ ដែល​អង្គការ​បាន​លើក​ឡើង​ថា ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ឈានមុខ​គេ ដូច​ជា ក្រុង​ញូ​វ​យ៉​ក តូ​ក្យូ សៀង​ហៃ និង​ស៊ី​ដ​នី គឺ​ធនាគារ​អាច​ប្រកប​ជំនួញ​បាន បើទុកជា​មិនដឹង​ពី​អត្តសញ្ញាណ​របស់​បុគ្គល​ពិតប្រាកដ​ដែល​នៅ​ពីក្រោយ​មូលនិធិ​នោះ​ក្តី ។
ម្យ៉ាងទៀត អង្គការ​ដដែល​នោះ​បន្ថែម​ថា អចលនទ្រព្យ​ដែល​មាន​តម្លៃ​រាប់​ប៊ី​លាន​ដុល្លារ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ និង​ញូ​វ​យ៉​ក មាន​ម្ចាស់​អាថ៌​កំបាំង ពីព្រោះ​ក្នុង​ចំណោម​ទីភ្នាក់ងារ​នៃ​បណ្តា​ប្រទេស G-20 មិន​តម្រូវ​ឲ្យ​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នកទិញ និង​លក់​ពិតប្រាកដ​ឡើយ ៕
    ​       ដោយ ៖ សុខ មាន