ស៊ី​រីនឹង​មិន​ចរចា​ពី​អធិបតេយ្យភាព​ខ្លួន​ទាំង​ជាមួយ​បណ្តា​មិត្ត ទាំង​ជាមួយ​ពួក​សត្រូវ

ប្រហែលជា​ការ​បញ្ចេញ​ប្រតិកម្ម​បន្ទាប់​ពី​ការ​ចរចា​នៅ​ទីក្រុង​វី​យែ​ន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ស៊ី​រី​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា អធិបតេយ្យភាព​របស់​ស៊ី​រី​ពុំ​អាច​ចរចា​បាន​ឡើយ​ទាំង​ជាមួយ​បណ្តា​មិត្ត ទាំង​ជាមួយ​ពួក​សត្រូវ ។

ការ​ចរចា​ទីក្រុង​វី​យែ​ន សម្រេច​បានជា​ពិសេស​កុង​សង់​ស៊ុ​ល​អន្តរជាតិ​មួយ​ស្តី​ពី​កាលបរិច្ឆេទ​សម្រាប់​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​នៅ​ស៊ី​រី ព្រមទាំង​ការ​រៀបចំ​បោះ​ឆ្នោត​១៨​ខែ​បន្ទាប់​ពី​នេះ ។

រដ្ឋមន្ត្រី​ព័ត៌មាន​ស៊ី​រី លោក OMRAN AL-ZOUBI ថ្លែង​ថា រដ្ឋាភិបាល​ស៊ី​រី​ត្រូវ​សិក្សា​ពី​កុង​សង់​ស៊ុ​ល​នៃ​ការ​ចរចា​ទីក្រុង​វី​យែ​ន​មុន​ពេល​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន ។ លោក​បន្ត​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ដោយ​លម្អិត ព្រោះ​នេះ​ជា​បញ្ហា​នយោបាយ​មួយ​ទាក់ទិន​នឹង​ប្រទេស ព្រមទាំង​ប្រជាជន​ស៊ី​រី ។ រដ្ឋាភិបាល​ស៊ី​រី​ចាត់​ទុក​ជា​និច្ច​ថា ដំណោះស្រាយ​នយោបាយ​មួយ​គឺ​ចាំបាច់​ដើម្បី​បញ្ចប់វិបត្តិ​នៅ​ស៊ី​រី ក៏​ប៉ុន្តែ​ដំណោះស្រាយ​បែប​នោះ​ត្រូវ​គោរព​ដល់​អធិបតេយ្យភាព​ជាតិ​របស់​ស៊ី​រី ពិសេស​ក្នុង​ការ​ជ្រើសរើស​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស និង​បណ្តា​មេដឹកនាំ ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​មកនេះ បណ្តា​ប្រទេស​មហាអំណាច និង​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​ព្រមព្រៀង​គ្នា​លើ​កាលបរិច្ឆេទ​សម្រាប់​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​នៅ​ស៊ី​រី ព្រមទាំង​ការ​រៀបចំ​បោះ​ឆ្នោត​១៨​ខែ ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​នេះ ក៏​ប៉ុន្តែ​ពុំ​សម្រេច​បានការ​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ឡើយ​៕