អ្នកគាំទ្រ CNRP ចាញ់​ស្ពឹក​មុខ​រឿង​លោក សម រង្ស៊ី អត់​ហ៊ាន​ចូល​ស្រុក

រាជធានី​ភ្នំពេញ​៖​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​ស្រុក​ខ្មែរ កាលពី​ម្សិលមិញ​ផ្ទុះ​រឿង​ល្បែងស៊ីសង​នយោបាយ គ្រា​ដែល​អ្នកគាំទ្រ​ម្ខាងៗ បាន​ភ្នាល់​គ្នា​រឿង លោក សម រង្ស៊ី ហ៊ាន​ចូល​ស្រុក​ឬ​មិន​ហ៊ាន​ចូល​ស្រុក​។  

​    ​ផ្តើម​ពី​អ្នកគាំទ្រ CNRP សំខាន់​អ្នកគាំទ្រ​លោក សម រង្ស៊ី បានចេញ​មុខមុន​គេ​ដោយ​ភ្នាល់​ថា លោក សម រង្ស៊ី នឹង​វិល​ត្រឡបមក​ស្រុក​វិញ​នៅ​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ជា​កំហិត ព្រោះ​ដើម្បី​បង្ហាញថា លោក​អត់​ខ្លាច​ការចាប់ខ្លួន​នោះទេ ព្រោះ​គាត់​ជា​អ្នកនយោបាយ​ដែល​ហ៊ាន​ប្រឈម​នឹង​គ្រោះថ្នាក់ ។ ម្យ៉ាងទៀត​មាន​អ្នកខ្លះ​ជួយ​អួតថា លោក សម រង្ស៊ី នឹង​ក្លាយជា​វរៈបុរស​សម្រាប់​ប្រទេស​កម្ពុជា ប្រសិនបើ​មានការ​ចាប់ខ្លួន​ប្រាកដ​មែន ។ ដូច្នេះ​គេ​យក​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មក​ភ្នាល់ ហើយ​ហ៊ាន​ភ្នាល់​១០​ស៊ី​តែមួយ​ប៉ុណ្ណោះ​( SIC )​។  

​    ​ចំណែក​ម្ខាង​ទៀត​បាន​អះអាងថា លោក សម រង្ស៊ី អត់​ហ៊ាន​ចូលមក​ស្រុក ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ​ទេ ។ អញ្ចឹង​គេ​ហ៊ាន​ភ្នាល់​ដាក់​ប៉ុន្មាន​ក៏​ដាក់​ដែរ​។  

​    ​ការ​ភ្នាល់​នយោបាយ​ខាងលើនេះ​បានចាប់ផ្តើម​តាំងពី​ម៉ោង​១២​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ហើយ​ចំនួន​អ្នក​ភ្នាល់​គឺ​ច្រើន​មែនទែន ដោយ​ខ្លះ​ភ្នាល់​ដាក់​ជា​លុយ ខ្លះទៀត​ភ្នាល់​ដាក់​ស្រា​បៀរ​និង​សាច់​ក្លែម តាម​ការស្រុះស្រួល​គ្នា ។  

​    ​យ៉ាងណាក៏ដោយ អ្នក​ភ្នាល់​ដែល​យក​ខាង​លោក សម រង្ស៊ី ហ៊ាន​ចូល​ស្រុក​គឺ​គេ​មាន​ទឹកមាត់​លេប​ច្រើនណាស់ ព្រោះ​គេ​ចាត់ទុក​លោក សម រង្ស៊ី ជា​វរជន ។ ដូច្នេះ​រឿង​អី​ដែល​លោក​ត្រូវ​ខ្លាច​ការចាប់ខ្លួន​នោះ​។ ប៉ុន្តែ​អ្នក​ភ្នាល់​ថា លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​នោះ​ហាក់ដូចជា​មិន​អន់​នោះដែរ ព្រោះ​គេ​អះអាងថា លោក សម រង្ស៊ី ជា​មនុស្ស​កំសាក​តាំងពី​យូរណាស់​មកហើយ ហើយ​ការធ្វើ​នយោបាយ​បែប​ក្អេងក្អាង​របស់លោក​នោះ​គឺ​គ្រាន់តែ​ជា​ឆាកល្ខោន​ដើម្បី​បោកប្រាស់​អ្នកគាំទ្រ​ប៉ុណ្ណោះ​។  

​    ​យ៉ាងណាក៏ដោយ​ម៉ោង​ជិត​៦​រសៀល ស្នូរ​ជួង​បាន​បន្លឺ​ឡើយ « លោក​ប្រធាន​អត់​ហ៊ាន​ចូល​ស្រុក​ទេ​! ទាន​! » ឮ​ខ្ទរ​ញ័រ​ពេញ​ផ្ទៃ​ប្រទេស​ហើយ​ធ្វើ​ឲ្យ​គ្រប់​ច្រកល្ហក​ឮ​កងរំពង​នូវ ពាក្យ​ឈ្នះ​និង​ចាញ់​រួមជាមួយ​សម្លេង​អឺងកង​ថា « លោក​ប្រធាន​ពិតជា​កំសាក​មែន និង​មិនគួរ​ឲ្យ​ជឿ​ទៀត​ទេ »​។  

​    ​ផ្តើម​ពី​នោះ​ទាំង​អ្នកឈ្នះ​និង​អ្នកចាញ់​ទូទាត់​គ្នា​យ៉ាង​សប្បាយ​តាមរយះ​ជួបជុំ ផឹកស្រា​បៀរ​និង​សាច់​ក្លែម​យ៉ាង​សប្បាយរីករាយ​រហូត​ឈានដល់​ដំណាក់កាល « អ្នកចាញ់​ក៏​អស់​លុយ , អ្នកឈ្នះ​ក៏​អស់​លុយ »..​ហើយ​អ្វីដែល​បានមក​វិញ គឺ​ស្រវឹង​ទាំងអស់គ្នា​។  

​    ​យ៉ាងណាក៏ដោយ ក្រោយៗ សុំ​កុំ​យក​ល្បែង​នយោបាយ​មក​ភ្នាល់ ព្រោះ​អ្នកនយោបាយ​មាន​ល្បិច​ច្រើនណាស់ ជួនកាល​សុទ្ធតែ​គ្នា​គេ ហើយ​ធ្វើជា​ឈ្លោះ​គ្នា ដើម្បី​កេង​យកចំណេញ​ប៉ុណ្ណោះ​៕ 

 

អ្នកគាំទ្រ CNRP ចាញ់​ស្ពឹក​មុខ​រឿង​លោក សម រង្ស៊ី អត់​ហ៊ាន​ចូល​ស្រុក